Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការសិក្សាពីកសិករឆ្នើម អំពីបទពិសោធជោគជ័យក្នុងខ្សែច្រវាក់តម្លៃបន្លែ នៅសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ខេត្តតាកែវ

ការសិក្សាពីកសិករឆ្នើម អំពីបទពិសោធជោគជ័យក្នុងខ្សែច្រវាក់តម្លៃបន្លែ នៅសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ខេត្តតាកែវ

 

ដោយពិនិត្យឃើញថារហូតមកដល់សព្វថ្ងៃ មានកសិករជាច្រើនមានភាពនាំមុខ ឬ ភាពឆ្នើម ពោលគឺ បាន និងកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការអនុវត្តល្អ កម្មវិធី ASPIRE-AT ដែលជាយន្តការមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកម្មវិធីមួយសម្រាប់កសិករនាំមុខ ដើម្បីរៀនសូត្រ និងចែករំលែកចំណេះដឹង អំពីបទពិសោធជោគជ័យក្នុងខ្សែច្រវាក់តម្លៃបន្លែ នៅសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ខេត្តតាកែវ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ពិធីបើកត្រូវបានប្រព្រឹត្តទៅក្រោមការចូលរួមដោយ លោក ស៊ឹម បូរ៉ាមី ប្រធានការិយាល័យនីតិកម្ម និងដោះស្រាយវិវាទសហគមន៍កសិកម្ម នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក វ៉េង ផាណូ អនុប្រធានការិយាល័យផែនការស្ថិតិ នាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្ដរជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម និងជាមន្រ្តីទទួលបន្ទុកផ្នែកត្រួតពិនិត្យ វាយតម្លៃ និងកសាងផែនការ នៃកម្មវិធី ASPIRE-AT និងលោក អ៊ុន អឿន ប្រធានសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់។ កម្មវិធីនេះ ត្រូវបានរៀបចំសម្រាប់មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ មន្ត្រីលេខាធិការដ្ឋានកម្មវិធី និងកសិករនាំមុខដែលជាថ្នាក់ដឹកនាំនិងសមាជិកសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប មកពីខេត្តព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពត ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប សរុបចំនួន ៤៨នាក់ (ក្នុងនោះមានស្ត្រី ១៣នាក់)។

កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង៖
− ពង្រឹងសមត្ថភាពបន្ថែមដល់កសិករនាំមុខ ក្នុងខ្សែច្រវាក់តម្លៃបន្លែ ដើម្បីជាមូលដ្ឋានក្នុងការបង្កើតផលិតភាពរបស់ខ្លួន និងផ្សព្វផ្សាយបទពិសោធជោគជ័យបន្តដល់សមាជិកសហគមន៍កសិកម្ម
− ផ្លាស់ប្តូរបទពិសោធពីគ្នាទៅវិញទៅមក រវាងកសិករឆ្នើម និងកសិករនាំមុខ អំពីខ្សែច្រវាក់តម្លៃខាងលើ
− បង្កើតជាបណ្តាញកសិករនាំមុខខ្សែច្រវាក់តម្លៃខាងលើ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសនានា ដែលកើតមានឡើង រួមទាំងទីផ្សារបន្លែផងដែរ។

កសិករនាំមុខបានទទួលចំណេះដឹង និងបច្ចេកទេសថ្មីៗ ដែលជាបទពិសោធជោគជ័យរបស់សហគមន៍កសិកម្មទំនើបខាងលើ អំពីការគ្រប់គ្រងសហគមន៍កសិកម្ម ការរៀបចំផែនការអាជីវកម្ម និងយុទ្ធសាស្រ្តធ្វើទីផ្សារបន្លែ ព្រមទាំងបច្ចេកទេសដូចជា៖ លាយដីបណ្ដុះ បណ្ដុះកូនបន្លែ រៀបចំដីដាំដុះ រៀបចំប្រព័ន្ធស្រោចស្រព ថែទាំ ប្រមូលផល ទុកដាក់ក្រោយប្រមូលផល និងដឹកជញ្ជូន។ លើសពីនេះ អ្នកចូលរួមបានពិភាក្សាគ្នា និងផ្លាស់ប្តូរបទពិសោធនពីគ្នាទៅវិញទៅមក ក្នុងខ្សែច្រវាក់តម្លៃបន្លែ។ កិច្ចការបន្ដរបស់ក្រុមកសិករខាងលើ គឺត្រូវចែករំលែកចំណេះដឹងដែលទទួលបានពីកម្មវិធី ទៅដល់សមាជិកសហគមន៍កសិកម្មរៀងៗខ្លួន។
ក្រុមការងារក៏បានចងក្រងក្រុមកសិករខាងលើ ចូលរួមជាបណ្ដាញកសិករនាំមុខ ក្នុងក្រុម Telegram ដើម្បីចូលរួមដោះស្រាយបញ្ហាបច្ចេកទេសនានា ដែលអាចកើតមានឡើង និងទីផ្សារបន្លែផងដែរ។

 

 

Leave a Reply

Your email address will not be published.