សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ស្វាយរៀង ក្រចេះ កណ្ដាល ពោធិ៍សាត់ បន្ទាយមានជ័យ ព្រះវិហារ និងខេត្តឧត្តរមានជ័យ
កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ស្វាយរៀង ក្រចេះ កណ្ដាល ពោធិ៍សាត់ បន្ទាយមានជ័យ ព្រះវិហារ និងខេត្តឧត្តរមានជ័យ។
១).ខេត្តកំពត៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែពីកសិករនាំមុខលោក អ៊ូច ធូ ទៅសមាជិកសហគមន៍កសិកម្មគុណវុឌ្ឍិល្បើក នៅភូមិស្រែជ្រៅ ឃុំល្បើក ស្រុកឈូក ដែលមានអ្នកចូលរួមសរុប ៣៧ នាក់ ក្នុងនោះមានស្រ្តី ២៧ នាក់។ គោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធជាក់ស្តែងជូនដល់សមាជិកសហគមន៍កសិកម្ម នូវបច្ចេកទេសចិញ្ចឹមមាន់ស្រែដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករនៅតាមមូលដ្ឋាន។ កម្មវិធីនេះផ្តោតទៅលើប្រធានបទ៖ ១-ការជ្រើសរើសពូជ (ស្កួយ និងសំពៅ) ២-ការរៀបចំទ្រុង (គ្រប់គ្រង បរិស្ថានចិញ្ចឹម) ៣-ការថែទាំ និងផ្តល់កំដៅកូនមាន់ ៤-ចំណី (ក្រុមហ៊ុន បូកបញ្ចូលចំណីរួមផ្សំ) ៥-វ៉ាក់សាំង និងថ្នាំទំលាក់សត្វល្អិត (ញ៉ូវកាស កំរ៉ូ អុត ផ្លូវដង្ហើម) ៦-អនាម័យ និងប្រព័ន្ធជីវសុវត្ថិភាព ៧-ជម្ងឺ និងការព្យាបាល (វិធីសាស្រ្តប្រើប្រាសថ្នាំ មូទីវិតាមីន និងអង់ទីប៊ីយូទិក…។ល។) និង ៨-រដូវកាលចិញ្ចឹម និងរដូវកាលលក់ ដើម្បីទទួលបានតម្លៃល្អ…សិក្សាតម្រូវការទីផ្សារ។
សមាជិកចូលរួមបានយល់ដឹងអំពីបទពិសោធន៏នៃការចែលរំលែកល្អៗ ថ្មីៗ ក្និងការជ្រើសរើសពូជ (ស្កួយ និងសំពៅ), ការរៀបចំទ្រុង (គ្រប់គ្រង បរិស្ថានចិញ្ចឹម), ការថែទាំ និងផ្តល់កំដៅកូនមាន់, ការផ្តល់ចំណី (ក្រុមហ៊ុន បូកបញ្ចូលចំណីរួមផ្សំ), ការប្រើប្រាស់វ៉ាក់សាំង និងថ្នាំទំលាក់សត្វល្អិត (ញ៉ូវកាស, កំរ៉ូ, អុត, ផ្លូវដង្ហើម), ….សំខាន់ចុងក្រោយត្រូវយល់ដឹងរដូវកាលដាក់ចិញ្ចឹមមាន់ និងសិក្សាទីផ្សារអោយបានត្រឹមត្រូវដើម្បីងាយស្រួលលក់ បានតម្លៃល្អ។





