ក្រុមការងារកម្មវិធី ASPIRE បានចុះតាមដានវឌ្ឍនភាពរបស់សមាជិកអាជីវកម្មបន្លែ-ចិញ្ចឹមមាន់ និងធ្វើបច្ចុប្បន្នភាពទិន្នន័យកសិករនៅក្នុងប្រព័ន្ធ MIS | ខេត្តរតនគិរី
កម្មវិធី ASPIRE ខេត្តរតនគិរី៖
នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ចុះគាំទ្រ និងផ្ដល់យោបល់ដល់ភ្នាក់ងារផ្សព្វផ្សាយឃុំបាតាង និងភ្នាក់ងារផ្សព្វផ្សាយឃុំជ័យឧត្តម ស្រុកលំផាត់ អំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យកសិករឆ្នាំ២០២២។ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីបានបង្ហាញអំពីគោលការណ៍ណែនាំ និងរបៀបធ្វើបច្ចុប្បន្នភាពទិន្នន័យកសិករនៅក្នុងប្រព័ន្ធ MIS ព្រមទាំងបានជំរុញភ្នាក់ងារផ្សព្វផ្សាយឃុំទាំងពីរ ឱ្យពន្លឿនការធ្វើបច្ចុប្បន្នភាពទិន្នន័យកសិករនេះ តាមការណែនាំរបស់ក្រុមការងារនៃលេខាធិការដ្ឋានកម្មវិធី ASPIRE ។
នារសៀលថ្ងៃដដែល ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានសហការជាមួយលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ ចុះពិនិត្យវឌ្ឍនភាពនៃការដាំបន្លែរបស់កសិករ ឆាង បុល នៅភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបចេ្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការបែ្រប្រួលអាកាសធាតុ (ASPIRE)។ កសិករមានការរីករាយ និងបានបញ្ជាក់ថា គាត់បានដាំត្រសក់លើផ្ទៃដីចំនួន ៣០អារ ហើយបានប្រមូលផលក្នុងរយៈពេល១អាទិត្យមកហើយ ដោយគាត់ ប្រមូលផលលក់បានចាប់ពី ២០០-២៥០គីឡូក្រាមក្នុង១ថ្ងៃ លក់បោះដុំបានតម្លៃ ១,១០០រៀលក្នុង១គីឡូក្រាម។
ក្រុមការងារកម្មវិធី ASPIRE ក៏បានបន្តចុះតាមដាន ពិនិត្យវឌ្ឍនភាព កសិករឈ្មោះ ខ្លូត សារឹម នៃសមាជិកអាជីវកម្មចិញ្ចឹមមាន់ នៅភូមិអូរកាន ឃុំជ័យឧត្តម ស្រុកលំផាត់ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបចេ្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការបែ្រប្រួលអាកាសធាតុ (ASPIRE)។ កសិករបានបញ្ជាក់ថា ដំបូងឡើយគាត់ចិញ្ចឹមមាន់ជិត ២០០ក្បាល ហើយបានចាប់លក់ជាបន្តបន្ទាប់ ដោយក្នុង១ខែគាត់អាចលក់បានចន្លោះពី ២០-៣០គីឡូក្រាម តម្លៃបោះដុំលក់បាន ១៧,០០០រៀលក្នុង១គីឡូក្រាម និងតម្លៃលក់រាយបាន ២០,០០០រៀលក្នុង១គីឡូក្រាម។