លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពការដាំដុះដំណាំបន្លែរបស់កសិករ ពោន ថា ដែលជាសមាជិកសហគមន៍កសិកម្មល្ងៀងមានជ័យ និងជាប្រធានបណ្តុំអាជីវកម្មបន្លែសុវត្ថិភាពស្មោញ នៅភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ | ខេត្តត្បូងឃ្មុំ
កម្មវិធី ASPIRE ខេត្តត្បូងឃ្មុំ៖
===================
កសិករនៃសមាជិកបណ្តុំអាជីវកម្មបន្លែ បានដាំដំណាំចម្រុះវិលជុំ និងកំពុងប្រមូលផល នៅភូមិស្មោញ ឃុំល្ងៀង
រសៀលថ្ងៃអាទិត្យ ទី0៤ ខែកញ្ញា ឆ្នាំ២០២២ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពការដាំដុះដំណាំបន្លែរបស់កសិករ ពោន ថា ទូរស័ព្ទលេខ ០៩៧ ៣៣៣ ៨៦ ៣៣ នៅភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលជាសមាជិកសហគមន៍កសិកម្មល្ងៀងមានជ័យ និងជាប្រធានបណ្តុំអាជីវកម្មបន្លែសុវត្ថិភាពស្មោញ បានដាំដំណាំចម្រុះ រួមមានត្រសក់ ននោង និងត្រឡាច លើផ្ទៃដីតែមួយ ហើយកំពុងប្រមូលផលព្រមគ្នាតែម្តង។
លោក ពោន ថា បានរៀបរាប់ថា ការសម្រេចចិត្តដំណាំចម្រុះនេះ គឺដោយសារចរិតលក្ខណៈដំណាំនេះផ្សេងគ្នា មួយផ្តល់ផលនៅឯក្រោម និងមួយទៀតផ្តល់ផលនៅខាងលើ ហើយដំណាំខាងលើ ផ្តល់ជាគម្របទប់កម្តៅបានខ្លះសម្រាប់ដំណាំខាងក្រោម។ ម្យ៉ាងទៀត ដោយទទួលបានការបណ្តុះបណ្តាលពីមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាត់បានអនុវត្តការដាំដុះប្រើប្រាស់កៅស៊ូគម្របដី និងទុយោតំណក់ទឹក ដែលធ្វើឱ្យគាត់ទទួលបានផលចំណេញទាំងពេលវេលា និងថវិកា លើផ្ទៃដី ៤០អារនេះ។
បច្ចុប្បន្ន គាត់អាចប្រមូលផលត្រសក់បានប្រមាណ ២០០គក្រ លក់បានតម្លៃ ១,៧០០រៀលក្នុងមួយគក្រ, ននោង២០គក្រ លក់បានតម្លៃ ២,០០០រៀល ក្នុងមួយគក្រ និងត្រឡាច ៥០ផ្លែ លក់បានតម្លៃ ១.២០០រៀលក្នុងមួយផ្លែ។
គាត់បានបញ្ជាក់ថា ការដាំដុះ យើងត្រូវចេះតាមដានការលូតលាស់ ការថែទាំ ការស្រោចស្រោប ការប្រើប្រាស់ជីឱ្យសមស្របតាមពេលវេលា និងត្រូវចេះដាំដំណាំឆ្លាស់ ដើម្បីស្របតាមការបញ្ជាទិញពីអ្នកប្រមូលទិញ ព្រោះការដាំដំណាំចម្រុះអាចផ្តល់ឱកាសក្នុងការរកចំណូលបានវិលជុំ។
លោក ណូត ធន់ ប្រធានសហគមន៍កសិកម្មល្ងៀងមានជ័យបានរៀបរាប់ថា បន្ទាប់ពីទទួលការបណ្តុះបណ្តាលពីមន្រ្តីជំនាញ កសិករក្នុងភូសាស្ត្របានផ្លាស់ប្តូរពីទម្លាប់បូរាណ មកប្រើប្រាស់បច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដោយដាំដុះដំណាំគ្របកៅស៊ូ ប្រើទុយោតំណក់ទឹក និងការប្រើប្រាស់ជីផងដែរ។
ក្នុងនោះដែរ កសិករ មានចិត្តសប្បាយរីករាយ ចំពោះបច្ចេកទេសថ្មីៗជាច្រើន ការចុះតាមដានរបស់ក្រុមការងារកម្មវិធី និងការស្វែងរកទីផ្សារជូនកសិករ ជាពិសេសតម្លៃគឺសមស្របតាមទីផ្សារ ព្រមទាំងជំរុញឱ្យកសិករបន្តដាំដុះដំណាំបន្លែបន្ថែមទៀត ដើម្បីឱ្យស្របតាមទីផ្សារបច្ចុប្បន្នផងដែរ។