ការជួបជាមួយសមាជិកសហគមន៍កសិកម្មកសិករកន្ទ្រាំងសាមគ្គីអភិវឌ្ឍន៍ និងសហគមន៍កសិកម្មកសិកររីកចម្រើនក្របីរៀល នៅខេត្តសៀមរាប
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានជួបជាមួយសមាជិកសហគមន៍កសិកម្មកសិករកន្ទ្រាំងសាមគ្គីអភិវឌ្ឍន៍ និងសហគមន៍កសិកម្មកសិកររីកចម្រើនក្របីរៀល។
កសិករនាំមុខ យង់ លី ជាសមាជិកសហគមន៍កសិកម្មកសិករកន្ទ្រាំងសាមគ្គីអភិវឌ្ឍន៍ នៅភូមិតាត្រាវ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង។
កសិករនាំមុខ ឈាត់ ប្រែក ជាសមាជិកសហគមន៍កសិកម្មកសិកររីកចម្រើនក្របីរៀល នៅភូមិគោកដូង សង្កាត់ក្របីរៀល ក្រុងសៀមរាប។
គោលបំណងនៃការជួបនេះ ដើម្បីពិនិត្យមើល និងសិក្សាស្វែងយល់អំពី គុណភាពបន្លែ បច្ចេកទេសដំាដុះ និងដោះស្រាយបញ្ហាប្រឈមនានា។
លោក យង់ លី និង លោក ឈាត់ ប្រែក ត្រូវបានជ្រើសរើសជាកសិករនាំមុខក្នុងឆ្នាំ ២០២៥ លោកទាំង២ ជាកសិករឧស្សាហ៍ព្យាយាម និងអំណត់ក្នុងការដាំដុះ។ សព្វថ្ងៃលោកទាំង ២ ដាំបន្លែក្នុងផ្ទះសំណាញ់ផង និងក្រៅផ្ទះសំណាញ់ផង។ ចំពោះការប្រមូលផលបានទទួលលទ្ធផលល្អប្រសើរអាចទ្រទ្រង់ជីវភាពគ្រួសារបាន។ ក្រៅពីនេះ ពួកគាត់បានចិញ្ចឹមមាន់ គោ និងជ្រូក ដើម្បីរកចំណូលបានថែមទៀត។
ជាមួយគ្នានេះដែរ បានជួប និងពិនិត្យមើលការដាំដុះ របស់កសិករសក្តានុពលក្នុងសហគមន៍កសិកម្ម ដែលពួកគាត់សុទ្ធតែដាំជាលក្ខណៈអចិន្រ្តៃយ៍ និងវិលជុំដើម្បីរកប្រាក់ចំណូល។ ដោយឡែក សម្រាប់ទីផ្សារ កសិផលរបស់ពួកគាត់ បានលក់ទៅផ្សារ Highhway ផ្សារសាមគ្គី និងផ្សារចុងសប្តាហ៍។
ជាទូទៅតាមការសង្កេត របរកសិកម្មមានលក្ខណៈងាយស្រួល អាចរកចំណូលផ្គត់ផ្គង់គ្រួសារបាន ដោយកសិករឧស្សាហ៍ ព្យាយាមនិងយកចិត្តទុកដាក់ក្នុងការងារដាំដុះ និងចិញ្ចឹមសត្វ ដែលមានលក្ខណៈជាពិពិធកម្មកសិកម្ម។



















