ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជាអធិបតី និងដឹកនាំសម្របសម្រួលវេទិការបស់តួអង្គនៃខ្សែច្រវាក់តម្លៃម្រេច ដែលផ្តោតជាសំខាន់លើ “ លទ្ធភាពផ្គត់ផ្គង់ និងប្រមូលទិញ ” នៅទីរួមខេត្តត្បូងឃ្មុំ
ក្នុងឋានៈជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងផលិតកម្មកសិកម្ម (ASPIRE-AT) ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជាអធិបតី និងដឹកនាំសម្របសម្រួលវេទិការបស់តួអង្គនៃខ្សែច្រវាក់តម្លៃម្រេច ដែលផ្តោតជាសំខាន់លើ “ លទ្ធភាពផ្គត់ផ្គង់ និងប្រមូលទិញ ” នៅទីរួមខេត្តត្បូងឃ្មុំ ។
—————
វេទិកានេះត្រូវបានប្រព្រឹត្តទៅ ក្នុងរយៈពេល ២ ថ្ងៃ ដោយមានការចូលរួមពីប្រធាន និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ មន្ត្រីអគ្គនាយដ្ឋានកសិកម្ម មន្ត្រីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មខេត្ត តំណាងគម្រោង ការបង្កើនភាពធន់នឹងអាកាសធាតុក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា (CREA) មន្រ្តីលេខាធិការដ្ឋានកម្មវិធី ASPIRE-AT តំណាងក្រុមហ៊ុនប្រមូលទិញ និងកែច្នៃម្រេច (FUCHS) ព្រមទាំងប្រធានសហគមន៍កសិកម្ម និងសមាជិក សរុបចំនួន ៥៣ នាក់ (ក្នុងនោះ មានស្ត្រី ១០នាក់) ។
គោលបំណងវេទិកានេះ ដើម្បីពង្រឹងលើវិស័យនៃខ្សែច្រវាក់តម្លៃម្រេចនៅកម្ពុជា រួមមាន៖
១) ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម រវាងសហគមន៍កសិកម្មម្រេចក្នុងខេត្តគោលដៅកម្មវិធី ASPIRE-AT និងក្រុមហ៊ុនប្រមូលទិញ ២) បង្កើនការយល់ដឹង អំពីគុណភាព ស្តង់ដារ ការកំណត់តម្លៃ និងតម្រូវការចាំបាច់ផ្សេងៗរបស់ក្រុមហ៊ុនប្រមូលទិញ ដើម្បីជួយអ្នកផលិតដើម្បីធ្វើឱ្យត្រូវនឹងតម្រូវការទីផ្សារ និង ៣) ពង្រីកភាពជាដៃគូ រវាងសហគមន៍កសិកម្ម និងក្រុមហ៊ុនប្រមូលទិញ ដើម្បីបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយចីរភាព។
លទ្ធផលវេទិកានេះ បានបិទបញ្ចប់ដោយជោគជ័យ និងសម្រេចបានលទ្ធផលសំខាន់ៗ រួមមាន៖ ការពង្រឹងទំនាក់ទំនងរវាងសហគមន៍កសិកម្មម្រេចចំនួន ៩ និងក្រុមហ៊ុន FUCHS ដែលក្នុងនោះសហគមន៍កិសកម្មចំនួន ៤ បានឈានទៅដល់ការចុះកិច្ចព្រមព្រៀងទិញ-លក់ ការបង្កើនការយល់ដឹងអំពីលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិ និងការពិភាក្សាដើម្បីកំណត់នូវបញ្ហាប្រឈម និងដំណោះស្រាយក្នុងអំឡុងពេលអនុវត្តផលិតកម្មដំណាំម្រេច។
















