ក្រុមការងារទទួលបន្ទុកកម្មវិធី ASPIRE បានត្រួតពិនិត្យពីវឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី និងការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ | ខេត្តកែប
កម្មវិធី ASPIRE ខេត្តកែប៖
=================
នាថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វស័ ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២
លោក ប៉ា គឹមអាង អនុប្រធានមន្ទីរកសិកម្ម ទីប្រឹក្សា និង ភ្នាក់ងារផ្សព្វផ្សាយសង្តាត់ព្រៃធំ បានត្រួតពិនិត្យពីវឌ្ឍនភាពកសិករ ភៀម ណែម សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី ភូមិកំពង់ត្រលាច។ គាត់បានចិញ្ចឹមត្រី ចំនួន ២ស្រះដែលមានទំហំ ៤០ម x ៦០ម និង ៣០ម x ៣០ម មានចិញ្ចឹមត្រី ចម្រុះ មានដូចជា៖ ត្រីឆ្ពិន កាបឥណ្ឌា ទីឡាប់យ៉ា មានកូនត្រីចំនួន ៨,០០០ក្បាល ចិញ្ចឹមមរយៈពេល៦ខែ ដែលមានបរិមាណផ្គត់ផ្គង់ ចំនួន ៨,០០០គីឡូក្រាម អាចលើសនេះ ពេលមានត្រីស្រែហក់ចូលពេលខែប្រាំងខ្វះទឹក។ ជាមធ្យមប្រចាំខែគាត់លក់បាន ២០គ.ក ស្មើនឹង ៣០ម៉ឺនរៀល លក់ទៅទីផ្សារសេះសរ ឈ្មួញទិញហើយលក់បន្ត និងអ្នកខ្លះយកទៅចិញ្ចឹមបន្ត ខណៈគាត់ចំណាយប្រចាំខែអស់ ១៣ម៉ឺនរៀល។
គាត់បានអនុវត្តបច្ចេកទេស ដែលណែនាំពីមន្ត្រីជំនាញ ក្រៅពីចំណីផ្សារ គាត់ប្រើចំណីផ្សំ មានដូចជាស្រូវ កន្ទក់ និង ចំណីសត្វល្អិតតាមរយៈប្រើអំពូលភ្លើង។
អនុសាសន៍លោក ប៉ា គឹមអាង អនុប្រធានមន្ទីរ គួរដាំចកជាចំណីត្រី ហើយប្រើប្លង់តុងផ្សំពីលាមកគោ និងកន្ត្រែងខែត្របង្កើតជាចៃទឹកជាចំណីត្រី ព្រមទាំងជួយរក្សាគុណភាពទឹក បង្កលក្ខណៈរស់នៅត្រី មានផាសុខភាព។
នៅថ្ងៃដដែល លោក ប៉ា គឹមអាង អនុប្រធានមន្ទីរកសិកម្ម អមដំណើរជាមួយ អ្នកស្រី នុនសុផា មន្ត្រីជំនាញក្សត្រសាស្ត្រ និងផលិតភាពកសិកម្ម ទីប្រឹក្សា និងភ្នាក់ងារផ្សព្វផ្សាយសង្កាត់ព្រៃធំ បានត្រួតពិនិត្យវឌ្ឍនភាព ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ របស់កសិករ ជ័យ សេន នៅភូមិកំពុងត្រលាច សង្កាត់ព្រៃធំ។
កសិកររូបនេះបានកំពុងដាំស្ពៃក្រញាញ់ ចំនួន៨រង ហើយបានទទួលផលចំនួន ២២០គីឡូក្រាម លក់ក្នុងតម្លៃ១គីឡូ ៤,០០០រៀល សរុបទឹកប្រាក់បាន ៨៨០,០០០រៀល។ បច្ចុប្បន្ន គាត់កំពុងប្រមូលផលបន្តទៀត ជាពិសេសកសិករសប្បាយចិត្តលក់បន្លែដាច់ជារៀងរាល់ថ្ងៃ ពី៧ទៅ ១០គីឡូក្រាម ដោយអតិថជនមានភាពជឿជាក់បន្លែសុវត្ថិភាពមិនប៉ះពាល់សុខភាព ។
អ្វីជាការខំប្រឹងប្រែង និង ការតាំងចិត្តខ្ពស់ ដោយបង ស្រី សុខចិត្តទទួលការដាំដុះ និង ថែទាំបន្លែខណះប្តីគាត់ជាប់បំពេញការងារខាងក្រៅ ក្រោយពីទទួលការណែនាំពីមន្ត្រីជំនាញកសិកម្ម ដើម្បីជម្រុញការដាំដុះបន្លែនៅផ្ទះសំណាញ់ មានលទ្ធភាពផ្គត់ផ្គង់ទីផ្សារ ប្រើប្រាស់ដីអោយអស់លទ្ធភាព ហើយផលិតបន្លែបែបវិលជុំ។