២).ខេត្តស្វាយរៀង៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែពីកសិករនាំមុខលោក រស់ ឆែម ទៅសមាជិកសហគមន៍កសិកម្មអណ្តូងពោធិ៍អភិវឌ្ឍន៍ នៅភូមិអសរក្សស្វាយ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ដែលមានអ្នកចូលរួមសរុប ៣១ នាក់ ក្នុងនោះមានស្រ្តី ២១ នាក់។ គោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធជូនដល់សមាជិកសហគមន៍កសិកម្ម អំពីបច្ចេកទេសចិញ្ចឹមមាន់ស្រែ ដែលទទួលបានពីការអនុវត្តកន្លងមក និងពីទស្សនកិច្ចសិក្សារបស់កម្មវិធី ASPIRE-AT ។ កម្មវិធីនេះបានផ្តោតទៅលើប្រធានបទសំខាន់ៗមានដូចជា៖ ១-ការរៀបចំផែនការ និងការជ្រើសរើសទីតាំងចិញ្ចឹម ២-ការធ្វើអនាម័យ និងជីវសុវត្ថិភាពក្នុងកសិកដ្ឋាន ៣-ការជ្រើសរើសពូជ (កូនមាន់) ៤-ការថែទាំ និងកំដៅកូនមាន់ ៥-ការចាក់វ៉ាក់សាំងការពារ និងទំលាក់បរ៉ាសិត ៦-របៀបផ្សំចំណី និងការផ្តល់ចំណី ៧-ការថែទាំមាន់ប្រចាំថ្ងៃ ៨-ជម្ងឺ និងការប្រើប្រាស់ថ្នាំព្យាលបាល និង ៩-ការលក់ និងទីផ្សារ។ ក្រោយពីពន្យល់តាមទ្រឹស្តី ឆ្លើយសំណួរផ្សេងៗ និងរកដំណោះស្រាយរួមគ្នា ព្រមទាំងមានការធ្វើបង្ហាញជាក់ស្តែងទៅលើការធ្វើវ៉ាក់សាំងញូកាស វ៉ាក់សាំងអ៊ុត និងការផ្សំចំណីមាន់ ក្នុងនោះក៏បានឱ្យកសិករឡើងអនុវត្តផ្ទាល់ផងដែរ។














៣).ខេត្តក្រចេះ៖ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាពបរិស្ថាន បរិយាបន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់សមាជិកសហគមន៍កសិកម្មចំនួន ៤ គឺ សហគមន៍កសិកម្មដំណាំស្រូវបុសលាវលើ សហគមន៍កសិកម្មដំណាំពោតភូមិវត្តកោះច្រែង សហគមន៍កសិកម្មដំណាំពោតតាម៉ៅរុងរឿង និងសហគមន៍កសិកម្មដំណាំពោតកោះតាស៊ុយរុងរឿង នៅភូមិតាម៉ៅក្រោម ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ដែលមានអ្នកចូលរួមសរុប ២០ នាក់ ក្នុងនោះមានស្រ្តី ៦ នាក់។ សកម្មភាពបន្ទាប់៖ ក្រុមការងារកម្មវិធី ASPIRE-AT នឹងទៅបង្ហាត់បង្ហាញជូនដល់សមាជិកសហគមន៍កសិកម្មនីមួយៗតាមផែនការទៅបង្ហាត់បង្ហាញ។




