ការប្រើប្រាស់មេរៀន និងវិធីសាស្រ្តបណ្តុះបណ្តាល ក្នុងការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ដល់ទីប្រឹក្សាជំនាញរបស់ក្រុមហ៊ុនសេវាករ របស់កម្មវិធី ASPIRE-AT នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់មេរៀន និងវិធីសាស្រ្តបណ្តុះបណ្តាល ក្នុងការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ដល់ទីប្រឹក្សាជំនាញរបស់ក្រុមហ៊ុនសេវាករ” ក្រោមអធិបតីភាព លោក ស៊ន វិចិត្រ ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្ដរជាតិនៃអគ្គនាយកដ្ឋានកសិកម្ម និងជាប្រធានក្រុមគាំទ្រលេខាធិការដ្ឋានកម្មវិធី ASPIRE-AT ដោយមានការចូលរួមពី មន្ត្រីនៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT មន្រ្តីនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងទីប្រឹក្សាជំនាញរបស់សេវាករទាំង៣តំបន់ សរុបចំនួន ៣៩នាក់ (ក្នុងនោះមានស្ត្រី ៩នាក់) ។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំក្នុងគោលបំណង៖ (១). បង្ហាញអំពីរបៀបប្រើប្រាស់និងដំណើរការបង្រៀន និងវិធីសាស្រ្តបណ្តុះបណ្តាលអំពីម៉ូលឌុលទាំង៦រួមមាន៖ (i) ការគ្រប់គ្រងនិងដឹកនាំសហគមន៍កសិកម្ម (ii) មូលដ្ឋានគ្រឹះនិងការគ្រប់គ្រងហិរញ្ញវត្ថុ (iii) ការរៀបចំនិងអនុវត្តផែនការអាជីវកម្ម (iv) ការកសាងម៉ាកសញ្ញានិងការផ្សារភ្ជាប់ទីផ្សារ (v) ភាពធន់នឹងអាកាសធាតុ សុវត្ថិភាពសង្គម និងសមភាពយេនឌ័រ និង (vi) ការធ្វើឌីជីថលូបនីយកម្មសហគមន៍កសិកម្ម និង (២). រៀបចំមេរៀនលម្អិតទៅតាមតម្រូវការនិងលទ្ធផលនៃការវាយតម្លៃអំពីស្ថានភាពជាក់ស្តែងរបស់សហគមន៍កសិកម្មនីមួយៗ។
កម្មវិធី ASPIRE-AT តាមរយៈសេវាករ នឹងផ្តល់ការគាំទ្របច្ចេកទេស និងពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ដើម្បីឱ្យកាន់តែមានភាពរឹងមាំក្នុងការគ្រប់គ្រងដឹកនាំ បង្កើនផលិតភាពផលិតកម្មនិងប្រាក់ចំនេញ និងទទួលបានទីផ្សារលក់ផលិតផលកាន់តែច្រើន។
















