ការជួបប្រជុំជាមួយសហគមន៍កសិកម្មមាន់ស្រែរុងរឿង នៅខេត្តព្រះសីហនុ
កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានជួបប្រជុំជាមួយសហគមន៍កសិកម្មមាន់ស្រែរុងរឿង នៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ដែលមានអ្នកចូលរួមសរុប ៧ នាក់ ក្នុងនោះមានស្រ្តី ២ នាក់។
គោលបំណងនៃការជួបប្រជុំនេះ៖ ពិនិត្យការអនុវត្តន៍សកម្មភាព ការវាយតម្លៃសហគមន៍កសិកម្ម និងការផ្សព្វផ្សាយអំពីគោលការណ៍ឥណទានរបស់ធនាគារ ARDB ដើម្បីផ្តល់ប្រាក់កម្ចីដល់សហគមន៍កសិកម្ម និងសមាជិកសហគមន៍កសិកម្ម។
លទ្ធផលសំខាន់ៗ រួមមាន៖
– បានផ្សព្វផ្សាយអំពីគោលការណ៍ និងលក្ខខណ្ឌតម្រូវនៃការផ្តល់ឥណទានរបស់ធនាគារ ARDB សម្រាប់សហគមន៍កសិកម្ម និងសមាជិកសហគមន៍កសិកម្ម។
– ជម្រុញ និងលើកទឹកចិត្តសមាជិកសហគមន៍កសិកម្មអោយពង្រីកការចិញ្ចឹមមាន់ស្រែបន្ថែម សម្រាប់តម្រូវការទីផ្សារ។
– ពិភាក្សាអំពីការប្រមូលទិន្នន័យ/ព័ត៌មានពីសមាជិកសហគមន៍កសិកម្ម ដែលនៅខ្វះចន្លោះ ដូចជាលេខកូដទីតាំង លេខអត្តសញ្ញាណបណ្ណ និង រូបថត ។ល។ ដើម្បីធ្វើបច្ចុប្បន្នភាពក្នុងប្រព័ន្ធ MIS ឱ្យបានពេញលេញ។
– ពិភាក្សាបញ្ហាប្រឈមនានារបស់សហគមន៍កសិកម្ម។
– ជួបជាមួយកសិករនាំមុខ ឈ្មោះ ស៊ិន ប៉ាល ដើម្បីពិភាក្សាអំពីការគាំទ្រសមាជិក លើការធ្វើផែនការចិញ្ចឹម និងថែទាំមាន់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ព្រមទាំងផ្តល់បទពិសោធន៍ជោគជ័យ ជូនដល់សមាជិកសហគមន៍កសិកម្មរបស់គាត់ផងដែរ។
បន្ទាប់មក ក្រុមការងារបានទៅពិនិត្យកសិដ្ឋានរបស់កសិករនាំមុខ ដែលគាត់បានសាងសង់រោងធំ ១ មានទំហំ ៦ ម៉ែត្រ x ៣០ ម៉ែត្រ ដោយក្នុងរោងនោះចែកចេញជា ៦ ខណ្ឌ សម្រាប់ដាក់មេពូជ បាពូជ កូនមាន់ និងមាន់សាច់ លើផ្ទៃដីទំហំ ២៨ ម៉ែត្រ x ៣០ ម៉ែត្រ។ លោក ស៊ិន ប៉ាល បានបញ្ជាក់បន្ថែមទៀតថា ប្រាក់ចំណូលពីការលក់កូនមាន់ និង មាន់សាច់ បានប្រហែល ២៥០ ទៅ ៣០០ ដុល្លារអាមេរិកក្នុង ១ ខែ។ ចំពោះមាន់សាច់លក់ចេញក្នុងតម្លៃ ១៨,០០០៛/គីឡូក្រាម រីឯកូនមាន់អាយុ ២១ ថ្ងៃចាក់វ៉ាក់សាំងរួចលក់ចេញក្នុងតម្លៃ ៥,០០០៛/ ១ ក្បាល ចំណែកស៊ុតមាន់លក់ចេញក្នុងតម្លៃ ១,០០០៛/ ១ គ្រាប់។








