Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាព នៅខេត្តប៉ៃលិន

កម្មវិធីចែករំលែកបទពិសោធពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាព នៅខេត្តប៉ៃលិន

 

កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំកម្មវិធីចែករំលែកបទពិសោធពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាព នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមសរុប ២៥ នាក់ ក្នុងនោះមានស្រ្តី ១៦ នាក់។

ជាលទ្ធផល៖
– ទីប្រឹក្សាសម្របសម្រួលកម្មវិធីបានបង្ហាញសង្ខេបអំពី កម្មវិធី ASPIRE-AT និងការគាំទ្រដល់សហគមន៍កសិកម្មគោលដៅ
– កសិករនាំមុខ មៀន មួន បានបង្ហាញអំពី បទពិសោធផលិតជីកំប៉ុស្តិ៍គោក ដើម្បីកែលម្អគុណភាពដី និងអនុវត្តកសិកម្មល្អរបស់កសិករ មឿន មួន ដែលបានរៀបចំរោងផលិតជីកំប៉ុស្តិ៍ផ្ទាល់ដី មានទំហំ ៦ ម៉ែត្រការេ បាំងរបាកម្ពស់ ០,៧ ម៉ែត្រ និងមានដំបូលប្រក់ស័ង្កសី។ វត្ថុធាតុផ្សំសំខាន់ៗ រួមមាន៖ កាកសំណល់បន្លែក្រោយប្រមូលផល លាមកគោ ផេះអង្កាម ស្មៅឬចំបើងស្ងួត ក្រោយពីរៀបចំដាក់ជាស្រទាប់ៗ និងស្រោយទឹកគ្របផ្អាប់ទុករយៈពេល ២ ខែ ជ្រុំត្រឡប់ម្តង ១ ខែក្រោយ អាចកាច់ជាជីកំប៉ុស្តិ៍ប្រើប្រាស់បាន។ ក្នុងរយៈពេលបីខែ អាចផលិតជីកំប៉ុស្តិ៍បានប្រមាណ ១ តោន។ ចំណេញថវិកា ដីមានជីជាតិល្អ និងអាចកាត់បន្ថយការប្រើប្រាស់គីមី
– មន្រ្តីជំនាញបានបង្ហាញសង្ខេបអំពី បច្ចេកទេសផលិតជីកំប៉ុស្តិ៍គោក មានច្រើនវិធី ប៉ុន្តែវិធីទី ១ ដូចកសិករនាំមុខបានចែករំលែក។ ដោយទ្បែក មានវិធីទី២ មន្ត្រីជំនាញបានចែករំលែកយ៉ាងសាមញ្ញ និងងាយស្រួលឱ្យកសិករយកទៅអនុវត្តនៅទីវាលឬក្រោមម្លប់ឈើ ដោយមានវត្ថុធាតុផ្សំសំខាន់ៗដូចជា៖ កាកសំណល់បន្លែក្រោយការប្រមូលផល ស្មៅនិងរុក្ខជាតិស្រស់ដែលត្រូវសំអាតក្នុងចំការ ស្លឹករុក្ខជាតិក្រៀម លាមកសត្វបើមាន។ វិធីធ្វើទី ១ ត្រូវធ្វើនៅទីទួលមិនលេចទឹកឬជាំទឹក ក្រោមម្លប់ឈើឬជ្រុងរបងចំការ ទទឹង ១,៥ ម៉ែត្រ បណ្តោយ ៤-៥ ម៉ែត្រ តាមស្ថានភាពដី។ ទី ២ ក្រាលរុក្ខជាតិក្រៀម ១ ស្រទាប់ មានកម្ពស់ប្រមាណ ១០-២០ សង់ទីម៉ែត្រ បន្ទាប់ក្រាលរុក្ខជាតិឬកាកសំណល់បន្លែស្រស់ កម្រាស់ប្រហាក់ប្រហែលគ្នា ដាក់លាមកសត្វស្រស់ឬក្រៀម (បើមាន) បើមិនមានយកដីស្រទាប់លើឬដីល្បប់ ដាក់ ១ ស្រទាប់ពីលើ កម្រាស់ប្រមាណ ១០ សង់ទីម៉ែត្រ។ ទី ៣ បន្តប្រមូលវត្ថុធាតុផ្សំខាងលើ មកពីខាងក្នុងនិងក្រៅចំការ រៀបចំជាស្រទាប់ៗ រហូតបានកម្ពស់ប្រមាណ ១ ម៉ែត្រ ស្រោចទឹកអោយជោគ និងរកស្លឹកដូង ឬកៅស៊ូគ្រប។ ទី ៤ ឧស្សាហ៍ស្រោចទឹកក្នុងរដូវក្តៅ ១ សប្តាហ៍ ១ ដង ដើម្បីឆាប់កាច់ជាកំប៉ុស្តិ៍។ ទី ៥ រយៈពេល ១-២ ខែ ត្រឡប់ជីកំប៉ុស្តិ៍ បន្តគ្រប់ និងពិនិត្យសំណើម រយៈពេល ១ ខែ បន្ទាប់ពីត្រឡប់ អាចប្រើប្រាស់ជីកំប៉ុស្តិ៍បាន បរិមាណចន្លោះ ១ តោន។ ជីកំប៉ុស្តិ៍មានគុណភាព គឺក្លិនល្អ ហ្មត់ មានវត្ថុធាតុផ្សំចម្រុះ។
– សមាជិកចូលរួមទាំងអស់បានចូលរួមផ្ដល់មតិយោបល់ និងរៀបចំផែនការផលិតជីកំប៉ុស្តិ៍តាមចំការរៀងៗខ្លួន ក្រោយពីទទួលបានវគ្គបណ្តុះបណ្តាល និងចែករំលេកបទពិសោធនេះ។

 

 

 

 

Leave a Reply

Your email address will not be published.