កិច្ចប្រជុំជាមួយសហគមន៍កសិកម្មរីកចំរើនភូមិថ្មី នៅខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានប្រជុំជាមួយសហគមន៍កសិកម្មរីកចំរើនភូមិថ្មី នៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ដោយមានការចូលរួមពី លោកប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកមុខកំពូល លោកប្រធានការិយាល័យកសិ-ឧស្សាហកម្ម នៃមន្ទីរកសិកម្មខេត្ត ក្រុមការងារកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍រីកចំរើនភូមិថ្មី និងសហគមន៍កសិកម្មកំពង់ប្រាសាទ នៅឃុំស្វាយអំពារ ស្រុកមុខកំពូល មេភូមិ មន្ត្រីកសិកម្មឃុំ និងតំណាងសិប្បកម្មរ៉ាវី កែច្នៃទឹកម្ទេស សរុប ៤២ នាក់ ក្នុងនោះមានស្រ្តី ២៥ នាក់។
លទ្ធផលសម្រេចបាន តាមការព្រមព្រៀង រួមមាន៖
-ប្រមូលទិញម្ទេសដៃនាង ពូជល្អ គុណភាពល្អ មិនខូចគុណភាព ក្នុងតម្លៃ ១ កញ្ចប់ ស្មើនឹង ១០ គីទ្បូក្រាម មានតម្លៃ ៥៥ ០០០៛
-សមាជិកសហគមន៍កសិកម្មទទួលបន្ទុកត្រួតពិនិត្យគុណភាព មុនច្រកចូលថង់ មានតម្លៃ ១ ០០០៛/ថង់
-សមាជិកសហគមន៍កសិកម្មទទួលបន្ទុកបេះទងម្ទេស រើសសំរាម និងកំទេចកំទីចេញឱ្យបានស្អាត មានតម្លៃ ៣ ០០០៛/ថង់
-ចំពោះការដឹកជញ្ជូន សហគមន៍កសិកម្មជាអ្នករកមធ្យោបាយ ក្រុមហ៊ុនអ្នកចេញថ្លៃសេវា អាស្រ័យលើការចរចា
-សិប្បកម្មរ៉ារី ទទួលទិញតែកសិផលរបស់សមាជិកសហគមន៍កសិកម្មទេ បើចង់លក់ឱ្យក្រុមហ៊ុនត្រូវចុះឈ្មោះជាសមាជិកសហគមន៍កសិកម្មទើបទទួលទិញ
-មន្ត្រីកសិកម្មឃុំស្វាយអំពារ បានចូលរួមចែករំលែកចំណេះដឹងអំពី ការដាំម្ទេសដៃនាង ប្រកបដោយគុណភាព និងទទួលបានផលខ្ពស់ ស្របតាមតម្រូវការទីផ្សារ តាមរយៈការធ្វើបទបង្ហាញក្នុងស្លាយ
-មន្ត្រីការិយាល័យជំនាញ ពីការិយាល័យថ្នាក់ខេត្ត-ស្រុក និងតំណាងសិប្បកម្មរ៉ារី ស្នើសុំឱ្យសមាជិកសហគមន៍កសិកម្ម មានភាពស្មោះត្រង់គោរពកិច្ចសន្យា ចៀសវាងការជម្លោះកើតឡើងជាយថាហេតុ
-ភាគីទាំង២ (សមាជិកសហគមន៍កសិកម្ម និងតំណាងសិប្បកម្មរ៉ារី) បានឯកភាព ធ្វើកិច្ចសន្យាជាមួយគ្នា ក្រោយពេល មេធាវីតំណាងសិប្បកម្មរ៉ារី បានអានខ្លឹមសារកិច្ចសន្យាទាំងស្រុង និងបានពិភាក្សាលើចំណុចសំខាន់ៗ ដែលមានចែង ក្នុងកិច្ចសន្យា រួចមក។