៤).ខេត្តកណ្ដាល៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែពីកសិករនាំមុខលោក កន ប៊ុនធឿន ទៅសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍ជ្រៃលាស់ នៅភូមិតាពេជ ឃុំជ្រៃលាស់ ស្រុកពញាឮ ដែលមានអ្នកចូលរួមសរុប ២៧ នាក់ ក្នុងនោះមានស្រ្តី ១៦ នាក់។ លទ្ធផលនៃការចែករំលែកចំណេះដឹង និងបទពិសោធជោគជ័យដែលទទួលបានពីកសិដ្ឋាន និងកសិករជោគជ័យ របស់ខេត្តផ្សេង លើការចិញ្ចឹមមាន់ស្រែនេះ ត្រូវបានបង្ហាញ និងដឹកនាំអនុវត្តដោយកសិករនាំមុខ ដែលផ្តោតលើ៖ ១-ការរៀបចំផែនការ និងការជ្រើសរើសទីតាំងចិញ្ចឹម (ការសាងសង់រោង) ២-ការជ្រើសរើសពូជ(កូនមាន់) និងការថែទាំកូនមាន់ ៣-ការធ្វើវ៉ាក់សាំងការពារ (កូនមាន់ និងវ៉ាក់សាំងរំលឹកសម្រាប់មេបា) ៤-របៀបផ្សំចំណី និងការផ្តល់ចំណី ៥-ការតាមដានអាការមាន់ ការព្យាបាល ការប្រើប្រាស់ថ្នាំតាមប្រភេទជំងឺ ៦-ការធ្វើអនាម័យ និងជីវសុវត្ថិភាពបរិវេណកន្លែងចិញ្ចឹមមាន់ និង ៧-ការចិញ្ចឹមសម្រាប់ទីផ្សារ។ កម្មវិធីនេះក៏មានការចែកឯកសារមេរៀនជូនដល់អ្នកចូលរួមទុកជាសម្រាប់មើល និងរៀនតាមនាពេលក្រោយ ព្រមទាំងបានបំផុសសំណួរអំពីការចិញ្ចឹមមាន់ ដែលជួបបញ្ហាប្រចាំថ្ងៃ រួមជាមួយនឹងការពន្យល់តាមទ្រឹស្តី និងឆ្លើយសំណួរផ្សេងៗរបស់អ្នកចូលរួមផងដែរ។ ជាមួយគ្នានេះ កសិករនាំមុខក៏បានដឹកនាំអនុវត្តផ្ទាល់អំពីរបៀបផ្សំចំណី ការផ្តល់ចំណី រួមនឹងការអនុវត្តជាក់ស្ដែងលើការធ្វើវ៉ាក់សាំងញូកាស ជួសអុត ដោយអនុវត្តម្នាក់ម្តងៗពីអ្នកចូលរួមផ្ទាល់ផងដែរ។













៥).ខេត្តពោធិ៍សាត់៖ បានរៀបចំបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែសុវត្ថិភាព ជូនដល់សហគមន៍កសិកម្មអន្សាចំបក់រីកចម្រើន នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ដែលមានអ្នកចូលរួមសរុប ៣៧ នាក់ ក្នុងនោះមានស្រ្តី ៣៤ នាក់។ សកម្មភាព និងលទ្ធផលមានដូចជា៖ ១.សកម្មភាព៖ សារៈប្រយោជន៍មុន និងក្រោយប្រមូលផល និងវិធីសាស្រ្តគ្រប់គ្រងមុន និងក្រោយប្រមូលផល ២.លទ្ធផល៖ សមាជិកនិងសហគមន៍កសិកម្មទទួលបានចំណេះដឹងជាក់លាក់អំពីសារៈប្រយោជន៍មុន និងក្រោយប្រមូលផល និងសមាជិក និងសហគមន៍កសិកម្មទទួលបានចំណេះដឹងជាក់លាក់អំពីវិធីសាស្រគ្រប់គ្រងមុន និងក្រោយប្រមូលផល។



៦).ខេត្តបន្ទាយមានជ័យ៖ បានរៀបចំបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់សហគមន៍កសិកម្មចំនួន ២ គឺ៖ ១-សហគមន៍កសិកម្មអភិវឌ្ឍន៍រីកចំរើនឃុំទ្រាស (ផលិតកម្មបន្លែ) នៅភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ដែលមានអ្នកចូលរួមសរុប ១២ នាក់ ក្នុងនោះមានស្រ្តី ៤ នាក់។ ២-សហគមន៍កសិកម្មកសិករសាមគ្គី (ផលិតកម្មបន្លែ) នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ដែលមានអ្នកចូលរួមសរុប ៣១ នាក់ ក្នុងនោះមានស្រ្តី ១២ នាក់។ ខ្លឹមសារមេរៀនបច្ចេកទេសមានដូចជា៖ ១-បញ្ហាប្រឈមក្នុងផលិតកម្មបន្លែ ២-ការជ្រើសរើសទីតាំងដាំបន្លែ និងរៀបចំដី ៣-ការជ្រើសរើសពូជ ៤-ការបណ្ដុះកូនបន្លែ ៥-ទឹកសម្រាប់ការស្រោចស្រពបន្លែ ៦-ការថែទាំ ៧-សត្វល្អិតសំខាន់ៗ ៨-ជម្ងឺសំខាន់ៗ ៩-អាកាសធាតុ ១០-ការគ្រប់គ្រងសត្វល្អិត និងជម្ងឺវិធានការការពារ និងកម្ចាត់ ១១-បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ ១២-ទីផ្សារ និង ១៣-Cam GAP ។






