ការជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម និងសមាជិក
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————————–
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន រួមមានលោក កែវ ចាន់តារា លោក សាំង ភិរុណ ប្រធាន-អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងអ្នកសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត បានទៅជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម និងសមាជិក នៅភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានអ្នកចូលរួមសរុបចំនួន ១១នាក់ (ស្រី ២នាក់)។
ការជួបប្រជុំនេះ មានគោលបំណងប្រមូលទិន្នន័យ និងសិក្សាលទ្ធភាពលក្ខណៈសម្បត្តិសហគមន៍កសិកម្ម ដើម្បីបញ្ចូលសហគមន៍កសិកម្ម ក្នុងខ្សែច្រវ៉ាក់តម្លៃផលិតកម្មពោតក្រហម ឬមាន់ ដែលបានគ្រោងក្នុងផែនការគាំទ្ររបស់កម្មវិធី ASPIRE-AT ក្នុងឆ្នាំ២០២៤ នេះ។
សហគមន៍កសិកម្មនេះ បានចុះបញ្ជីទទួលស្គាល់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦។ បច្ចុប្បន្ននេះ សហគមន៍មានសមាជិក ១១៧នាក់ (ស្រី ៦៤នាក់) និងមានទុនសរុបចំនួនប្រមាណ ២០០លានរៀល។ សហគមន៍មានមុខរបរផ្តល់ប្រាក់កម្ចីដល់សមាជិក និងទើបចាប់ផ្តើមលក់ធាតុចូលកសិកម្មក្នុងចុងឆ្នាំ២០២៣ ដែលទទួលបានផលចំណេញប្រមាណ ១៥លានរៀល/១ឆ្នាំ។
លោក កែវ ចាន់តារា បានបើកការពិភាក្សាជុំវិញលទ្ធភាព លក្ខខណ្ឌនានាដែលសហគមន៍ត្រូវបំពេញដើម្បីអោយស្របនឹងលក្ខខណ្ឌគាំទ្ររបស់កម្មវិធី ASPIRE-AT និងមានការសួរនាំ-ឆ្លើយឆ្លងគ្នាយ៉ាងយកចិត្តទុកដាក់ជុំវិញប្រធានបទនេះ។ បន្ថែមលើសពីការងារខាងលើ លោកក៍បានផ្តល់គំនិតយោបល់ជាច្រើនដើម្បីពង្រឹងការគ្រប់គ្រង និងប្រតិបត្តិការរបស់សហគមន៍អោយមានដំណើរការល្អប្រសើរ ព្រមទាំងបានពន្យល់បន្ថែមអំពីលក្ខណៈសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយរបស់រដ្ឋាភិបាលក៍ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបង្កើត និងគាំទ្រដល់សហគមន៍កសិកម្មទំនើប។
អ្នកសម្របសម្រួលកម្មវិធី ASPIRE-AT បានបង្ហាញអំពីគោលបំណង និងការគាំទ្ររបស់កម្មវិធី ASPIRE AT ជូនដល់សហគមន៍។ លោកក៏បានលើកទឹកចិត្តអោយសហគមន៍ ទទួលរើស និងបញ្ចូលបន្ថែមនូវទំហំសមាជិកសហគមន៍ ក៍ដូចជាការបង្កើនប្រាក់ចំណូលប្រចាំឆ្នាំតាមរយៈនៃការពង្រីកមុខរបរ និងទីផ្សារលក់ធាតុចូលកសិកម្មរបស់សហគមន៍បន្ថែមទៀត។