ការជួបជាមួយកសិករនាំមុខ វ៉ាញ វុន នៅខេត្តសៀមរាប
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានជួបជាមួយកសិករនាំមុខ វ៉ាញ វុន នៅភូមិបែកកាំភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម ជាសមាជិកសហគមន៍កសិកម្មប្រាំបួននាងនួនចាន់ស។
ការជួបនេះ ដើម្បីពិនិត្យ និងសិក្សាស្វែងយល់អំពី គុណភាពបន្លែ បច្ចេកទេសដំាដុះ និងដោះស្រាយបញ្ហាប្រឈមនានា។
លោក វ៉ាញ វុន ត្រូវបានជ្រើសរើសជាកសិករនាំមុខក្នុងឆ្នាំ ២០២៥ ជាកសិករដែលឧស្សាហ៍ព្យាយាម និងអំណត់ក្នុងការដាំដុះ។ សព្វថ្ងៃ លោកដាំដំណាំចំនួន ៤ កន្លែង ក្នុងនោះទី១ ដាំស្ពៃក្តោបទំហំ ៤ ០០០ម៉ែត្រការេ ទី២ ដាំត្រសក់ទំហំ ៣ ០០០ម៉ែត្រការេ ច្បារទី៣ ដាំខាត់ណាផ្កាទំហំ ៣០០០ម៉ែត្រការេ និងទី៤ ដាំម្រះទំហំ ៣០០០ម៉ែត្រការេ ។ ចំពោះការប្រមូលផល ត្រសក់លក់បាន ៣លានរៀល ខាត់ណាផ្កាលក់បាន ២លានរៀល និងម្រះលក់បាន ៨លានរៀល។ ដោយឡែកចំពោះស្ពៃក្តោបដែលមានចំនួន ៦១រង អាចប្រមូលផលក្នុងរដូវចូលឆ្នាំចិន និងអាចរកចំណូលបានជាង ១៥លានរៀល។ បន្ទាប់ពីប្រមូលផលរួច គាត់គ្រោងដាំខាត់ណាផ្កា ម្រះ និងត្រសក់ជាបន្តទៀត។ ក្រៅពីនេះ លោកបានចិញ្ចឹមមាន់យកពងចំនួន ១០០ក្បាលថែមទៀត។ ជាមួយគ្នានេះដែរ បានជួបជាមួយកសិករសក្តានុពលក្នុងសហគមន៍កសិកម្មចំនួន ៧រូប ដែលពួកគាត់សុទ្ធតែដាំជាលក្ខណៈអចិន្រ្តៃយ៍ និងវិលជុំដើម្បីរកប្រាក់ចំណូល។ ភាគច្រើនកសិករនៅភូមិបែកកាំភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម និយមនាំគ្នាដាំម្ទេស ម្រះ សណ្តែកកួរ ត្រប់ ត្រសក់ ត្រឡាច និងខាត់ណាផ្កា ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។ ដោយឡែកសម្រាប់ទីផ្សារកសិផលទាំងនេះ មានលក់នៅផ្សារ Highhway ផ្សារសាមគ្គី ផ្សារចុងសប្តាហ៍ និងនាំចេញទៅរាជធានីភ្នំពេញ និងខេត្តព្រះវិហារ ។ ជាទូទៅតាមការសង្កេត របរកសិកម្មមានលក្ខណៈងាយស្រួល អាចរកចំណូលផ្គត់ផ្គង់គ្រួសារបាន ប្រសិនបើកសិករឧស្សាហ៍ ព្យាយាម និងយកចិត្ត ទុកដាក់ក្នុងការងារដាំដុះ ចិញ្ចឹមសត្វ ដែលមានលក្ខណៈជាពិពិធកម្មកសិកម្ម។















