Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត កំពង់ចាម តាកែវ ស្វាយរៀង ត្បូងឃ្មុំ កំពង់ឆ្នាំង បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ និងខេត្តប៉ៃលិន

សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត កំពង់ចាម តាកែវ ស្វាយរៀង ត្បូងឃ្មុំ កំពង់ឆ្នាំង បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ និងខេត្តប៉ៃលិន

 

កម្មវិធី ASPIRE-AT ៖

——————-

សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត កំពង់ចាម តាកែវ ស្វាយរៀង ត្បូងឃ្មុំ កំពង់ឆ្នាំង បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ និងខេត្តប៉ៃលិន។

 

១).ខេត្តកំពត៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យចិញ្ចឹមមាន់ស្រែពីកសិករនាំមុខលោក វិញ វិច្ឆិកា ទៅសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៏ភូមិត្រពាំងឬស្សី នៅភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ដែលមានអ្នកចូលរួមសរុប ៥១ នាក់ ក្នុងនោះមានស្រ្តី ៤១ នាក់។ គោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធជាក់ស្តែងទៅដល់សមាជិកសហគមន៍កសិកម្ម នូវបច្ចេកទេសចិញ្ចឹមមាន់ស្រែធ្វើឱ្យបង្កើនប្រាក់ចំណូលរបស់កសិករនៅតាមមូលដ្ឋាន។

កម្មវិធីនេះ ផ្តោតទៅលើ៖

១-ការជ្រើសរើសពូជ (មានប្រភពច្បាស់លាស់ មាឌធំល្អ ជើងវែង គ្មានប្រវត្តិមានជំងឺ, រោមជិត មានកន្ទុយ)

២-ការរៀបចំទ្រុង គ្រប់គ្រង បរិស្ថានចិញ្ចឹមបានល្អ (មានខ្យល់ចេញចូល មានពន្លឺថ្ងៃ និងកំដៅថ្ងៃគ្រប់គ្រាន់)

៣-ការថែទាំ និងផ្តល់កំដៅកូនមាន់ (ផ្តល់វ៉ាក់សាំងតាមការណែនាំ៖ ១សប្តាហ៍ ២សប្តាហ៍ រហូតដល់ ៤៥ ថ្ងៃ ទំលាក់ប៉ារ៉ាសិត…។ល។)

៤-ចំណី (ក្រុមហ៊ុន បូកបញ្ចូលចំណីរួមផ្សំ)

៥-វ៉ាក់សាំង និងថ្នាំទំលាក់សត្វល្អិត និងប៉ារ៉ាសិត (ញ៉ូវកាស កំរ៉ូ អុត ផ្លូវដង្ហើម)

៦-អនាម័យ និងប្រព័ន្ធជីវសុវត្ថិភាព

៧-ជម្ងឺ និងការព្យាបាល (វិធីសាស្រ្តប្រើប្រាសថ្នាំ មូទីវិតាមីន និងអង់ទីប៊ីយូទិក…។ល។)

៨-រដូវកាលចិញ្ចឹម និងរដូវកាលកល់ ដើម្បីទទួលបានតម្លៃល្អ និងសិក្សាតម្រូវការទីផ្សារ។

 

២).ខេត្តកំពង់ចាម៖ បានរៀបចំការបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលពោតក្រហម ជូនដល់សហគមន៍កសិកម្មពង្រអភិវឌ្ឍន៍ នៅសាលាឃុំពង្រ ស្រុកកោះសូទិន ដែលមានអ្នកចូលរួមសរុប ៣៣ នាក់ ក្នុងនោះមានស្រ្តី ១៤ នាក់។ គោលបំណង៖ ដើម្បីបង្កើនចំណេះដឹងដល់សហគមន៍កសិកម្ម បង្កើនផលិតភាពពោត ប្រកបដោយសុវត្ថិភាព និងបង្កើនប្រាក់ចំណេញដល់កសិករដែលជាអ្នកផលិត។

