ការជួបសមាជិកសហគមន៍កសិកម្ម បន្លែសុវត្ថិភាពអូរតាវ៉ៅ នៅខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានជួបសមាជិកសហគមន៍កសិកម្ម បន្លែសុវត្ថិភាពអូរតាវ៉ៅ នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។
កសិករ សឿន សីហា ជាកសិករគ្រូ និងជាសមាជិកសហគមន៍កសិកម្ម។ លោកមានដាំបន្លែចម្រុះផ្គត់ផ្គង់ទីផ្សារក្នុងស្រុក មានដូចជា៖ ម្ទេសដៃនាងលើផ្ទៃដី ០,៤៨ ហិកតា ដែលទើបចាប់ផ្តើមប្រមូលផលកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៦ បានចំនួន ៥ លើក គិតត្រឹមថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៦ មានបរិមាណផល ១៩៥ គីទ្បូក្រាម ហើយលក់បានជាទឹកប្រាក់សរុប ៦៩៣ ៥០០ រៀល។ លោកដាំប៉េងប៉ោះឆៀរីក្នុងផ្ទះសំណាញ់បាន ៥ រង ដោយមាន ១០ ជួរ ក្នុងផ្ទះសំណាញ់ទំហំ ១០ម៉ែត្រការេ x ២៥ម៉ែត្រការេ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលពេលនេះលោកបាន និងកំពុងប្រមូលផលចាប់ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៦ មកដល់ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានចំនួន ១៣ លើក និងមានបរិមាណផលសរុប ២៣០ គីឡូក្រាម ហើយលក់ជាទឹកប្រាក់សរុប ៣ ៦០៣ ០០០ រៀល។ ប៉េងប៉ោះឆៀរីលក់បានតម្លែពី ៣ ០០០ – ៤ ០០០ រៀល/គីទ្បូក្រាម។ តម្លៃក្នុងកិច្ចសន្យាទិញលក់ជាមួយក្រុមហ៊ុន Local Brown តំណាងដោយលោក Chan Sakda 098517627 មានតម្លៃ ៤ ០០០រៀល/គីទ្បូក្រាម។ បន្លែប៉េងប៉ោះឆៀរីនេះ អាចប្រមូលផលបានរយៈពេល ៣ ខែ ពោលគឺលោកអាចប្រមូលផលរហូតដល់ចុងខែមីនា ឆ្នាំ ២០២៦។ លោកដាំពោតសម្រាប់លក់ជាផ្លែខ្ចី និងស្ងោរលក់ លើផ្ទៃដី ០,៥ ហិកតា និងដាំទំពាំងបារាំង លើផ្ទៃដី ២ ០០០ ម៉ែត្រការេ ប៉ុន្តែពេលនេះផ្ទៃដីដាំទំពាំងបារាំង ដែលកំពុងប្រមូលផលលើផ្ទៃដី ៥០០ ម៉ែត្រការេ ប៉ុណ្ណោះ ដោយប្រមូលផលរៀងរាល់ ២ ថ្ងៃម្តង បាន ២,៥ គីឡូក្រាម និងលក់បានតម្លៃ ១២ ០០០រៀល/គីឡូក្រាម។
ក្រៅពីដាំបន្លែខាងលើ លោកក៏បានដាំបន្លែផ្កាស្ពៃ និងស្ពៃក្តោបមួយចំនួន ផងដែរ ដោយដាំក្នុងមួយរង ម្ទេសដៃនាងជាការសាកល្បង ប៉ុន្តែតាមការពិនិត្យជាក់ស្តែងបន្លែទាំងពីរមុខនេះ មានការលូតលាស់ល្អ និងកំពុងផ្តល់ផលបណ្តើរៗផងដែរ។
នៅពេលខាងមុខ លោកនឹងពង្រីកការដាំដុះម្ទេសដៃនាងលើផ្ទៃដី ០,៤៨ ហិកតា និងល្ហុងលើផ្ទៃដី ១,៥ ហិកតាទៀត ផងដែរ។
បច្ចុប្បន្ននេះ លោកមានចំណូលបានមកពីការលក់បន្លែប្រចាំថ្ងៃ ពី ៥០ ០០០ – ២០០ ០០០ រៀល ក្នុងមួយថ្ងៃ អាស្រ័យតាមការកម្មង់ទិញតិច ឬ ច្រើន តាមថ្ងៃដោយអ្នកទទួលទិញ។
ទាក់ទងនឹងការគាំទ្ររបស់កម្មវិធី ASPIRE AT លោកក៏មានបំណងចង់បានប្រាក់កម្ចីពីធនាគារ ARDB តាមរយៈកម្មវិធី ASPIRE-AT សម្រាប់ទិញម៉ាស៊ីនវ៉ៃដី ១ គ្រឿង និងរៀបចំប្រព័ន្ធស្រោចស្រពបន្លែដោយប្រព័ន្ធតំណក់ទឹក ជាដើម។












