ការជួបពិភាក្សាជាមួយសមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាព នៅខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានជួបពិភាក្សាជាមួយសមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាព នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។
ការជួបពិភាក្សា អំពី ដំណើរការដាំដុះបន្លែ ផ្ទៃដី ការប្រមូលផល ទីផ្សារបន្លែ និងការកត់ត្រាចំណូល-ចំណាយនៃផលិតកម្មបន្លែ របស់គ្រួសារកសិករជាសមាជិកសហគមន៍កសិកម្ម។
កសិករ គៀល ធួន បានចាប់ផ្តើមប្រកបមុខរបរដាំបន្លែ នៅឆ្នាំ ២០២២ លើផ្ទៃដី ១.៦ ហិកតា។ គាត់ដាំបន្លែចម្រុះ ៣ មុខ រួមមាន៖ បន្លែផ្កាខាត់ណា បន្លែស្ពៃក្តោប និងបន្លែស្ពៃជ្រក់ ដោយធ្វើផែនការដាំដុះវិលជុំ។
ក្នុងអំឡុងខែតុលាឆ្នាំ ២០២៥ កសិករបានដាំបន្លែស្ពៃជ្រក់ លើផ្ទៃដី ៣ ២០០ ម៉ែត្រការេ ដោយបានប្រមូលផលកាលពីខែធ្នូ ឆ្នាំ២០២៥ បានបរិមាណផលសរុប ១០ ៧៤០ គីឡូក្រាម លក់បានជាប្រាក់សរុប ៩ ១១២ ០០០ រៀល និងទទួលបានប្រាក់ចំណេញ ៥ ៨៩៧ ០០០ រៀល ក្រោយផាត់ថ្លៃដើមផលិត ៣ ២១៥ ០០០ រៀល រួចហើយ។
នៅលើកទី ២ លោកបានដាំស្ពៃក្តោប កាលពីខែតុលា ឆ្នាំ ២០២៥ លើផ្ទៃដី ៦ ៤០០ ម៉ែត្រការេ និងបានប្រមូលផលពីខែធ្នូ ឆ្នាំ ២០២៥ ដល់ខែមករា ឆ្នាំ ២០២៦ បានបរិមាណផលសរុប ១៨ ៨១០ គីឡូក្រាម និងលក់បានជាប្រាក់សរុប ២៥ ៣៦៤ ០០០ រៀល និងទទួលបានប្រាក់ចំណេញ ២០ ៣៣៤ ០០០ រៀល ក្រោយផាត់ថ្លៃដើមផលិត ៥ ០៣០ ០០០ រៀល រួចហើយ។
នៅលើកទី ៣ លោកបានដាំបន្លែផ្កាខាត់ណា កាលពីខែតុលា ឆ្នាំ ២០២៥ លើផ្ទៃដី ៣ ២០០ ម៉ែត្រការេ និងបានប្រមូលផលពីខែធ្នូ ឆ្នាំ ២០២៥ បានបរិមាណផលសរុប ៣ ១៦៥ គីឡូក្រាម លក់បានជាប្រាក់សរុប ៧ ០៤២ ៥០០ រៀល និងទទួលបានប្រាក់ចំណេញ ៤ ៨៦៧ ០០០ រៀល ក្រោយផាត់ថ្លៃដើមផលិត ២ ១៧៥ ០០០ រៀល រួចហើយ។
តាមការគណនាក្នុងរបាយការណ៍ខាងលើ ចាប់ពីខែតុលា ឆ្នាំ ២០២៥ មកត្រឹមសប្តាហ៌ទី២ ខែមករា ឆ្នាំ ២០២៦ លោកបានផលិតបន្លែទាំង ៣ មុខ បានសរុប ៣២ ៧១៥ គីឡូក្រាម និងលក់បានជាប្រាក់សរុប ៤១ ៥១៨ ៥០០ រៀល ស្មើនឹង ១០ ៣៨០ ដុល្លារអាមេរិក និងទទួលបានប្រាក់ចំណេញសរុប ៣១ ០៩៨ ៥០០ រៀល ស្មើនឹង ៧ ៧៧៥ ដុល្លារអាមេរិក ក្រោយផាត់ចំណាយថ្លៃដើមផលិត រួច។
ចំពោះទីផ្សារបន្លែរបស់សហគមន៍កសិកម្មនេះ មិនសូវជួបបញ្ហាទេ ដោយសារមានអ្នកទទួលទិញនៅក្នុងសហគមន៍កសិកម្ម ដោយប្រមូលទិញយកទៅលក់បោះដុំនៅទីផ្សារនានា ក្នុងខេត្តបាត់ដំបង និងខេត្តសៀបរាប ព្រមទាំងមានអ្នកលក់ចល័តតាមរឺម៉ក ឬ ម៉ូតូ លើកយកទៅលក់តាមផ្សារ និងតាមសហគមន៍នានាក្នុងខេត្តប៉ៃលិន ផងដែរ។
ក្នុងពេលនេះ កសិករកំពុងភ្ជួររាស់ដីត្រៀមសម្រាប់ដាំបន្លែបន្ត ក្នុងវគ្គទី ១ ក្នុងឆ្នាំ ២០២៦ ។




