ការវេចខ្ចប់ផលិតផលបន្លែតាមស្តង់ដាអនាម័យ ដើម្បីឱ្យមានគុណភាព និងមានតម្លៃល្អលើទីផ្សារដល់សមាជិកបណ្តុំអាជីវកម្មបន្លែ និងការចុះកិច្ចសន្យាទិញលក់ | ខេត្តបន្ទាយមានជ័យ
កម្មវិធី ASPIRE ខេត្តបន្ទាយមានជ័យ៖
=========================
នាថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ សីហា ឆ្នាំ២០២២ ក្រុមការងារបានចុះគាំទ្រដល់សមាជិកបណ្តុំអាជីវកម្ម ដែលមានសកម្មភាពរួមមាន៖
១) ការរិយាល័យផ្សព្បផ្សាយកសិកម្ម៖
-លោក ទៀប ដាវិន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ពិល ឆៃយ៉ា មន្រី្តការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយភ្នាក់ងារផ្សព្បផ្សាយឃុំ បានចុះសម្របសម្រួលរៀបចំកិច្ចសន្យាទិញលក់ ដើម្បីជំរុញទីផ្សារកសិករ អ្នកផលិត និងអ្នកប្រមូលទិញ និងបានព្រមព្រៀងគ្នាអំពីពេលវេលាចាប់ផ្តើម បញ្ចប់កិច្ចសន្យា បរិមាណទិញលក់ លក្ខណៈ បច្ចេកទេស តម្លៃ និងគុណភាព៖
•សមាជិកបណ្ដុំអាជីវកម្មបន្លែ បានចុះកិច្ចសន្យាទិញលក់ នៅភូមិគោកស្វាយ ឃុំភូមិថ្មី ស្រុកថ្មពួក មានអ្នកចូលសរុប ៦នាក់ស្រី ០២នាក់ ។
•សមាជិកបណ្ដុំអាជីវកម្មបន្លែ បានចុះកិច្ចសន្យាទិញលក់ នៅភូមិភ្នំប្រាសាទ ឃុំប្រាសាទ ស្រុកមង្គលបូរី អ្នកចូលរួមសរុប ៦នាក់ស្រី ០២នាក់ ។
•សមាជិកបណ្ដុំអាជីវកម្មជ្រូក បានចុះកិច្ចសន្យាទិញលក់ នៅភូមិ ព្រៃវៃង ឃុំគំរូ ស្រុកថ្មពួក អ្នកចូលរួមសរុប ៦នាក់ស្រី ០២នាក់ ។
•សមាជិកបណ្ដុំអាជីវកម្មកង្កែប បានចុះកិច្ចសន្យាទិញលក់ នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក អ្នកចូលរួមសរុប ៧នាក់ ស្រី ០២នាក់ ។
•សមាជិកបណ្ដុំអាជីវកម្មស្រូវ បានចុះកិច្ចសន្យាទិញលក់ នៅភូមិប្រិយ៍ ឃុំទ្រាស ស្រុកស្វាយចេក នអ្នកចូលរួមសរុប ៨នាក់ ស្រី ០៤នាក់ ។
២) ការិយាល័យ កសិ-ឧស្សាហកម្ម៖
-លោកស្រី ធឿក សុផានី អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម លោកស្រី យ៉ាន់ ស៊ីណា មន្ត្រីការិយាល័យកសិ-ឧស្សាហកម្ម បានសហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសក្រោយពេលប្រមូលផល និងការវេចខ្ចប់ផលិតផលបន្លែតាមស្តង់ដាគុណភាព ដល់កសិករនៃសមាជិកបណ្តុំអាជីវកម្មដំណាំបន្លែ នៅភូមិតាសៀវ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ក្នុងគោលបំណងឱ្យកសិករបានយល់ដឹងអំពី វិធីសាស្រ្តវេចខ្ចប់ផលិតផល វេចខ្ចប់តាមប្រភេទផលិតផល ដើម្បីរក្សាគុណភាព យល់កាន់តែច្បាស់ពីសារៈប្រយោជន៍នៃការវេចខ្ចប់ ជំរុញឱ្យពួកគាត់ជាអ្នកផលិត ផ្លាស់ប្តូរទម្លាប់ពីការក្រាលកន្ទេលលក់ មកលក់លក្ខណៈស្តង់ដា និងអនាម័យ (កសិកម្មបែបពាណិជ្ជកម្ម-ឧស្សាហកម្ម) ដោយអនុវត្តជាក់ស្តែង ធ្វើការជ្រើសរើសផលិតផលបន្លែត្រប់ស្រួយ ការលាងសម្អាត ចាត់ថ្នាក់ផលិផលទំហំ ពណ៌ ភាពស្រស់ ការវេចខ្ចប់ផលិតផល តាមប្រភេទផលិតផល វេចខ្ចប់លក្ខណៈងាយៗតែតាមស្តង់ដារអនាម័យ និងគុណភាព ដែលមានសមាជិកចូលរួមសរុប ៣០នាក់ ស្ត្រី ២៧នាក់។
៣) ការិយាល័យក្សេត្រសាស្រ្ត និង ផលិតភាពកសិកម្ម បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះបើកវគ្គបណ្តុះបណ្តាលរៀបចំផែនការអាជីវកម្ម ប្រតិទិនដាំដុះបន្លែដល់សមាជិកបណ្តុំអាជីវកម្មបន្លែ ការវិភាគបញ្ហាប្រឈម ដំណោះស្រាយ និងរំលឹកឡើងវិញបច្ចេកទេសដាំបន្លែ ដោយមានការសម្របសម្រួល ដោយ កញ្ញា ភឹម សំណាង មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៅភូមិកស្វាយជោគជ័យ ឃុំរហាត់ទឹក ស្រុក មង្គលបូរី ដែលមានសមាជិកចូលរួមចំនួន ២៥ នាក់ ស្រី ១៤នាក់។