ប្រធានបទមានដូចខាងក្រោម៖

១. ចំនុចសំខាន់ៗនៃដំណើរការផលិតកម្ម

២. ការប្រមូលផលពោត

៣. ការហាលសម្ងួត

៤. ការរក្សាទុក និង

៥. ការវិភាគសេដ្ឋកិច្ច។

ជាទីបញ្ចប់ ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មដែលបានចូលរួមបានយល់ដឹងបន្ថែមអំពីបច្ចេកទេសក្រោយការប្រមូលផល និងការគ្រប់គ្រងផលិតផលកសិកម្ម ដើម្បីយកទៅអនុវត្តបន្ត។

 

៣).ខេត្តតាកែវ៖ (១)បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំដុះបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មពន្លឺ នៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ដែលមានអ្នកចូលរួមសរុប ៥០ នាក់ ក្នុងនោះមានស្រ្តី ៣១ នាក់។ កម្មវិធីនេះមានគោលបំណងចែករំលែកចំណេះដឹងបច្ចេកទេស និងបទពិសោធជោគជ័យក្នុងការដាំដុះបន្លែរបស់កសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្ម ដើម្បីយកចំណេះដឹងនេះទៅពង្រីកអាជីវកម្មរៀងៗខ្លួន។ (២)ការបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់សហគមន៍កសិកម្មបៃតងក្រាំងលាវ នៅភូមិត្រពាំងអង្គ ឃុំក្រាំងលាវ ស្រុកបាទី ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១៩ នាក់។ ការបណ្តុះបណ្តាលរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពសមាជិកសហគមន៍កសិកម្ម ក្នុងការបង្កើនបរិមាណ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ឆ្លើយតបនឹងតម្រូវការទីផ្សារ។

 

៤).ខេត្តស្វាយរៀង៖ បានរៀបចំការបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់សហគមន៍កសិកម្មសាមគ្គីស្វាយធំ នៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ដែលមានអ្នកចូលរួមសរុប ២២ នាក់ ក្នុងនោះមានស្រ្តី​ ៨ នាក់។

ការបណ្ដុះបណ្ដាលមានប្រធានបទសំខាន់ៗដូចខាងក្រោម៖

១.បច្ចេកទេសផលិតកូនដំណាំ

២.បច្ចេកទេសដាំដុះ

៣.វិធីសាស្រ្តការពារដំណាំពីសត្វល្អិតបំផ្លាញ​ និងជំងឺផ្សេងៗ

៣.វិធីសាស្រ្តប្រមូលផលដំណាំបន្លែស្លឹក​ និងបន្លែយកផ្លែ

៤.បច្ចេកវិទ្យាក្រោយការប្រមូលផលបន្លែ។

មុននឹងចាប់ផ្តើមលោក រ័ត្ន ចក់ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ បានបញ្ជាក់អំពីគោលបំណងនៃការបណ្ដុះបណ្ដាលនេះ ដើម្បីឱ្យអ្នកចូលរួមយល់អំពីសារៈប្រយោជន៍ និងការគាំទ្រពីកម្មវិធី។ បន្ទាប់មកលោក ប្រាក់ សាន់ ជាគ្រូបង្គោលបានធ្វើបទបង្ហាញ ជាបន្តបន្ទាប់ និងបានពន្យល់បកស្រាយនូវរាល់ខ្លឹមសារមេរៀន ព្រមទាំងផ្តល់ឱកាសសួរ-ឆ្លើយចំពោះកសិករដែលមានចម្ងល់។

 

៥).ខេត្តត្បូងឃ្មុំ៖ បានរៀបចំការបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលពោតក្រហម ជូនដល់សហគមន៍កសិកម្មមង្គលបឹងជីសែន នៅភូមិស្វាយតំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ដែលមានអ្នកចូលរួមសរុប ១៧ នាក់ ក្នុងនោះមានស្រ្តី ៩ នាក់។

