ការជួបពិភាក្សាជាមួយសមាជិកសហគមន៍កសិកម្មព្រែករកាអភិវឌ្ឍន៍ នៅខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានជួបពិភាក្សាជាមួយសមាជិកសហគមន៍កសិកម្មព្រែករកាអភិវឌ្ឍន៍ នៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ដែលមានអ្នកចូលរួមសរុប ៩នាក់ ក្នុងនោះមានស្រ្តី ១នាក់។
គោលបំណង នៃការជួបពិភាក្សានេះ ពិនិត្យការងាររបស់កសិករនាំមុខដែលជាសមាជិកសហគមន៍កសិកម្ម ផលិតកម្មចិញ្ចឹមមាន់ស្រែ ការចែករំលែកចំណេះដឹង ជូនដល់សមាជិកសហគមន៍កសិកម្ម ដែលគាំទ្រដោយកម្មវិធី ASPIRE-AT និងការប្រមូលទិន្នន័យ លើខ្សែច្រវាក់តម្លៃមាន់ស្រែ ផងដែរ។
ជាលទ្ធផល៖
– ទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត បានជម្រាបជូនអំពីគោលបំណង នៃការជួបពិភាក្សា និងការប្រមូលទិន្នន័យ ជូនដល់លោកមេឃុំ និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម ដើម្បីជ្រាបជាព័ត៌មាន និងសុំកិច្ចសហការ
– លោកប្រធានសហគមន៍កសិកម្មព្រែករកាអភិវឌ្ឍន៍ បានជម្រាប អំពីវឌ្ឍនភាព នៃការចិញ្ចឹមមាន់ និងបញ្ហាប្រឈមមួយចំនួន រូមមាន៖ ចំណុចវិជ្ជមាន សមាជិកមួយចំនួនធំ បានចាប់ផ្តើមធ្វើការកែលម្អទ្រុងមាន់ ចាក់ដីលើកបំពេញទីធ្លារោងមាន់ឡើងវិញ ក្រោយពេលបរាជ័យកន្លងមក រីឯកសិករ ខ្លះដាក់លក់តាមហ្វេសបុក (Facebook) ដែលអាចលក់មាន់បោចរួចបាន ចន្លោះពី ៥ – ១០ក្បាល/សប្ដាហ៍ មានតម្លៃ ១គីទ្បូក្រាម/២៥ ០០០៛ និងជាមធ្យមសមាជិកសហគមន៍ អាចលក់មាន់រស់បាន ចន្លោះពី ២០ – ៣០ក្បាល/គ្រួសារ ក្នុងមួយខែ មានតម្លៃ ១៨ ០០០៛/គីទ្បូក្រាម ទៅ ២០ ០០០៛/គីទ្បូក្រាម អាស្រ័យលើថ្ងៃធម្មតា និងថ្ងៃបុណ្យទាន ដោយមានឈ្មួញប្រមូលទិញក្នុងស្រុកចំនួន ២នាក់ ដើរទិញជាប្រចាំ
– បានពិនិត្យការចិញ្ចឹមមាន់របស់សមាជិកសហគមន៍កសិកម្មតាមផ្ទះ និងសាកសួរព័ត៌មានទិញលក់មាន់ ជាប្រចាំ
– បានសាកសួរព័ត៌មានបន្ថែមអំពីការចែករំលែកចំណេះដឹងរបស់កសិករនាំមុខ ប៊ិន វិន ជូនដល់សមាជិកសហគមន៍កសិកម្ម
– បានណែនាំដល់ថ្នាក់ដឹកនាំ និងសមាជិក ដែលមានបំណងពង្រីកអាជីវកម្មរបស់ខ្លួន ហើយត្រូវការប្រាក់កម្ចី អាចចុះឈ្មោះ តាមរយៈថ្នាក់ដឹកនាំ និងជូនដំណឹងមកក្រុមការងារកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត ដើម្បីពិនិត្យ និងវាយតម្លៃមុនបញ្ជូនឈ្មោះទៅលេខាធិការដ្ឋានកម្មវិធី ASPIRE-AT ជាបន្ត។










