ក្រុមការងារទទួលបន្ទុកកម្មវិធីបានត្រួតពិនិត្យពីវឌ្ឍនភាព របស់សមាជិកបណ្តុំអាជីវកម្មបន្លែ និងការប្រមូលកសិផលរបស់សមាជិកបណ្តុំ | ខេត្តស្វាយរៀង
កម្មវិធី ASPIRE ខេត្តស្វាយរៀង៖
====================
នៅថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២
លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្ត លោកស្រី ភិន មុំ ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម , លោក ជិន វណ្ណា អនុប្រធានការិយាល័យគ្រឿងយន្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ព្រមទាំងទីប្រឹក្សា បានត្រួតពិនិត្យពីវឌ្ឍនភាពការដាំដុះបន្លែរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅសង្កាត់ច្រកម្ទេស និងសហគមន៍កសិកម្មព្រៃចំការកូនគគីរ ដែលស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទីក្រុងបាវិត។
នៅសង្កាត់ច្រកម្ទេស ក្រុមការងារបានជួបកសិករ សូ ប័រ ដាំបន្លែក្នុងផ្ទះសំណាញ់ ដែលពេលនេះគាត់កំពុងដាំបន្លែស្លឹកចំនួន៥រង ដែលមានអាយុកាល១អាទិត្យហើយ។ លោកថាក្នុង១រង គាត់អាចប្រមូលផលបាន ៨០គីឡូក្រាម និងបរិមាណផលសរុប ៤០០គីឡូក្រាម និងលក់បានថ្លៃ ៣,០០០រៀល/១គីឡូក្រាម។ បន្លែរបស់គាត់នឹងត្រូវប្រមូលផលចុងសប្តាហ៍ទី៣ក្នុងខែតុលានេះ។
ក្រោយបានពិនិត្យការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ក្រុមការងារបានបន្តតាមដានការដាំបន្លែ របស់សមាជិកបណ្តុំអាជីវកម្មបន្លែ របស់កសិករ រ័ត្ន អឿន ដែលគាត់កំពុងដាំបន្លែចម្រុះ តែខណៈនេះគាត់បានដាំតែបន្លែត្រកួនប៉ុណ្ណោះដោយលោកថាភ្លៀងធ្លាក់ជោគជាំពេក មានការពិបាកក្នុងការដាំបន្លែផ្លែ និងបន្លែស្លឹកដ៍ទៃទៀតដូចជាស្ពៃ មូលហេតុដោយទីដាំបន្លែរបស់គាត់ជាដីស្រែវាលទំនាប និងមានទឹកជោគជាំ។
ត្រកួនគាត់បានកាត់លក់ ៥០គីឡូក្រាមក្នុង១ថ្ងៃ ក្នុងតម្លៃ ២,៥០០រៀល/គីឡូក្រាម។ គាត់នឹងចាប់ផ្តើមដាំបន្លែស្ពៃ ត្រសក់ និងម្រះសារជាថ្មីទៀត នៅខែវិច្ឆិការខាងមុខនេះ ពេលស្បើយភាពជោគជាំដីដោយសារទឹកភ្លៀង។
ក្រុមការងារក៏បានបន្តតាមដាន ការដាំបន្លែក្នុងផ្ទះសំណាញ់របស់កសិករ ម៉ែន ទិត្យ ប្រធានសហគមន៍ ព្រៃឈើចំការកូនគគីរ ដែលស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។ ពេលនេះគាត់បានកំពុងប្រមូលផលស្ពៃចង្កឺះ និងស្ពៃឈួលចំនួន៥រង។ គាត់ប្រមូលផលលក់ជូនអាហារដ្ឋាន ក្នុងការលើកស្ទួយកសិផលសហគមន៍ដែលចាត់ចែងគ្រប់គ្រងដោយបុគ្គលិកអង្គការសន្តិសេនា និងដែលមានទីតាំងក្នុងសហគមន៍ព្រៃឈើរបស់សហគមន៍គាត់ និងមួយចំនួនគាត់ធ្វើជាស្ពៃជ្រក់សម្រាប់លក់ផងដែរ។ បរិមាណផលស្ពៃសរុប របស់គាត់មានប្រមាណ ៣២០ គីឡូ ដោយក្នុង១គីឡូក្រាម គាត់លក់បាន ៣,៥០០រៀល។
តាមរយៈនៃការត្រួតពិនិត្យរបស់ក្រុមការងារកម្មវិធីបានពិនិត្យឃើញ កសិករសុទ្ធសឹងជាអ្នកឧស្សាហ៌ព្យាយាមក្នុងការដាំបន្លែលក់បានប្រាក់ចំនូលចិញ្ចឹមជីវិត ក្រៅពីការងារស្រែចម្ការ ម្យ៉ាងទៀតក្រុមការបានសង្កេតឃើញថាផលិតផលបន្លែរបស់កសិករក្នុងរដូវភ្លៀងធា្លក់ជោគជាំនេះ មានការធ្លាក់ចុះបន្តិចតែតម្លៃបន្លែមានការកើនឡើងបន្តិចវិញដែរ។
ដោយមើលឃើញផ្ទះសំណាញ់របស់កសិករមានការរហែកដាច់ធ្លុះស្បៃជញ្ជាំងដោយអន្លើ លោកស្រីអនុប្រធានកម្មវិធីបានណែនាំអោយកសិករធ្វើការជួសជុលស្បៃជញ្ជាំងសម្រាប់ប្រើប្រាស់ជាប្រយោជន៍បានយូរអង្វែង។
លោកស្រី ភិន មុំ ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បាននែនាំកសិករអំពីការរៀបចំដីក្នុងផ្ទះសំណាញ់ ការដាំបន្លែឆ្លាស់គ្នា ដើម្បីរក្សាគុណភាពដី បរិមាណផល និងប្រភេទបន្លែដែលត្រូវដាំដុះក្នុងផ្ទះសំណាញ់ផងដែរ។