ក្រុមការងាអនុវត្តអនុកម្មវិធី ASPIRE ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសមន្ទីរកសិកម្ម អមដំណើរឯកឧត្តម ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យដំណាំដាំដុះបន្លែសុវត្ថិភាព និងសួរសុខទុក្ខកសិករគំរូ នៅភូមិដប់បាត សង្កាត់លលកស | ខេត្តពោធិ៍សាត់
កម្មវិធី ASPIRE ខេត្តពោធិ៍សាត់៖
=====================
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ នៅថ្ងៃអង្គារ៍១១កើត ខែ ភទបទ្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២៖
លោកឡាយ ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងាអនុវត្តអនុកម្មវិធី ASPIRE និងថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសមន្ទីរកសិកម្ម ដោយបានអមដំណើរ ឯកឧត្តម ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យដំណាំដាំដុះបន្លែសុវត្ថិភាព និងសួរសុខទុក្ខកសិករគំរូ នៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ។ ឯកឧត្តមបានជួបជាមួយកសិករ ចំនួន០៣គ្រួសារ ដែលបានដាំដុះដំណាំ មានដូចជា៖
- កសិករឈ្មោះ ឯក សុគន់ ដាំដំណាំសណ្តែកកួរ លើផ្ទៃដីចំនួន ១៧អាស្មើនឹង ១៦រង កំពុងថែទាំ ។
- កសិករឈ្មោះ ឯក ចន្ថា ដាំដំណាំដើមខ្ទឹម លើផ្ទៃដីចំនួន ៣អា ស្មើនឹង៩រង ប្រមូលផលដើមខ្ទឹមបានចំនួន ១,២០០គ.ក្រ ។ ចំពោះទីផ្សារខ្ទឹមស្លឹក បានផ្គត់ផ្គង់នៅលើទីផ្សារក្នុងខេត្ត និងលក់បោះដុំចាប់ពី៤,៥០០៛ ទៅ ៥,០០០៛/គ.ក និងលក់ពូជតម្លៃ ៥,៥០០៛/គ.ក្រ ។
- កសិករឈ្មោះ ធី កំសត់ ដាំដំណាំត្រសក់លើផ្ទៃដីចំនួន ៧អា ប្រមូលផលបានចំនួន ២,១០០គ.ក្រ លក់បោះដុំចាប់ពី ២,០០០៛ ទៅ ២,៥០០៛ ក្នុង ១គ.ក្រ ដោយបានផ្គត់ផ្គង់ជូនទីផ្សារក្នុងខេត្ត និងទៅរាជធានីភ្នំពេញ។
ឯកឧត្តម បានផ្តាំផ្ញើឱ្យកសិករខិតខំធ្វើការដាំដុះដំណាំបន្លែ ដោយអនុវត្តតាមបច្ចេកទេសកសិកម្មល្អ ដើម្បីធានាបាននូវសុខុមាលភាពប្រជាជន និងសមស្របទៅតាមតម្រូវការទីផ្សារផងដែរ និងបានស្នើឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជំរុញ និងបន្តលើដំណើរការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់យុវជន ដើម្បីបំពាក់បំប៉នចំណេះជំនាញកសិកម្មសម្រាប់ប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀត។