ក្រុមការងារបេសកកម្ម IFAD បានចុះជួបសមាជិកក្នុងបណ្តុំរបស់កម្មវិធី ASPIRE ដើម្បីវាយតម្លៃពីវឌ្ឍនភាពក្នុងគោលបំណងពិនិត្យ និងរៀបចំរបាយការណ៍បញ្ចប់កម្មវិធី ASPIRE (Programme Completion Report – PCR) | ខេត្តបាត់ដំបង
កម្មវិធី ASPIRE ខេត្តបាត់ដំបង៖
==================
នៅព្រឹក ថ្ងៃព្រហសត្បិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ដែលដឹកនាំដោយក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE អមដំណើរដោយ លោកប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំក្នុងគោលបំណងពិនិត្យ និងរៀបចំរបាយការណ៍បញ្ចប់កម្មវិធី ASPIRE (Programme Completion Report – PCR) នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រោយកិច្ចប្រជុំបានបញ្ចប់ ក្រុមការងារបេសកកម្ម IFAD បានបន្តចុះជួបជាមួយសមាជិកបណ្តុំ ដើម្បីពិភាក្សាអំពីកិច្ចការងារ និងវឌ្ឍនភាពរបស់សមាជិកក្នុងបណ្តុំ ដើម្បីស្វែងរកដំណោះស្រាយពីបញ្ហាប្រឈមផ្សេងៗ នៅឃុះអូរតាគី និងបន្តចុះពិនិត្យតាមដានការដាំដុះបន្លែសុវត្ថិភាពរបស់សមាជិកបណ្តុំក្នុងឃុំ-ស្រុកគោលដៅ។
ក្នុងកិច្ចប្រជុំពិភាក្សានៅឃុំអូរតាគី ក្រុមការងារបេសកកម្ម IFAD បានពិនិត្យស្វែងយល់បន្ថែម លើលទ្ធផលការងាររបស់កម្មវិធី ដែលពាក់ព័ន្ធ រួមមាន៖
- ភាពសម្របបាននូវបរិបទ សង្គម សេដ្ឋកិច្ច និងគោលនយោបាយរបស់រដ្ឋាភិបាល
- ប្រសិទ្ធភាព
- ប្រសិទ្ធផល
- និរន្តរភាព
- ឥទ្ធិពល ដើម្បីរៀបចំជារបាយការណ៍បញ្ចប់កម្មវិធី ASPIRE។
ជាលទ្ធផល ក្រុមការងារបេសកកម្ម បានកត់ត្រា និងវាយតម្លៃនូវផលវិជ្ជមាន ជាច្រើនដែលកសិករទទួលផលបាននឹងកំពុងអនុវត្ត៖
– សហគមន៍កសិកម្មតាសីសាមគ្គី ក្នុងឃុំតាម៉ឺន ស្រុកថ្មគោល ដែលមានមុខរបរ ៥ជាចម្បងរួមមាន៖
+ ការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ១៤ខ្នង ការប្រមូលផល និងទីផ្សារ
+ ផ្តល់សេវាកម្មដឹកជញ្ចូន (កសិករផល)
+ ផ្តល់សេវាកម្មសាងសងផ្ទះសំណាញ់ (បច្ចុប្បន្នអាចសាងសងបានប្រមាណ ៥០០ខ្នង)
+ ផ្តល់សេវាកម្មរៀបចំដី រហូតដល់ប្រមូលផល
+ លក់ជីសរីរាង្គ និងផលិតធ្យូងអង្កាម (Biochar)
ដែលមានសមាជិកបណ្តុំចំនួន ១៧២នាក់ ស្រី ៧០នាក់។ សហគមន៍នេះបានចុះបញ្ចីការ នៅមន្ទីកសិកម្មខេត្ត នៅឆ្នាំ២០១៧។
– សមាជិកបណ្តុំអាជីវកម្មន្លែ ក្នុងឃុំបួរ ស្រុកភ្នំព្រឹក ដែលមានប្រធាន ឈ្មោះ ប៉ុន បូ និងសមាជិកចំនួន ៣២គ្រួសារ។ បណ្តុំនេះត្រូវបានរៀបចំ និងបង្កើតឡើងក្នុងឆ្នាំ២០២១ ដែលកំពុងដាំដុះដំណាំសំខាន់ៗ រួមមាន៖ បន្លែយកស្លឹក (ស្ពៃ ខាត់ណា ស្ពៃក្តោប)។ ដោយឡែកប្រធានបណ្តុំបានសាងសងផ្ទះសំណាញ់ចំនួន ១៨ខ្នង លើផ្ទៃដី ២ហិ.ត និងធ្វើការដាំដុះតែដំណាំយកផ្លែរួមមាន៖ ប៉េងបោះហាវៃ និងម្ទេសហាវៃ ដែលបច្ចុប្បន្នមានអ្នកទិញមកពី ខេត្តបាត់ដំបង ភ្នំពេញ និងកំពង់ចាម។ គាត់ក៏ជាកសិករនាំមុខ ដែលផ្តល់ការណែនាំបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដល់សមាជិកដ៏ទៃទៀត តាមរយៈការធ្វើផែនការដាំដុះបានត្រឹមត្រូវ ជៀសវៀងការជន់នៃផលិផល។
– សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ក្នុងឃុំស្នឹង ស្រុកបាណន់ ដែលមានសមាជិកចំនួន ៥២គ្រួសារ និងចង់ក្រងឡើងនៅឆ្នាំ២០២០ បណ្តុំនេះធ្វើការចិញ្ចឹមមាន់យកសាច់ ស៊ុត និងភ្ញាស់កូនមាន។ ក្រៅពីនេះសមាជិកបណ្តុំ ក៏អាចលក់ លាមកមាន់ ដល់កសិករដ៏ទៃទៀត សម្រាបធ្វើជីកំប៉ុសផងដែរ។ លោកប្រធានក្រុមសមាជិកបណ្តុំ ក៏ជាអ្នកប្រមូលទិញមាន់ លក់ចំណី និងការធ្វើវ៉ាក់សាំង ដល់សមាជិកបណ្តុំដ៏ទៃទៀត ដែលសមាជិកទាំងអស់មានលទ្ធភាពចិញ្ចឹមពី ៥០០ ទៅ ១០០០ក្បាលក្នុងមួយគ្រួសារ។