ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសកម្មវិធី ASPIRE បានចុះត្រួតពិនិត្យពីវឌ្ឍនភាព នៃការអនុវត្តអនុកម្មវិធី ASPIRE | ខេត្តកំពង់ឆ្នាំង
កម្មវិធី ASPIRE ខេត្តកំពង់ឆ្នាំង៖
======================
នាថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានគណៈកម្មាធិការតម្រង់ទិស របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) និងឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម និងជានាយកកម្មវិធី ASPIRE និងសហការី បានចុះត្រួតពិនិត្យពីវឌ្ឍនភាព នៃការអនុវត្ត អនុកម្មវិធី ASPIRE ខេត្តកំពង់ឆ្នាំង អមដំណើរដោយ លោក ងិន ហ៊ុន ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង កញ្ញាហេង គឹមស្រៀង អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងក្រុមការងារ ASPIRE ថ្នាក់ខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល តាមកម្មវិធីដូចតទៅ៖
កម្មវិធីទី ១៖ គណៈប្រតិភូ បានចុះទស្សនកិច្ច និងជួបសំណេះសំណាល ជាមួយកសិករនៃសមាជិកបណ្តុំអាជីវកម្មបន្លែ ខ្ទឹមស្លឹក នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត និងស្ថានីយ៍ទឹក ដែលផ្តល់ដោយ អគ្គនាយកដ្ឋានកសិកម្ម លោកស្រី រិត ចន្ថា ប្រធានសហគមន៍ និង លោកស្រី សែត ផៃ បាន បញ្ចាក់ថា ការដាំដុះដំណាំនៅមូលដ្ឋាននេះ គឺត្រូវបានផ្តល់បច្ចេកទេស ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក្រៅពីការបណ្តុះបណ្តាលលើផ្នែកបច្ចេកទេស មន្ទីរបានរកដៃគូរទីផ្សារទាំងក្នុងខេត្ត និងក្រៅខេត្ត ជូនដល់កសិករផងដែរ និងមានលទ្ធភាពផលិត និងលក់ខ្ទឹមស្លឹក ចន្លោះពី ៣ ទៅ ៤តោនក្នុងមួយថ្ងៃ ជាប្រចាំ ទៅកាន់ទីផ្សារភ្នំពេញ និងទីផ្សារនានាក្នុងខេត្ត។ បច្ចុប្បន្ននេះ តម្លៃ ១គក្រ ថ្លៃ ៣០០០៛-៤០0០៛ ។
ឯកឧត្តម ហ៊ាន វណ្ណហន មានប្រសាសន៍ថា សមិទ្ធផលទាំងអស់នេះ គឺកើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់បងប្អូន ព្រមទាំងមានការជួយជ្រោមជ្រែងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងបង្កើន និរន្តរភាព នៃកំណើន សេដ្ឋកិច្ចក្នុងគ្រួសារ។ ឯកឧត្តម ក៏បានស្នើសុំឱ្យ កសិករខិតខំប្រឹងប្រែងបន្ថែមទៀត ធ្វើយ៉ាងណា បង្កើនបរិមាណ ផលិត ធានាគុណភាព ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមតម្រូវការទីផ្សារ ។
កម្មវិធីទី ២៖ គណៈប្រតិភូ បានអញ្ជើញ ទស្សនកិច្ច កសិករនៃសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាច់ និងភ្ញាស់កូនមាន់លក់ និងដាំផ្សិតអំបោះ របស់កសិករ ចាន់ ណាត នៅភូមិទំនប់ថ្មី ឃុំជៀបស្រុកទឹកផុស គណៈប្រតិភូ មានការកោតសរសើរ ចំពោះការប្រឹងប្រែង របស់កសិកររូបនេះ និងលើកទឹកចិត្ត ឱ្យចែករំលែកចំណេះដឹងនេះបន្តទៅសមាជិកបណ្តុំ ផ្សេងផងដែរ បន្ទាប់មកក៏បានទស្សនកិច្ច អគារប្រមូលផ្តុំកសិផល ឃុំជៀប។
កម្មវីធីទី ៣៖ គណៈប្រតិភូបានអញ្ជីញជួបសំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីអនុវត្តកម្មវិធី ASPIRE ថ្នាក់ខេត្ត ស្រុក ដែលមានវត្តចំនួន ២១នាក់ ស្រី១១នាក់ ។ ទីប្រឹក្សា ASPIRE បានធ្វើបទបង្ហាញអំពី របាយការណ៍សង្ខេបស្តីពី វឌ្ឍនភាពអនុកម្មវិធី ASPIRE ខេត្តកំពង់ឆ្នាំង ពីឆ្នាំ ២០១៦- ២០២២ ។ គណៈប្រតិភូបានធ្វើការកោតសរសើរដល់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង អនុវត្តការងារ បានលទ្ឋផលល្អប្រសើរ។ ទន្ទឹមនេះ ឯកឧត្តមក៏បាន ណែនាំ បំពេញបន្ថែមនូវ ចំណុចខ្វះខាត មួយចំនួនផងដែរ។
កម្មវិធីទី ៤៖ គណៈប្រតិភូ បានអញ្ជើញទស្សនកិច្ច អគារប្រមូលផ្តុំកសិផល នៅភូមិអូរលាជ ឃុំបន្ទាយព្រាល ដោយលោក ព្រំ សុផាត់ ប្រធាន គណៈកម្មការគ្រប់គ្រងអគារ និង លោកគង់ ឃី អនុប្រធាន គណៈគ្រប់គ្រង បាន ធ្វើសេចក្តីរាយការណ៍ អំពីដំណើរការ គ្រប់គ្រងអគារ និងការអនុវត្ត តួនាទីភារៈកិច្ច របស់គណៈកម្មការ សូមបញ្ចាក់ថា អគារនេះ គណៈកម្មការ បានចាក់ដី សង់បន្ទប់ទឹក ក្រាល ការ៉ូ តម្លើងភ្លើង និងសំយាប អស់ទឹកប្រាក់ សរុប ១០,៨៣៦,១០០ រៀល ថវិកាទាំងនេះ បានមក ពីការ លក់ភាគហ៊ុន ក្នុង ១ហ៊ុន ១០០,០០០រៀល និងជាផែនការបន្ត គណៈកម្មការ និងពង្រឹងដល់អ្នកប្រមូលទិញកសិផល និងសមាជិកបណ្តុំទាំងអស់ អោយប្រើប្រាស់អគារនេះជាកន្លែងប្រមូលផ្តុំកសិផល ដ៏ធំមួយ ប្រចាំឃុំបន្ទាយព្រាល ដែលជាកន្លែងលក់ធាតុចូលកសិកម្ម និងបានពិភាក្សាដោះស្រាយបញ្ហា ដាំដុះ ចិញ្ចឹម និង ទីផ្សារ។
ឯកឧត្តម ប្រធាន គណៈប្រតិភូ មានការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់កណៈកម្មការ និងលើកទឹកចិត្ត ឱ្យខិតខំប្រមូលផ្តុំ និងប្រើប្រាស់ធនធាន សក្តានុពលដែលមានស្រាប់ ព្រមទាំងកៀងគរជំនួយ ពីគ្រប់មជ្ឈដ្ឋានបន្ថែមទៀត សំដៅលើកកម្ពស់ផលិតភាពផលិតកម្មបន្លែ មាន់ ដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ តាមរយ: ជំរុញកំណើនផលិតកម្ម ។