Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្តល់ការលើកទឹកចិត្តពន្ធដារថ្មី ដើម្បីជំរុញវិស័យកសិកម្ម

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្តល់ការលើកទឹកចិត្តពន្ធដារថ្មី ដើម្បីជំរុញវិស័យកសិកម្ម

ប្រភពព័ត៌មាន៖ https://thmeythmey.com/detail/153876

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកញ្ចប់លើកទឹកចិត្តពន្ធដារថ្មីមួយ សំដៅជំរុញខ្សែច្រវាក់តម្លៃលើវិស័យកសិកម្ម កាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងទាំងក្នុង និងក្រៅប្រទេស។ តាមរយៈប្រកាសចុះហត្ថលេខានៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន សហគ្រាសក្នុងវិស័យកសិកម្មនឹងទទួលបានការអនុគ្រោះពន្ធសំខាន់ៗចំនួន ៣ ប្រភេទ ។

១. ប្រភេទនៃការអនុគ្រោះពន្ធ

ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រហូតដល់ដំណាច់ឆ្នាំ២០២៧ សហគ្រាសដែលបំពេញលក្ខខណ្ឌត្រឹមត្រូវនឹងទទួលបាន៖

  • ការព្យួរទុកការបង់ពន្ធអប្បបរមា (Minimum Tax)
  • ការព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល (Prepayment of Tax on Income)
  • ការរួចផុតពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធ (Withholding Tax) លើការទូទាត់សេវាដែលផ្តល់ដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាស
  • រដ្ឋភិបាលនឹងរ៉ាប់រងអាករលើតម្លៃបន្ថែម (VAT) លើការផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញ ឬសេវាកម្មដល់សហគ្រាសក្នុងវិស័យនេះ ។

២. មុខទំនិញកសិកម្មដែលទទួលបានការលើកទឹកចិត្ត

ការលើកទឹកចិត្តនេះគ្របដណ្តប់លើសហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញនូវផលិតផលដូចជា៖

  • ស្រូវ-អង្ករ, ពោត, សណ្តែក, ម្រេច, ដំឡូងមី, គ្រាប់ស្វាយចន្ទី
  • ជ័រកៅស៊ូ, មៀនប៉ៃលិន, ស្វាយ, ចេក
  • ការចិញ្ចឹមសត្វ និងវារីវប្បកម្ម
  • ផលិតផលដូងប្រេងក្នុងស្រុក (សម្រាប់ប្រើជាវត្ថុធាតុដើមផលិតចំណីសត្វ)។

៣. លក្ខខណ្ឌចាំបាច់ដើម្បីទទួលបានការលើកទឹកចិត្ត

ដើម្បីទទួលបានការអនុគ្រោះនេះ សហគ្រាសត្រូវ៖

  • ដាក់ពាក្យស្នើសុំ “វិញ្ញាបនបត្រអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ” ពីអគ្គនាយកដ្ឋានពន្ធដារ
  • ភ្ជាប់បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញ ឬសេវា ជាមួយលិខិតប្រកាស VAT ប្រចាំខែ
  • កាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវតាមច្បាប់
  • ដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំឱ្យបានទាន់ពេលវេលា

បញ្ជាក់៖ ក្នុងករណីសហគ្រាសខកខានមិនបានបំពេញតាមលក្ខខណ្ឌណាមួយ ការលើកទឹកចិត្តពន្ធដារនឹងត្រូវដកហូតវិញ ។

 

Leave a Reply

Your email address will not be published.