៧).ខេត្តព្រះវិហារ៖ បានរៀបចំបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលស្វាយចន្ទី ជូនដល់សមាជិកសហគមន៍កសិកម្មសាមគ្គីរហ័សមានជ័យ នៅចំការរបស់កសិករ ភូមិកំពត ឃុំរហ័ស ស្រុករវៀង ដែលមានអ្នកចូលរួមសរុប ២៥ នាក់ ក្នុងនោះមានស្រ្តី ១២ នាក់។ បណ្ដុះបណ្ដាលនេះមានប្រធានបទដូចជា៖ ១–ការប្រមូលផលគ្រាប់ស្វាយចន្ទី និងការសំអាត ២–ការប្រមូលផលគ្រាប់ស្វាយចន្ទី និងការហាលគ្រាប់ រួចទើបលក់បានតម្លៃល្អ ៣–វិធិសាស្រ្តប្រឡេះគ្រាប់ស្វាយចន្ទី ៤–ការលាងសំអាតគ្រាប់ស្វាយចន្ទី និងជ្រើសរើសគ្រាប់ស្វាយចន្ទីល្អ ៥–ការហាលសម្ងួតគ្រាប់ស្វាយចន្ទី ដោយប្រើកំដៅព្រះអាទិត្យ ៦–ការកំណត់លក្ខណៈ និងការត្រួតពិនិត្យគ្រាប់ចន្ទីស្ងួត និង ៧–ការស្តុកទុកគ្រាប់ចន្ទី (កន្លែងស្តុកទុកស្ងួត និងមានសំណើម ចន្លោះពី ៤០-៦៥%)។





៨).ខេត្តឧត្តរមានជ័យ៖ បានទៅតាមដានវឌ្ឍនភាពសហគមន៍កសិកម្មមាន់ស្រែភូមិទួលប្រាសាទ។
+សកម្មភាព និងលទ្ធផល៖
– បានជួបជាមួយប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ដើម្បីពិភាក្សាអំពីភាពរីកចម្រើនរបស់សហគមន៍កសិកម្ម បច្ចប្បន្នក្នុងចំណោមសមាជិក ១៤០ នាក់ គឺមាន ១២ នាក់ក្លាយជាអ្នកចិញ្ចឹមមាន់បែបអាជីវកម្ម ដោយមានមាន់ចាប់ពី ១៥០ ក្បាល ទៅដល់ ៤០០ ក្បាល
– ប្រធានក្រុមប្រឹក្សាភិបាលបានចែករំលែកចំណេះដឹងអំពីការថែទាំកូនមាន់យកចេញពីទូដោយមិនចាំបាច់ប្រើភ្លើងកំដៅ ជូនដល់សមាជិកដែលចាប់អារម្មណ៍
-បានពិនិត្យទីតាំងចិញ្ចឹមមាន់ស្រែរបស់សមាជិក ផន សុភី និង ប្រាក់ឈុន នី ។ លោក ផន សុភី បានធ្វើការពង្រីកទ្រុងថ្មី ដាក់មាន់សាច់ចំនួន ១០០ ក្បាលបន្ថែមទៀត
– បានផ្សព្វផ្សាយអំពីគោលការណ៍ផ្ដល់កម្ចីរបស់ធនាគារ ARDB ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT ជូនដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ប៉ុន្តែពួកគាត់មិនមានតម្រូវការកម្ចីនៅឡើយទេ។









