ការទៅពិនិត្យការអនុវត្តដាំដុះបន្លែ និងប្រមូលទិន្នន័យកសិករជាសមាជិកសហគមន៍កសិកម្មចំនួន ២ ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានទៅពិនិត្យការអនុវត្តដាំដុះបន្លែ និងប្រមូលទិន្នន័យកសិករជាសមាជិកសហគមន៍កសិកម្មចំនួន ២ ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ។
ក្រុមការងារបានពិនិត្យមើលការប្រមូលផលបន្លែចំរុះ លើផ្ទៃដី ៣២០០ ម៉ែត្រការ៉េ ដោយមានបន្លែត្រប់ ម្ទេសដៃនាង ម្ទេសអាចម៍សត្វ និងសណ្តែកកួរ របស់កសិករក្នុងសហគមន៍កសិកម្មបន្លែសុវត្ថិភាពអូរតាវ៉ៅ ដែលក្នុងមួយវគ្គនៃការប្រមូលផលបន្លែចំរុះ សរុបប្រមាណ ១,៥ តោន និងលក់បានប្រាក់ជាមធ្យមចំនួនប្រមាណ ១១,៦៨៩,០២៤ រៀល ស្មើនឹង ២,៩២២ ដុល្លារអាមេរិក។
នៅថ្ងៃបន្ទាប់ ក្រុមការងារបានទៅជួបកសិករដាំបន្លែនៅក្នុងសហគមន៍កសិកម្មបន្លែបៃតងសន្តិភាព នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដើម្បីមើលការដាំដុះ និងប្រមូលផលបន្លែក្រៅ និងក្នុងផ្ទះសំណាញ់ របស់កសិករចំនួន ២នាក់ ដូចខាងក្រោម៖
១. កសិករឈ្មោះ រឿន ប៊ុនធីន ដាំត្រសក់លើផ្ទៃដីកន្លះរ៉ៃ ប្រមូលផលត្រសក់រយៈពេល ២២ថ្ងៃ បានត្រសក់ចំនួន ៤,៤១៦ គីឡូក្រាម និងលក់បានប្រាក់សរុបចំនួន ៨,៧៤៤,២០០ រៀល ដែលស្មើនឹង ២,១៨៦ ដុល្លារអាមេរិក។
២. កសិករឈ្មោះ មឿន មួន ដាំបន្លែស្លឹក មានដូចជា៖ ស្ពៃផ្កា ស្ពៃក្តោប និងស្ពៃជ្រក់ ក្នុងផ្ទះសំណាញ់ ១ខ្នង មានទំហំ ១០ម x ២៥ម ដែលអាចប្រមូលផលក្នុង១ឆ្នាំបានប្រមាណ ២,៨៥០ គីឡូក្រាម និងការដាំបន្លែស្លឹកក្រៅផ្ទះសំណាញ់ លើផ្ទៃដី ២ ហិកតា ដោយទទួលបានបរិមាណផល ១២០,០០០ គីឡូក្រាម ក្នុង១ឆ្នាំ។













