ការជួបជាមួយសមាជិកសហគមន៍កសិកម្មចិញ្ចឹមមាន់ស្រែសង្កាត់បរយ៉ាខា នៅខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានជួបជាមួយសមាជិកសហគមន៍កសិកម្មចិញ្ចឹមមាន់ស្រែសង្កាត់បរយ៉ាខា នៅភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។
គោលបំណង៖ ជួបពិភាក្សាអំពីបច្ចេកទេស និងចំណេះដឹងទាក់ទងនឹងការចិញ្ចឹមមាន់ដោយរក្សាបានអត្រាជោគជ័យខ្ពស់ និងផែនការអនុវត្តសកម្មភាពចែករំលែកចំណេះដឹង និងបទពិសោធពីកសិករនាំមុខទៅកសិករជាសមាជិកសហគមន៍កសិកម្ម (F2F) សម្រាប់ឆ្នាំ ២០២៦ នេះ។
យោងតាមការពិភាក្សាជាមួយ លោក អ៊ឹម ឬទ្ធី ជាអនុប្រធានសហគមន៍កសិកម្មចិញ្ចឹមមាន់ស្រែសង្កាត់បរយ៉ាខា។ លោកជាអ្នកមានបទពិសោធចិញ្ចឹម និងព្យាបាលលជំងឺមាន់។ លោកបានបញ្ជាក់ថាការចិញ្ចឹមមាន់ដោយមិនប្រើបច្ចេកទេសកសិកម្ម មានកត្តាហានិភ័យ និងខាតបង់ខ្ពស់។ តាមរយៈការពិភាក្សាលោកក៍បានណែនាំដល់សមាជិកសហគមន៍កសិកម្មដែលចិញ្ចឹមមាន់ អំពី ចំណុចសំខាន់ៗ ដែលកសិករចិញ្ចឹមមាន់ត្រូវអនុវត្ត រួមមាន៖ ការធ្វើវ៉ាក់សាំងមាន់ ការផ្សំនិងផលិតចំណីមាន់ដែលមានវីតាមីនគ្រប់គ្រាន់ និងការមើលថែ អនាម័យទ្រុងនិងបរិស្ថានជុំវិញទីតាំងចិញ្ចឹម ផងដែរ។
លោកក៏បានលើកឡើង អំពី មេរៀនបច្ចេកទេសចិញ្ចឹមមាន់ដែលមន្រ្តីមន្ទីរកសិកម្មបានបង្រៀន ចែករំលែកដល់កសិករសមាជិកសហគមន៍កសិកម្មក្នុងសកម្មភាព F2F កាលឆ្នាំ ២០២៥ កន្លងមក ថាមានខ្លឹមសារល្អដែលអ្នកចិញ្ចឹមគប្បីយកអនុវត្តដើម្បីចិញ្ចឹមមាន់ទទួលបានផលល្អ។
បច្ចុប្បន្ននេះ លោកចិញ្ចឹមមាន់មេចំនួន ១៣ ក្បាល មាន់បា ៣ ក្បាល កូនមាន់អាយុ ១ ខែវ៉ាក់សាំងរួច ២ ដង និងមាន់ជំទង់ៗ សរុបចំនួន ១១០ ក្បាល។ ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៦ នេះ លោកបានលក់មាន់សាច់ដែលមានទម្ងន់ ១,២ ទៅ ១,៥ គីឡូក្រាមចំនួន ២៥ ក្បាល ដោយក្នុង ១ គីឡូក្រាមលក់បានតម្លៃ ១៧ ០០០រៀល។





