ការពិនិត្យចម្ការរបស់គ្រួសារកសិករក្នុងសហគមន៍កសិកម្មបន្លែចម្រុះភូមិកោះថ្មី នៅខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានពិនិត្យចម្ការរបស់គ្រួសារកសិករក្នុងសហគមន៍កសិកម្មបន្លែចម្រុះភូមិកោះថ្មី នៅភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង។
កសិករ ថា យ៉ន ជាសមាជិកក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម និងជាកសិករនាំមុខក្នុងកម្មវិធី ASPIRE-AT ។ លោកមានផ្ទៃដីផលិតកម្មទំហំ ៨៥០០ ម៉ែត្រការេ ដាំដំណាំខ្ទឹមស្លឹក ជីវ៉ាន់ស៊ុយ សណ្ដែកបាយ ត្រាវមើម និងស្ពៃជ្រក់។ លោកទទួលបានការបណ្ដុះបណ្ដាល រួមទាំងមានបទពិសោធន៍ក្នុងការដាំដុះផងនោះ លោកបានចែករំលែកចំណេះដឹង អំពីបច្ចេកទេសក្នុងការដាំដុះ និងប្រើប្រាស់ជី មានដូចជា៖ ការរៀបចំដីឱ្យបានស្អាតល្អមុនធ្វើការដាំដុះ ការរក្សាពូជ/ជ្រើសរើសពូជដាំ ការផលិតជីកំប៉ុស្ដគោកនិងជីទឹក ដើម្បីប្រើប្រាស់បានកាត់បន្ថយថ្លៃដើមផលិត និងធ្វើឱ្យដំណាំទទួលបានផលល្អ និងមានសុវត្ថិភាពងាយរកទីផ្សារ ហើយធ្វើឱ្យគាត់អាចចំណេញពីការលក់បានចន្លោះពី ១៥%-២០% បើធៀបជាមួយការទិញធាតុចូល ទាំងស្រុងពីទីផ្សារ។
ជាមួយគ្នានេះ ទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ប្រចាំខេត្ត បានណែនាំ៖
-ជំរុញឱ្យថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងកសិករនាំមុខ សហការបន្តចែករំលែកចំណេះដឹងទៅគ្រប់កសិករដែលជាសមាជិក
-ជំរុញឱ្យមានកិច្ចប្រជុំទៀតទាត់ ដើម្បីចូលរួមដោះស្រាយបញ្ហានានារបស់សហគមន៍កសិកម្មអំឡុងពេលដំណើរការផលិតកម្ម (កំណត់មុខបន្លែដែលមានតម្រូវការខ្ពស់លើទីផ្សារ រៀបចំផែនការផលិតតាមក្រុម…)
-ជំរុញឱ្យមានការប្រើប្រាស់ថវិកាដែលជាភាគហ៊ុនរបស់សមាជិក ប្រកបដោយគុណភាព និងតម្លាភាព
-កម្មវិធី ASPIRE-AT ថ្នាក់ខេត្ត គាំទ្រ និងជួយសម្របសម្រួលស្វែងរកដៃគូប្រមូលទិញ ក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្ម សម្រាប់អាជីវកម្មរបស់សហគមន៍ឱ្យមានការរីកចំរើននាពេលអនាគត។









