កសិករនាំមុខ កន ប៊ុនធឿន នៅសហគមន៍កសិកម្មអភិវឌ្ឍន៍ជ្រៃលាស់ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
កសិករនាំមុខ កន ប៊ុនធឿន នៅសហគមន៍កសិកម្មអភិវឌ្ឍន៍ជ្រៃលាស់ ឃុំជ្រៃលាស់ ស្រុកពញាឮ។ លោកជាកសិករនាំមុខម្នាក់ ដែលចិញ្ចឹមមាន់ស្រែ និងបានចែករំលែកចំណេះដឹង ជូនកសិករសមាជិកក្នុងសហគមន៍កសិកម្ម ដែលគាំទ្រដោយកម្មវិធី ASPIRE-AT ។
លោកបានធ្វើទ្រុង ១ ខ្នង បន្ថែមទៀត មានទំហំ ៦ម៉ែត្រ x ៩ម៉ែត្រ និងបានកែសម្រួលទ្រុងចាស់ឱ្យល្អប្រសើរជាងមុន លើផ្ទៃដីផលិតកម្មទំហំ ១ ៩០០ ម៉ែត្រការេ ហើយបានដាក់ទូរភ្ញាស់កូន ៥០០ គ្រាប់ បន្ថែមផងដែរ។ បច្ចុប្បន្ននេះ លោកមានមាន់៖ មេ ១២០ក្បាល បា ៣៦ក្បាល កូនមាន់ ៤០០ក្បាល និងមាន់សាច់ជំទង់ជាង ១០០ក្បាល។ ក្នុងនាមលោកជាកសិករនាំមុខ និងជាអ្នកទទួលបន្ទុកផ្នែកទីផ្សាររបស់សហគមន៍កសិកម្មផងនោះ លោកអាចប្រមូលទិញមាន់ ពីសមាជិក ដើម្បីលក់បន្តទៅឈ្មួញ ក្នុងស្រុក និងក្រុមហ៊ុនប្រមូលទិញបានជាប្រចាំថ្ងៃ ដោយក្នុងនោះ អាចលក់បាន៖
– មាន់សាច់ (រស់) ២០០០ក្បាល ទៅ ៣០០០ក្បាល/ខែ (១ក្បាល អាចមានទម្ងន់ ១.៥គីទ្បូក្រាម ដោយមានតម្លៃ ២០ ០០០រៀល/គីទ្បូក្រាម)
– មាន់សាច់ (បោចរួច) ៦០ក្បាល/ថ្ងៃ (១ក្បាល អាចមានទម្ងន់ ១.៣គីទ្បូក្រាម ដោយមានតម្លៃ ២៤ ០០០រៀល/គីទ្បូក្រាម)
– មាន់ពូជ (មេបា) ៥០ក្បាល/ខែ (១ក្បាល មានតម្លៃ ៤៥ ០០០រៀល)
– កូនមាន់ ៣០០០ក្បាល/ខែ (១ក្បាល មានតម្លៃ ៤៥០០រៀល)
– ជីលាមកមាន់ ១៥បាវ/ខែ (១បាវ មានទម្ងន់ ៣០គីទ្បូក្រាម ដោយមានតម្លៃ ១បាវ ស្មើនឹង ៥ ០០០រៀល)។
ក្រៅពីលក់មាន់ពូជ មាន់សាច់ កូនមាន់ និងជីលាមកមាន់ លោក កន ប៊ុនធឿន មានភារកិច្ចទៅជួយសមាជិកសហគមន៍កសិកម្មតាមផ្ទះ និងតាមភូមិដើម្បីណែនាំបច្ចេកទេសចិញ្ចឹមមាន់ជាប្រចាំ ហើយក៏មានផ្ដល់សេវាកម្ម ផ្តល់បច្ចេកទេសក្នុងការររៀបចំទ្រុងមាន់ ការធ្វើវ៉ាក់សាំងមាន់ និងលក់ធាតុចូល សម្រាប់ការចិញ្ចឹមមាន់ មានដូចជា៖ ចំណីកូនមាន់ ថ្នាំការពារ/ព្យាបាលមាន់ វ៉ាក់សាំង និងសំបកកេសដាក់កូនមាន់ផងដែរ។










