Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ស្វាយរៀង ប៉ៃលិន ព្រៃវែង ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់

សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ស្វាយរៀង ប៉ៃលិន ព្រៃវែង ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់

 

កម្មវិធី ASPIRE-AT ៖

——————-

សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ស្វាយរៀង ប៉ៃលិន ព្រៃវែង ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់។

 

១).ខេត្តសៀមរាប៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មបន្លែសុវត្តិភាពធម្មជាតិ នៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគ ចំនួន ២ វគ្គ ដោយវគ្គទី ១ ពេលព្រឹកនៅទីស្នាក់ការសហគមន៍កសិកម្ម ភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ដែលមានអ្នកចូលរួមសរុប ២២ នាក់ ក្នុងនោះមានស្រ្តី ១៩ នាក់ និងវគ្គទី ២ ពេលរសៀលនៅសាលាឆទាន ភូមិគោកឬស្សីខាងជើង ឃុំកៀនសង្កែ ដែលមានអ្នកចូលរួមសរុប ១៩ នាក់ ក្នុងនោះមានស្រ្តី ១៥ នាក់។ ប្រធានបទមានដូចជា៖ ១.ណែនាំពីបច្ចេកទេសដាំដុះ និងពង្រឹងសមត្ថភាពដល់កសិករ ២.ការដាំដុះដំណាំចម្រុះ ៣.ការលក្ខខណ្ឌផ្សេងៗ ក្នុងការទទួលបានឥណទានពីកម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB ៤.ការដាំដុះស្របតាមតម្រូវការទីផ្សារផងដែរ និង ៥.បទពិសោធជោគជ័យក្នុងការដំាបន្លែ ដើម្បីបង្កើនចំណូលក្នុងគ្រួសារ។

 

២).ខេត្តស្វាយរៀង៖ បានរៀបចំការបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ នៅសហគមន៍កសិកម្មទងធ្លករីកចម្រើន នៅភូមិដូនទង ឃុំធ្លក ស្រុកស្វាយជ្រំ ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី​ ២៤ នាក់។ ការបណ្ដុះបណ្ដាលមានប្រធានបទសំខាន់ៗដូចជា៖ ១.បច្ចេកទេសផលិតកូនដំណាំ ២.បច្ចេកទេសដាំដុះ ៣.វិធីសាស្រ្តការពារដំណាំពីសត្វល្អិតបំផ្លាញ​ និងជំងឺផ្សេងៗ ៣.វិធីសាស្រ្តប្រមូលផលដំណាំបន្លែស្លឹក និងបន្លែយកផ្លែ និង ៤.បច្ចេកវិទ្យាក្រោយការប្រមូលផលបន្លែ។ មុននឹងចាប់ផ្តើមលោក រ័ត្ន ចក់ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានបញ្ជាក់អំពីគោលបំណងនៃការបណ្ដុះបណ្ដាល ដើម្បីឱ្យអ្នកចូលរួមយល់អំពីផលប្រយោជន៍ និងការគាំទ្រពីកម្មវិធី។ បន្ទាប់មកលោក ប្រាក់ សាន់ ជាគ្រូបង្គោលបានធ្វើបទបង្ហាញ ជាបន្តបន្ទាប់ និងបានពន្យល់បកស្រាយនូវរាល់ខ្លឹមសារមេរៀន ព្រមទាំងផ្តល់ឱកាសសួរ-ឆ្លើយចំពោះកសិករដែលមានចម្ងល់។

 

