ពិធីសំណេះសំណាល ជាមួយអ្នកគ្រប់គ្រង និងសមាជិកសហគមន៍កសិកម្មតាសីសាមគ្គី ខេត្តបាត់ដំបង
ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយអ្នកគ្រប់គ្រង និងសមាជិកសហគមន៍កសិកម្មតាសីសាមគ្គី ខេត្តបាត់ដំបង អំពី “ លទ្ធភាពរបស់សហគមន៍កសិកម្ម ក្រុមហ៊ុនកសិកម្ម និងកសិករ ក្នុងការខ្ចីប្រាក់ធ្វើដើមទុន ព្រមទាំងលទ្ធភាពទទួលបានប្រាក់ជំនួយ ” ។
———————
នៅរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួប និងសំណេះសំណាលជាមួយអ្នកគ្រប់គ្រង និងសមាជិកសហគមន៍កសិកម្មតាសីសាមគ្គី ដែលស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ អ្នកចូលរួមក្នុងពិធីនោះ មានថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង មន្ត្រីលេខាធិការដ្ឋានកម្មវិធី ASPIRE-AT និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងអ្នកគ្រប់គ្រង និងសមាជិកសហគមន៍កសិកម្មតាសីសាមគ្គី សរុបចំនួន ៩៩ នាក់ (ក្នុងនោះ មានស្រ្តី ៤៧នាក់)។
បន្ទាប់ពីសុន្ទរកថាស្វាគមន៍របស់លោក សោម ចន្ថា អនុប្រធានសហគមន៍កសិកម្មតាសីសាមគ្គី លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង លោក នាក់ វិជ្ជរៈ អភិបាលរង នៃគណៈអភិបាលស្រុកថ្មគោល លោក រស់ សេងហាក់ ប្រធានសាខាធនាគារអភិវឌ្ឍន៍ និងកសិកម្ម (ARDB) ខេត្តបាត់ដំបង រួមជាមួយនឹងការពន្យល់របស់ទីប្រឹក្សាកម្មវិធី ASPIRE-AT អំពីព័ត៌មាន បែបបទ ឬ លក្ខខណ្ឌសំខាន់ៗ ពាក់ព័ន្ធនឹងការដែលកម្មវិធីផ្តល់ប្រាក់កម្ចី និងប្រាក់ជំនួយជូនសហគមន៍កសិកម្ម ក្រុមហ៊ុនកសិកម្ម និងកសិករ ។
ជាការសំណេះសំណាល ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ដូចជាមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) ជាដើម ក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៅក្នុងវិស័យកសិកម្ម ។ ក្នុងនោះ គឺមានការ រៀបចំឱ្យមានប្រាក់កម្ចី ដែលមានអត្រាការប្រាក់សមរម្យ និងដែលមិនតម្រូវឱ្យមាន ឬ ដាក់ទ្រព្យធានា សម្រាប់សហគមន៍កសិកម្ម ក្រុមហ៊ុនកសិកម្ម និងកសិករ ខ្ចីយកទៅប្រើប្រាស់ ដើម្បីកែលម្អ ឬ បង្កើនផលិតកម្ម និងការកែច្នៃ សំដៅធ្វើឱ្យផលិតផលកសិកម្មកម្ពុជា មានគុណភាពសមស្រប និងអាចលក់បានតម្លៃល្អ និងកាន់តែច្រើន នៅលើទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។
ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកឡើងដែរថា ដើម្បីចៀសវាងការខូចកម្ចី ពោលគឺអ្នកខ្ចីមិនមានលទ្ធភាពសង កម្មវិធី ASPIRE-AT និងគម្រោងជាច្រើនរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានយកចិត្តទុកដាក់ជួយពង្រឹងសមត្ថភាពអ្នកខ្ចី ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ព្រមទាំងការកសាង និងអនុវត្តផែនការអាជីវកម្ម ។ បន្ថែមលើនោះ ដើម្បីជំរុញលើកទឹកចិត្តអ្នកខ្ចី ឱ្យសងប្រាក់គ្រប់ និងទាន់ពេល ដូចបានសន្យា កម្មវិធី ASPIRE-AT ក៏បានលៃឱ្យមានប្រាក់មួយចំនួន សម្រាប់ផ្តល់ជារង្វាន់ ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការបានស្នើឱ្យអ្នកចូលរួមទាំងអស់ជួយផ្សព្វផ្សាយព័ត៌មានអំពីលទ្ធភាពទទួលបានប្រាក់កម្ចី និងប្រាក់ជំនួយនេះ ជូនសហគមន៍កសិកម្ម ក្រុមហ៊ុនកសិកម្ម និងកសិករផ្សេងទៀត ។

