ការបណ្តុះបណ្តាលនេះមានគោលបំណង៖

– បង្កើនផលិតភាពពោត ប្រកបដោយគុណភាព សុវត្ថិភាពចំណីអាហារ និងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន

– ឆ្លើយតបស្ដង់ដាតម្រូវរបស់ទីផ្សារអន្តរជាតិ និង

– បង្កើនប្រាក់ចំណេញដល់អ្នកផលិត។

លទ្ធផលនៃការបណ្ដុះបណ្ដាលនេះ៖

1️.បច្ចេកទេសមុនពេលប្រមូលផល៖

+ ការជ្រើសរើសពូជ

+ ការរៀបចំដី

+ ការដាក់ជី

+ ការស្រោចស្រព។

2️.បច្ចេកទេសក្រោយពេលប្រមូលផល៖

+ ការប្រមូលផល

+ ការហាលសម្ងួត

+ ការស្តុកទុក។

 

 

៦).ខេត្តកំពង់ឆ្នាំង៖ (១)បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំដុះបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មពាមមានជ័យ ដែលមានអ្នកចូលរួមសរុប ៣១ នាក់ ក្នុងនោះមានស្រ្តី ២១នាក់ ដើម្បីចែករំលែកអំពី៖

១.​ការធ្វើផែនការដាំដុះ

២.ការប្រើប្រាស់ជី​ និងថ្នាំកសិកម្ម

៣.​ការដាំដុះបែបកសិកម្មទំនើប

៤.យុទ្ធសាស្ត្រក្នុងការកាត់បន្ថយថ្លៃដើមផលិត​ ដើម្បីបង្កើនប្រាក់ចំណេញ

៥.របៀបផលិតជីកំប៉ុស្ត។

ជាលទ្ធផល កសិករនាំមុខបានចែករំលែកបទពិសោធ​ រួមទាំងបានផលិតជីកំប៉ុស្តបង្ហាញដល់អ្នកចូលរួម​។

(២)កម្មវិធីចែករំលែកបទពិសោធជោគជ័យចិញ្ចឹមមាន់ស្រែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មតាំក្រសាំងចំរើនផល នៅភូមិគោកពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ដែលមានអ្នកចូលរួមសរុប ៣៨ នាក់ ក្នុងនោះមានស្រ្តី ៣២ នាក់។ កម្មវិធីនេះ បានផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនមានដូចជា៖ ១-ការធ្វើផែនការចិញ្ចឹម ២-ជ្រើសរើសទីតាំង ការធ្វើទ្រុង ៣-ការជ្រើសរើសពូជមាន់ ៤-ការធ្វើអនាម័យថែទាំ ៥-ការធ្វើវ៉ាក់សាំងការពារ ៦-ការផលិតចំណី និង ៧-ការវិភាគទីផ្សារ និងទុនកម្ចីវិនិយោគ។ ក្រោយពីការពន្យល់តាមទ្រឹស្តី កសិករនាំមុខ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំអនុវត្តជាក់ស្តែង ក្នុងការលាយចំណី និងការធ្វើវ៉ាក់សាំង ដែលធ្វើបង្ហាញដោយកសិករនាំមុខ និងអនុវត្តដោយសមាជិកផ្ទាល់។

 

