ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការប្រើវិធានវាយតម្លៃ និងគាំទ្រដំណើរការសហគមន៍កសិកម្ម
នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ នៅសណ្ឋាគារភ្នំប្រុស ទីរួមខេត្តកំពង់ចាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងក្របខណ្ឌនៃការគ្រប់គ្រង និងអនុវត្តកម្មវិធី “ គាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ” បានរៀបចំឱ្យមានសិក្ខាសាលា ស្តីពី “ ការប្រើប្រាស់វិធានវាយតម្លៃដំណើរការសហគមន៍កសិកម្ម ហើយតម្រង់ទិសឱ្យមានលក្ខណៈជាសហគ្រាសកសិកម្ម ដែលមានភាពធន់ បរិយាប័ន្ន និងនិរន្តរភាព ” ដែលមានសេចក្តីជាភាសាអង់គ្លេសថា Farmers’ Enterprise Assessment Tool towards Resilient, Inclusive and Sustainable Agri-Based Enterprise (FEAT TO RISE) ។
ពិធីបើកសិក្ខាសាលា ដែលត្រូវបានចូលរួមដោយសិក្ខាកាមសរុបចំនួន ៧៩ នាក់ ដែលជាមន្ត្រី និងទីប្រឹក្សាពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងអ្នកដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុនផ្តល់សេវាកម្មកសិកម្ម ឈ្មោះ International Institute of Rural Reconstruction និង Farmer Network and Nature នេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការ ឯកឧត្តម ចាន់ សុវត្ថិភាព អនុរដ្ឋលេខាធិការ និង ឯកឧត្តម សាយ សុភភោគា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
នៅក្នុងពិធីនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីមូលហេតុដែលមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានរៀបចំឱ្យមានវិធាននេះ សម្រាប់ប្រទេសនានាប្រើប្រាស់ក្នុងការវាយតម្លៃដំណើរការរបស់សហគមន៍កសិកម្ម ហើយគិតគូរអំពីកិច្ចអន្តរាគមន៍សមស្រប សម្រាប់ជួយធ្វើឱ្យសហគមន៍កសិកម្មកាន់តែមានដំណើរការល្អ ពោលគឺមានភាពធន់ បរិយាប័ន្ន និងនិរន្តរភាព ។
បន្ទាប់ពីបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗរបស់សហគមន៍កសិកម្ម ដែលត្រូវវាយតម្លៃ គឺ ភាពខ្លាំង (Organizational Strength) លទ្ធភាពរកបានប្រាក់ចំណេញ (Profitability) ស្ថិរភាពផ្នែកហិរញ្ញវត្ថុ (Financial Stability) ផលិតភាព (Productivity) លទ្ធភាពលក់ផលិតផល (Market Access) បរិយាប័ន្នភាព (Inclusivity) សមធម៌ (Equity) និងនិរន្តរភាព (Sustainability) ឯកឧត្តមរដ្ឋលេខាធិការបានណែនាំសិក្ខាកាមទាំងអស់ ដែលសុទ្ធសឹងជាតួអង្គដ៏សំខាន់នៅក្នុងវិស័យកសិកម្ម ឱ្យយកចិត្តទុកដាក់ចូលរួមឱ្យបានល្អ និងសកម្ម ដើម្បីឱ្យមានសមត្ថភាពកាន់តែច្រើនក្នុងការគាំទ្រសហគមន៍កសិកម្ម ដែលជាការរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសគឺរួមចំណែកដោះស្រាយបញ្ហាប្រឈមជាច្រើននៅក្នុងវិស័យនេះ ។ បើសហគមន៍កសិកម្មរឹងមាំ ឬ មានដំណើរការល្អ យើងអាចនឹងរំពឹងបានថា ផលិតផល ដែលសហគមន៍កសិកម្មផលិតបាន នឹងមានភាពសមស្របនឹងតម្រូវការរបស់អ្នកទិញ ឬ របស់ទីផ្សារ ទាំងបរិមាណ គុណភាព និងពេលវេលាផ្គត់ផ្គង់ ។



















