Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី ASPIRE-AT និងគម្រោងបង្កើនភាពធន់នឹងអាកាសធាតុក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា (CREA Project)

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី ASPIRE-AT និងគម្រោងបង្កើនភាពធន់នឹងអាកាសធាតុក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា (CREA Project)

 

នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និង លោក Frew Behabtu នាយកមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ប្រចាំនៅកម្ពុជា បានសហការដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី ASPIRE-AT និងគម្រោងបង្កើនភាពធន់នឹងអាកាសធាតុក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា (CREA Project) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កិច្ចប្រជុំ ដែលត្រូវបានចូលរួមដោយមន្ត្រី IFAD សហភាពអ៊ឺរ៉ុប (EU) គម្រោង CREA និង ASPIRE-AT សរុបចំនួន ៣០ នាក់ នេះ បានពិនិត្យ និងពិភាក្សាអំពីកិច្ចការជាច្រើន ដែលរួមមាន ៖ ១) វឌ្ឍនភាពក្នុងការអនុវត្តសកម្មភាព ដែលបានព្រមព្រៀងគ្នាកន្លងមក ២) លទ្ធផលសំខាន់ៗដែលសម្រេចបាននៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ ៣) ការដោះស្រាយបញ្ហាប្រឈម ដែលកើតពីវិបត្តិពាណិជ្ជកម្មសកល និង ៤) ការពន្លឿនការអនុវត្តសកម្មភាព ដើម្បីគាំទ្រសហគមន៍កសិកម្មទំនើប ។

គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងក្របខណ្ឌនៃការគ្រប់គ្រង និងអនុវត្តកម្មវិធី ASPIRE-AT និងគម្រោង CREA បាន និងកំពុងគាំទ្រ និងសហការគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម ដូចជាក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ កសិករ សហគមន៍កសិកម្ម ក្រុមហ៊ុនកសិកម្ម គ្រឹះស្ថានហិរញ្ញវត្ថុ ជាដើម ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៅក្នុងវិស័យ ដូចជាការផ្តល់ប្រាក់កម្ចីសម្រាប់ធ្វើដើមទុន ការផ្តល់បច្ចេកទេស ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធ ការចងក្រងកសិករជាក្រុម និងជាសហគមន៍កសិកម្ម ការដោះរបាំងបច្ចេកទេស ដែលរួមចំណែកបង្កើនផលិតភាព និងគុណភាពផលិតផលកសិកម្ម សំដៅបង្កើនការនាំចេញ ។

 

 

 

Leave a Reply

Your email address will not be published.