បេសកកម្មគាំទ្រការអភិវឌ្ឍផលិតកម្ម ការកែច្នៃ និងអាជីវកម្មស្វាយចន្ទី នៅខេត្តកំពង់ធំ
ឯកឧត្តម តូច ប៊ុនហួរ និងឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រី និងទីប្រឹក្សាជំនាញ បំពេញបេសកកម្មគាំទ្រការអភិវឌ្ឍផលិតកម្ម ការកែច្នៃ និងអាជីវកម្មស្វាយចន្ទី នៅខេត្តកំពង់ធំ
——————————
ចាប់ពីថ្ងៃទី ៩ ដល់ ១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និង ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ សុខ វិសាល ឯកឧត្តម ចាន់ សុវត្ថិភាព និង ឯកឧត្តម សាយ សុភភោគា បានដឹកនាំមន្ត្រី និងទីប្រឹក្សាជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងគម្រោងអភិវឌ្ឍន៍ពាក់ព័ន្ធ សរុបចំនួន ៣៧ នាក់ ស្រ្តី ៤ បំពេញបេសកកម្មខាងលើ ។ ក្រុមបេសកកម្មបាន ៖ ១) ធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុនប្រមូលទិញ និងកែច្នៃគ្រាប់ស្វាយចន្ទី ព្រមទាំងទីតាំងសួនកសិ-ឧស្សាហកម្ម ដែលរាជរដ្ឋាភិបាលគ្រោងរៀបចំ និងដំណើរការ ២) សាកពិសោធអំពីការហាលសម្ងួតគ្រាប់ស្វាយចន្ទី ក្រោមកម្តៅថ្ងៃ និងនៅក្នុងរោងសម្ងួត ដែលប្រើប្រាស់ថាមពលព្រះអាទិត្យ និង ៣) ប្រជុំពិគ្រោះយោបល់ជាមួយតួអង្គសំខាន់ៗនៃខ្សែច្រវាក់តម្លៃស្វាយចន្ទី អំពីបញ្ហាដែលកំពុងកើតមាន និងដំណោះស្រាយ ឬ កិច្ចអន្តរាគមន៍ដែលគួរធ្វើ ។
ការពិសោធបានរកឃើញថា គ្រាប់ស្វាយចន្ទីដែលហាលថ្ងៃ មានសីតុណ្ហភាពខ្ពស់បំផុត ៥០ អង្សាសេ នៅពេលដែលគ្រាប់ស្វាយចន្ទីដែលហាលនៅក្នុងរោង មានសីតុណ្ហភាពខ្ពស់បំផុត ៧០ អង្សាសេ ដែលធ្វើឱ្យការសម្ងួតនៅក្នុងរោងបែបនោះត្រូវការពេលតែប្រមាណ ២ ថ្ងៃ នៅពេលដែលការហាលថ្ងៃ តម្រូវឱ្យប្រើពេលពី ៣ ទៅ ៥ ថ្ងៃ ដើម្បីធ្វើឱ្យគ្រាប់ស្វាយចន្ទីមានអត្រាសំណើមប្រមាណ ៨ % ដែលសមស្របសម្រាប់ការទុកដាក់ក្នុងរយៈពេលយូរ ។ ទោះជាដូច្នេះក្តី ក្រុមបេសកកម្មបានសង្កេតឃើញថា ជាការចាំបាច់ដែលត្រូវកែលម្អការយកសំណាក និងការវាស់ទិន្នន័យពាក់ព័ន្ធ ហើយបន្តធ្វើការពិសោធ និងស្រាវជ្រាវ ដើម្បីកំណត់សីតុណ្ហភាពខ្ពស់បំផុត និងអត្រាសំណើមធៀប (Relative humidity) ទាបបំផុត នៃខ្យល់នៅក្នុងរោង (ពីព្រោះអាចកែសម្រួលបាន) ដែលធ្វើឱ្យការសម្ងួតត្រូវការរយៈពេលខ្លីបំផុត ប៉ុន្តែមិនប៉ះពាល់ដល់គុណភាពគ្រាប់ស្វាយចន្ទី ដូចជាការជ្រាបប្រេងពីសំបកទៅសាច់គ្រាប់ជាដើម ។
ឯបញ្ហា និងដំណោះស្រាយដែលបានលើក និងពិភាក្សា ត្រូវបានក្រុមបេសកកម្មកត់ត្រាសម្រាប់រាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង និងពិចារណាធ្វើកិច្ចអន្តរាគមន៍ជាបន្ត ។