៧).ខេត្តបន្ទាយមានជ័យ៖ បានរៀបចំការបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់សហគមន៍កសិកម្មរុងរឿងឃុំរលួស នៅភូមិស្លែង ឃុំរលួស ស្រុកស្វាយចេក ដែលមានអ្នកចូលរួមសរុប ៥៦ នាក់ ក្នុងនោះមានស្រ្តី ៣៣ នាក់។ ខ្លឹមសារមេរៀនបច្ចេកទេសដូចជា៖ ១-បញ្ហាប្រឈមក្នុងផលិតកម្មបន្លែ ២-ការជ្រើសរើសទីតាំងដាំបន្លែ និងរៀបចំដី ៣-ការជ្រើសរើសពូជ ៤-ការបណ្ដុះកូនបន្លែ ៥-ទឹកសម្រាប់ការស្រោចស្រពបន្លែ ៦-ការថែទាំ ៧-សត្វល្អិតសំខាន់ៗ ៨-ជម្ងឺសំខាន់ៗ ៩-អាកាសធាតុ ១០-ការគ្រប់គ្រង សត្វល្អិត និងជម្ងឺ វិធានការការពារ និងកម្ចាត់ ១១-បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ (ជ្រើសតាមខ្នាត និងគុណភាព ការវេចខ្ចប់ ការរក្សាទុក ការដឹកជញ្ជូន) ១២-ទីផ្សារ និង ១៣-Cam GAP ។

 

៨).ខេត្តកំពង់ធំ៖ បានរៀបចំការបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលស្វាយចន្ទី ជូនដល់សហគមន៍កសិកម្មចម្រើនផលមានជ័យ នៅឃុំមានជ័យ ស្រុកសណ្តាន់ ដែលមានអ្នកចូលរួមសរុប ២២ នាក់ ក្នុងនោះមានស្រ្តី ៦ នាក់។ ប្រធានបទបានបង្ហាញ និងពិភាក្សា ចែករំលែកមានដូចខាងក្រោម៖

១.ការតែងមែកស្វាយចន្ទី

២.ការដាក់ជីក្រោមសំយាបមែក

៣.ការប្រើជី (បញ្ចេញត្រួយ បញ្ចេញផ្កា បញ្ចេញក្ដិប)

៤.ការប្រើថ្នាំថែទាំក្ដិប

៥.ការប្រើថ្នាំកម្ចាត់សត្វល្អិតចង្រៃ

៦.បច្ចេកទេសប្រមូលផល។

ជាលទ្ធផលអ្នកចូលរួមបានទទួលចំណេះដឹងបន្ថែមអំពីបទបង្ហាញទាំង ៦ ចំណុចខាងលើ ហើយសង្ឃឹមថាអ្នកចូលរួមនឹងយកចំណេះដឹងទាំងនេះទៅប្រើប្រាស់ដោះស្រាយបញ្ហាប្រឈមកន្លងមក ហើយនឹងបានប្រសើរឡើងក្នុងមុខរបរអាជីវកម្មស្វាយចន្ទីរបស់កាត់ក្នុងពេលបច្ចុប្បន្ន ក៏ដូចឆ្នាំ ២០២៧ ។

 

៩).ខេត្តព្រះវិហារ៖ បានរៀបចំការបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលស្វាយចន្ទី ជូនដល់សហគមន៍កសិកម្ម (១)រស្មីលើកកំពស់កសិករ នៅឯចំការរបស់កសិករ ភូមិដំណាក់ចិន ឃុំរស្មី ស្រុករវៀង និង(២)លើកកំពស់ស្រី្ត នៅឯចំការរបស់កសិករ ភូមិបុស្ស ឃុំរីរាយ ស្រុករវៀង ដែលមានអ្នកចូលរួមសរុប​​ ៤៩ នាក់ ក្នុងនោះមានស្ត្រី ៣៨ នាក់។ ការបណ្ដុះបណ្ដាលនេះ មានប្រធានបទដូចខាងក្រោម៖