៣).ខេត្តប៉ៃលិន៖ បានរៀបចំការបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់សមាជិកសហគមន៍កសិកម្មស្រែអន្ទាក់ពន្លកថ្មី នៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមសរុប ២០ នាក់ ក្នុងនោះមានស្រ្តី ១២ នាក់។ ការបណ្តុះបណ្តាលបានផ្តោតសំខាន់លើ បច្ចេកទេសមុនការប្រមូលផល និងក្រោយការប្រមូលផល បច្ចេកទេសការរក្សាទុកបន្លែបានយូរ និងដល់ដៃអ្នកប្រើប្រាស់មានគុណភាពល្អ សុវត្ថិភាពចំណីអាហារ ក្នុងគោលបំណងធានាបាននូវបន្លែស្រស់ អនាម័យ និងមានរសជាតិឆ្ងាញ់ កាត់បន្ថយការខូចខាត និងការបាត់បង់ផលិតផលបន្លែ និងបង្កើនតម្លៃនិងប្រាក់ចំនូល។ មានការចូលរួមមតិយោបល់ និងឆ្លើយ-សំនួររបស់សមាជិកសហគមន៍កសិកម្ម លោកទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE AT ខេត្តប៉ៃលិន បានបង្ហាញសង្ខេបអំពីយុទ្ធសាស្រ្ត គោលការណ៍ និងលក្ខខណ្ឌនានានៃការគាំទ្ររបស់កម្មវិធី ASPIRE-AT ជូនដល់សហគមន៍កសិកម្មគោលដៅ ក្នុងនោះក៍មានបញ្ជាក់ពីការគាំទ្រទុនកម្ចីវិនិយោគសម្រាប់សហគមន៍កសិកម្ម និងសមាជិក សម្រាប់ពង្រីកអាជីវកម្មតាមរយៈធនាគារ ARDB និងកញ្ចប់ប្រាក់ជំនួយ (Block Grant)របស់កម្មវិធី ជូនដល់សហគមន៍កសិកម្ម និងសមាជិក ក្រោយការសងត្រឡប់ជាមួយធនាគារបានចប់សព្វគ្រប់ និងជោគជ័យ។

 

៤).ខេត្តព្រៃវែង៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខលោក រិន រិទ្ធ ទៅសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍ថ្មី នៅភូមិស្វាយភ្លោះ ឃុំកោះរកា ស្រុកពាមជរ ដែលមានអ្នកចូលរួមសរុប ២២ នាក់ ក្នុងនោះមានស្រ្តី ៥ នាក់។ ប្រធានសំខាន់ៗ ត្រូវបានយកទៅចែករំលែក និងអនុវត្តផ្ទាល់ រួមមាន៖ (១).បច្ចេកទេសផលិតជីកំបុស្ត៍គោគ (២).បច្ចេកទេសផលិតជីអ៊ីអឹមម្នាស់ និង (៣).បច្ចេកទេសបណ្តុះកូននៅលើត្រេជ័រ និងការថែទាំកូនដំណាំ។

 

៥).ខេត្តព្រះវិហារ៖ បានរៀបចំការបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលស្វាយចន្ទី ជូនដល់សមាជិកសហគមន៍កសិកម្មចំនួន ២ រួមមាន៖ (១) រក្សាស្ទឹងសែនសាមគ្គី នៅចំការរបស់កសិករ ភូមិស្រឡៅស្រោង ឃុំរក្សា ស្រុករវៀង និង (២)បុប្ផាចន្ទីរួសរាន់មានជ័យ ដែលមានអ្នកចូលរួមសរុប​​​ ៦៣ នាក់ ក្នុងនោះមានស្រ្តី ៣៣ នាក់។ ប្រធានបទ ដែលបានធ្វើបទបង្ហាញមានដូចជា៖ ១–ការប្រមូលផលគ្រាប់ស្វាយចន្ទី និងការសំអាត​ ២–ការប្រមូលផលគ្រាប់ស្វាយចន្ទី និងការហាលគ្រាប់ រួចទើបលក់បានតម្លៃល្អ ៣–វិធិសាស្រ្តប្រឡេះគ្រាប់ស្វាយចន្ទី ៤–ការលាងសំអាតគ្រាប់ស្វាយចន្ទី និងជ្រើសរើសគ្រាប់ស្វាយចន្ទីល្អ ៥–ការហាលសម្ងួតគ្រាប់ស្វាយចន្ទី ដោយប្រើកំដៅព្រះអាទិត្យ ៦–ការកំណត់លក្ខណះនិងការត្រួតពិនិត្យគ្រាប់ចន្ទីស្ងួត និង ៧–ការស្តុកទុកគ្រាប់ចន្ទី (កន្លែងស្តុកទុកស្ងួត និងមានសំណើម ចន្លោះពី ៤០-៦៥%)។

 

