ការជួបគ្រួសារកសិករនៃសហគមន៍កសិកម្មបន្លែបៃតងសន្តិភាពឃុំស្ទឹងត្រង់ ដាំបន្លែនៅខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានជួបគ្រួសារកសិករនៃសហគមន៍កសិកម្មបន្លែបៃតងសន្តិភាពឃុំស្ទឹងត្រង់ ដាំបន្លែនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ការដាំដុះបន្លែរបស់ពួកគាត់ បានផលិត និងប្រើប្រាស់ជីកំប៉ុស្តិ៍គោក និងទឹក ដែលទទួលបានចំណេះដឹងតាមរយៈការបណ្តុះបណ្តាលពីកសិករទៅកសិករ (F2F) ។
កសិករ យ៉ាន់ យ៉ុន បានលើកឡើងថា ក្រោយពីទទួលបានការបណ្តុះបណ្តាលមក គាត់បានយកជីទាំងពីរប្រភេទនេះទៅប្រើប្រាស់ ហើយឃើញថាដំណាំបន្លែរបស់គាត់ មានការលូតលាស់ល្អ ទិន្នផលកើនឡើង ២០ភាគរយ ថែមទាំងកាត់បន្ថយចំណាយ ៥០ភាគរយ ពីការទិញពីខាងក្រៅ។
ហើយទោះបីជាតម្លៃត្រសក់ទាបក៏គាត់នៅតែទទួលបានប្រាក់ចំណេញដែរ។ សូមបញ្ជាក់ថាគាត់បានដាំដុះត្រសក់លើផ្ទៃដីទំហំ ០.៣២ហិកតា ចំណាយថ្លៃដើមអស់ប្រហែល ១.៥លានរៀល ហើយគាត់បានលក់ត្រសក់សរុបជាង ៩លានរៀល។ មិនតែប៉ុណ្ណោះគាត់បានចែករំលែកជីដែលផលិតបានទៅដល់កសិករដ៏ទៃទៀតក្នុងភូមិ ហើយគ្រប់ៗគ្នា បានសរសើរថាមានគុណភាពល្អ។