១–ការប្រមូលផលគ្រាប់ស្វាយចន្ទី និងការសំអាត​

២–ការប្រមូលផលគ្រាប់ស្វាយចន្ទី និងការហាលគ្រាប់ រួចទើបលក់បានតម្លៃល្អ

៣–វិធិសាស្រ្តប្រឡេះគ្រាប់ស្វាយចន្ទី

៤–ការលាងសំអាតគ្រាប់ស្វាយចន្ទី និងជ្រើសរើសគ្រាប់ស្វាយចន្ទីល្អ

៥–​ការហាលសម្ងួតគ្រាប់ស្វាយចន្ទី ដោយប្រើកំដៅព្រះអាទិត្យ

៦–​ការកំណត់លក្ខណះនិងការត្រួតពិនិត្យគ្រាប់ចន្ទីស្ងួត

៧–ការស្តុកទុកគ្រាប់ចន្ទី(កន្លែងស្តុកទុកស្ងួតនិងមានសំណើម ចន្លោះពី ៤០-៦៥% ។

 

 

១០).ខេត្តប៉ៃលិន៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំដុះបន្លែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាព នៅភូមិ​ភ្នំព្រាល​ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមចំនួន ១៩ នាក់ ក្នុងនោះមានស្រ្តី ១៣ នាក់។

លទ្ធផល៖

– បទបង្ហាញ​សង្ខេប​អំពី កម្មវិធី​ ASPIRE-AT​ និងការ​គាំទ្រ​ដល់សហគមន៍កសិកម្មគោលដៅ អនុវត្ត​ដោយមន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន

– បទបង្ហាញ​អំពី​បទពិសោធនៃការរៀបចំដីបណ្តុះកូនដំណាំ និងការថែទាំ របស់កសិករ មឿន មួន បានរៀបចំរោងបណ្តុះកូនដំណាំ ទំហំ ៨ ម៉ែត្រការេ កំពស់ ២ ម៉ែត្រ ដំបូលប្រក់កៅស៊ូថ្លា និងហុំជិតដោយសំណាញ់ញឹកជិតដើម្បីការពារសត្វល្អិតចង្រៃ។ ក្នុងរោងមានរានដាក់ត្រេបណ្តុះកូនកំពស់ ០.៦ ម៉ែត្រ អាចដាក់ថាស់បណ្តុះបានចំនួន ៥០ ថាស។

– អំពីបទពិសោធន៍​ក្នុងការលាយដីបណ្តុះកូនដំណាំមានវត្ថុធាតុផ្សំ៖ ដីដំបូក​ឫដីស្រទាប់លើមានជីវជាតិហ្មត់ល្អចំនួន ៣ ភាគ ជីកំប៉ុស្តិ៍ពុកផុយឫលាមកសត្វហ្មត់ល្អចំនួន ១ ភាគ ធ្យូង​អង្កាមក្រោយត្រាំទឹក ២ ថ្ងៃ ចំនួន ​១ ភាគ លាយបញ្ចូលវត្ថុធាតុផ្សំបីមុខខាងលើសព្វល្អ បន្ទាប់មកចំហុយឫផ្អាប់ទុកដើម្បីសំលាប់មេរោគ និងគ្រាប់ស្មៅ… ទុកល្បាយដីអោយត្រជាក់ និងរៀបចំថាសបណ្តុះកូន និងដាក់គ្រាប់ពូជដំណាំ បណ្តុះ… ស្រោចទឹកជោគល្មម… យកថាដែលបានរៀបចំគ្រាប់ពូជបណ្តះរួចដាក់ដំរៀបក្នុងរោងបណ្តុះដើម្បីការពារសត្វល្អិតចង្រៃ និងជំងឺឆ្លងនានា។

តាមបទពិសោធខាងលើនេះ ពួកគាត់ទទួលបានកូនដំណាំមានសុខភាពល្អ ពិសេសកូនម្ទេសដែលបានដាំកន្លងមក កាត់បន្ថយជំងឺ សុខភាពល្អ និងទទួលបានទិន្នផលច្រើន។

សមាជិកចូលរួមទាំងអស់បានចូលរួមមតិយោបល់ និងទទួលយកបទពិសោធល្អនេះ ដើម្បី​អនុវត្ត​បន្ត។

 

 

Leave a Reply

Your email address will not be published.