ការជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មអភិវឌ្ឍន៍ឃុំក្បាលទឹក និងមន្ត្រីកសិកម្មឃុំ នៅខេត្តកំពង់ឆ្នាំង
កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មអភិវឌ្ឍន៍ឃុំក្បាលទឹក និងមន្ត្រីកសិកម្មឃុំ នៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស។
ការជួបប្រជុំនេះ មានគោលបំណង ដូចជា៖ ១.តម្រង់ទិសអំពី តួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ២.ផ្ទៀងផ្ទាត់ទិន្នន័យគ្រួសារសមាជិកសហគមន៍កសិកម្ម ក្នុងប្រព័ន្ធ MIS របស់កម្មវិធី ASPIRE-AT ៣.ពិភាក្សាអំពីផែនការផលិតកម្មមាន់សាច់ និងបន្លែ និងតម្រូវការទីផ្សារ ៤.ផ្សព្វផ្សាយអំពីលទ្ធភាពដែលសហគមន៍កសិកម្ម និងសមាជិកអាចខ្ចីប្រាក់ពីធនាគារ ARDB ក្នុងក្របខណ្ឌកម្មវិធី សម្រាប់ពង្រីកអាជីវកម្មមាន់ស្រែ និងបន្លែ។
សហគមន៍កសិកម្ម បានចុះបញ្ជីក្នុងឆ្នាំ ២០២៥ និងមានសមាជិកសរុប ១៣៧ គ្រួសារ បានចុះឈ្មោះចូលក្នុងប្រព័ន្ធ MIS និងកំពុងអនុវត្តផលិតកម្មមាន់ស្រែបានប្រមាណ១៥០ គីឡូក្រាមក្នុងមួយខែ និងបន្លែស្លឹក បន្លែផ្លែ លក់ទៅផ្សារដើមគរបានចំនួន ៣ ២៥០ គីឡូក្រាមក្នុងមួយខែ។





