Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបសមាជិកសហគមន៍កសិកម្មចិញ្ចឹមមាន់ស្រែសង្កាត់បរយ៉ាខា នៅខេត្តប៉ៃលិន

ការជួបសមាជិកសហគមន៍កសិកម្មចិញ្ចឹមមាន់ស្រែសង្កាត់បរយ៉ាខា នៅខេត្តប៉ៃលិន

កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានជួបសមាជិកសហគមន៍កសិកម្មចិញ្ចឹមមាន់ស្រែសង្កាត់បរយ៉ាខា នៅភូមិបរហ៊ុយខ្មែរត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។

លោក អ៊ឹម រិទ្ធី ជាសមាជិកសហគមន៍កសិកម្ម បានចាប់ផ្តើមចិញ្ចឹមមាន់ស្រែតាំងពីឆ្នាំ១៩៩៦ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នៅតាមរមណីយដ្ឋាន និងភោជណីយដ្ឋានមួយចំនួន នៅក្នុងតំបន់ដែលគាត់រស់នៅ និងសម្រាប់ធ្វើជាអាហារក្នុងក្រុមគ្រួសាររបស់លោក ជាប្រចាំខ្លះផងដែរ។

ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ គាត់លក់មាន់បានចំនួន ៧៣ ក្បាល ដោយមាន់ ១ ក្បាល បោចហើយ មានទម្ងន់ ១,២ គីឡូក្រាម លក់បានតម្លៃ ១៦ ០០០ – ១៨ ០០០ រៀល/គីទ្បូក្រាម។

លោកមានបទពិសោធន៍ល្អៗ និងបានចែករំលែកការចិញ្ចឹមមាន់ ជូនដល់សមាជិកសហគមន៍កសិកម្មរបស់លោក នូវ ៣ ចំណុច៖ ១.អ្នកចិញ្ចឹមមាន់ត្រូវចេះធ្វើវ៉ាក់សាំង (បន្តក់ និងចាក់ថ្នាំ) ២.បច្ចេកទេសធ្វើចំណីមាន់ និង ៣. ការមើលថែទាំអនាម័យទ្រុងមាន់ឱ្យបានស្អាតជានិច្ច។

បច្ចុប្បន្ននេះ លោកចិញ្ចឹមមាន់មេបាពូជចំនួន ១៥ ក្បាល និងមានឈ្មោលបា ២ ក្បាល មាន់ជំទង់ ២០ ក្បាល និងកូនមាន់ ៧០ក្បាល លើផ្ទៃដី ២៤ម X ៣៥ម ស្មើនិង (៨៤០ ម៉ែត្រការេ) មានរោងមាន់ ១ ខ្នងទំហំ ៦៤ ម៉ែត្រការេ និងទ្រុងតូចៗសម្រាប់ដាក់កូនមាន់ តាមទំហំចំនួន ៣ ។

លោកមានឧបករណ៍សម្រាប់ផលិតចំណីមាន់ដូចជា ម៉ូទ័រកិនបំបែកគ្រាប់ពោត ម៉ូទ័រកិនស្លឹកឈើ និងម៉ូទ័រសូន្យចំណី ព្រមទាំងទូរភ្ញាស់ ១ មានចំនុះ ៤០០គ្រាប់។ ក្រៅពីធ្វើចំណីមាន់ និងអនាម័យទីកន្លែងចិញ្ចឹមមាន់ លោកក៍មានចំណេះដឹងច្បាស់លាស់ក្នុងការធ្វើវ៉ាក់សាំងមាន់ ផងដែរ។ គាត់ប្រាប់ថា ការចិញ្ចឹមមាន់ ត្រូវតែប្រើវ៉ាក់សាំង ទើបអាចទប់ស្កាត់ហានិភ័យកុំឱ្យមាន់ងាប់បាន។

កសិកររូបនេះ មានគោលបំណងពង្រីកការចិញ្ចឹមមាន់ស្រែនៅពេលខាងមុខសម្រាប់ផ្គត់ផ្គង់ទីផ្សារតាមភោជីយដ្ឋាន និងរមនីយដ្ឋានមួយចំនួន នៅក្នុងតំបន់គាត់រស់នៅ។ លោកថា “ការចិញ្ចឹមមាន់តិចពេកអាចខាតថ្លៃដើមផលិត ដោយទាក់ទងនឹងការខ្ជះខ្ជាយវ៉ាក់សាំង និងពេលវេលាមើលថែផងដែរ ព្រោះថាចិញ្ចឹមមាន់តិច ឬ ច្រើន ក៍ត្រូវចំណាយពេលយ៉ាងតិច ២-៣ ម៉ោងដូចគ្នា”។

ទាក់ទងនឹងការគាំទ្ររបស់កម្មវិធី ASPIRE AT ក្នុងការផ្តល់ប្រាក់កម្ចីវិនិយោគពីធនាគារ ARDB ជូនសមាជិក និងសហគមន៍កសិកម្ម សម្រាប់ពង្រីកអាជីវកម្ម និងផលិតកម្ម លោក អ៊ឹម រិទ្ធី សម្តែងការព្រួយបារម្មណ៍ច្រើនថា “មនុស្សមួយចំនួនត្រូវការ និងចង់ទទួលបានប្រាក់កម្ចីពីកម្មវិធី ប៉ុន្តែពួកគេភាគច្រើនមិនមានចំណេះដឹង និងគោលដៅច្បាស់លាស់ក្នុងប្រើប្រាស់ប្រាក់កម្ចីនោះ ក្នុងការចិញ្ចឹមមាន់ ដែលកត្តានេះអាចនឹងធ្វើឱ្យពួកគាត់ក្លាយជាអ្នកជាប់បំណុលរឹតតែច្រើនទៅវិញ”។

 

 

 

Leave a Reply

Your email address will not be published.