៦).ខេត្តបន្ទាយមានជ័យ៖ បានរៀបចំការបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់សមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍ជនជាតិដើមភាគតិច (ផលិតកម្មមាន់ស្រែ) នៅភូមិជ្រាប់ចាស់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដែលមានអ្នកចូលរួមសរុប ៣៥ នាក់ ក្នុងនោះមានស្រ្តី ២៥ នាក់។

ខ្លឹមសារមេរៀន៖

– បច្ចេកទេសចិញ្ចឹមមាន់តាមបែបវៃឆ្លាត

– ការជ្រើសរើសទីតាំង និងធ្វើទ្រុងកូនមាន់ មាន់ជំទង់ និងមាន់ធំ

– ការជ្រើសរើសមេបាពូជ

– ការផ្តល់ទឹក និងផ្សំចំណីកូនមាន់ មាន់ជំទង់ មាន់ធំ និងមេបា

– វិធានការការពារ ការប្រើថ្នាំ និងការព្យាបាលជំងឺ

– ការដឹកជញ្ជូន និងផលប៉ះពាល់បរិស្ថាន

– ទីផ្សារ (ការលក់មាន់រស់ និងការវេចខ្ចប់មាន់បោចហើយ)។

 

៧).ខេត្តបាត់ដំបង៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មរស្មីស្តីក្រោម នៅឃុំព្រែកហ្លូង និងការបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផល ជូនដល់សមាជិកសហគមន៍កសិកម្មសំរោងក្នុងសាមគ្គីមានជ័យ នៅឃុំសំរោងក្នុង ស្រុកឯកភ្នំ ដែលមានអ្នកចូលរួមសរុប ៥៤ នាក់ ក្នុងនោះមានស្រ្តី ៤២ នាក់។ ប្រធានបទផ្តោតសំខាន់លើ៖ (១)ការចែករំលែកបទពិសោធន៍ និងឆ្លុះបញ្ចាំងរបស់កសិករនាំមុខអំពីការអនុវត្តជីទឹកម្នាស់ ជីកំប៉ុស្តស្ងួត និងថ្នាំពុលកសិកម្មតាមបែបធម្មជាតិ ដែលបានរៀនសូត្រនៅចុងឆ្នាំ ២០២៥  (២)លើកទ្បើងអំពីញ្ហាជួបប្រទះនៃការដាំដុះបន្លែរបស់កសិករកន្លងមកលើដំណាំបន្លែ (៣)បង្ហាត់បង្ហាញបច្ចេកទេស និងឆ្លើយតបទៅនឹងបញ្ហាដែលបានលើកទ្បើងរបស់កសិករ  (៤)ពិនិត្យកសិដ្ឋានដាំដុះបន្លែ ដើម្បីចាប់សត្វចង្រៃ និងរោគសញ្ញាជំងឺផ្សេងៗ និង (៥)ឆ្លុះបញ្ផាំងលទ្ធផលនៃការចុះពិនិត្យ និង ផ្តល់ដំណោះស្រាយពជូនកសិករសម្រាប់យកទៅអនុវត្ត​។

 

៨).ខេត្តពោធិ៍សាត់៖ បានរៀបចំការបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់សហគមន៍កសិកម្មអភិវឌ្ឍន៍ប្រហាល នៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ដែលមានអ្នកចូលរួមសរុប ៣៧ នាក់ ក្នុងនោះមានស្រ្តី ៣១ នាក់។

សកម្មភាព និងលទ្ធផលដូចខាងក្រោម៖

– បច្ចេកទេសចិញ្ចឹមមាន់តាមបែបវៃឆ្លាត

– ការជ្រើសរើសទីតាំង និងធ្វើទ្រុងកូនមាន់ មាន់ជំទង់ និងមាន់ធំ

– ការជ្រើសរើសមេបាពូជ

– ការផ្តល់ទឹក និងផ្សំចំណីមាន់

– វិធានការការពារ ការប្រើថ្នាំ និងការព្យាបាលជំងឺ

– ការដឹកជញ្ជូន និងផលប៉ះពាល់បរិស្ថាន

– ទីផ្សារ។

 

 

Leave a Reply

Your email address will not be published.