ការជួបជាមួយកសិករនាំមុខ និងជាសមាជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពឃុំសំរុង និងសហគមន៍កសិកម្មបន្លែសុវត្ថិភាពបៃតងឃុំអណ្តូងថ្ម នៅខេត្តព្រះសីហនុ
កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានទៅជួបកសិករនាំមុខ និងជាសមាជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពឃុំសំរុង និងសហគមន៍កសិកម្មបន្លែសុវត្ថិភាពបៃតងឃុំអណ្តូងថ្ម។
គោលបំណង នៃការជួបនេះ គឺ៖ (១) ពិភាក្សា អំពី ការចែករំលែកបច្ចេកទេស និងបទពិសោធន៍ជោគជ័យ ពីកសិករនាំមុខ ទៅកសិករជាសមាជិកសហគមន៍កសិកម្ម (F2F) (២) ពង្រីកផលិតកម្មបន្លែ និង (៣) ការផ្សារភ្ជាប់ទីផ្សារ។
បន្ទាប់មក ក្រុមការងារបានទៅពិនិត្យការដាំដុះបន្លែធម្មជាតិក្នុង និងក្រៅផ្ទះសំណាញ់ របស់សមាជិកសហគមន៍កសិកម្ម ដែលមានសក្តានុពលចំនួន ៣ នាក់៖
១) លោក នួន ធីវ ជាសមាជិសហគមន៍កសិកម្មបន្លែសុវត្ថិភាពឃុំសំរុង នៅភូមិសំរុងក្រោម ស្រុកព្រៃនប់។ គាត់ដាំបន្លែទាំងក្នុង និងក្រៅផ្ទះសំណាញ់ គ្រប់រដូវកាល (ក្នុងផ្ទះសំណាញ់ដាំស្ពៃក្រញ៉ាញ់ តឿ ខៀវ និងនៅក្រៅផ្ទះសំណាញ់ដាំត្រកួន និងជី) ដោយប្រមូលបានពី ១៥ ទៅ ២០ គីទ្បូក្រាមក្នុងមួយថ្ងៃ។
២) លោក ប៊ុត នឿន ជាសមាជិសហគមន៍កសិកម្មបន្លែសុវត្ថិភាពឃុំសំរុង នៅភូមិសំរុងក្រោម ស្រុកព្រៃនប់ គាត់ដាំបន្លែទាំងក្នុង និងក្រៅផ្ទះសំណាញ់ គ្រប់រដូវកាល ដោយប្រមូលបានពី ២០ ទៅ ៣០ គីទ្បូក្រាមក្នុងមួយថ្ងៃ។
៣) លោក នួន សំរិទ្ធសុខន ជាប្រធានសហគមន៍កសិករ និងជាកសិករនាំមុខ របស់សហគមន៍កសិកម្មបន្លែសុវត្ថិភាពបៃតងឃុំអណ្តូងថ្ម នៅភូមិអណ្តូងថ្ម ស្រុកព្រៃនប់ (គាត់មិនមានផ្ទះសំណាញ់ទេ) គាត់ដាំបន្លែចម្រុះ រួមមាន៖ ននោង ត្រឡាច ត្រប់ស្រួយ ត្រកួន ស្ពៃខៀវ ចង្កិះ ក្រញ៉ាញ់ និងឆៃថាវ ដោយដាំគ្រប់រដូវកាល និងប្រមូលបានពី ១៥ ទៅ ២០ គីទ្បូក្រាមក្នុងមួយថ្ងៃ។
















