ការប្រើប្រាស់សម្ភារពិសោធន៍ និងការវិភាគគុណភាពបន្លែ-ផ្លែឈើ កម្មវិធី ASPIRE ខេត្តពោធិ៍សាត់
កម្មវិធី ASPIRE ខេត្តពោធិ៍សាត់ ៖
ក្រុមការងារនៃមន្ទីរកសិកម្មខេត្ត កម្មវិធីASPIRE បានរៀបចំការប្រើប្រាស់សម្ភារពិសោធន៍ និងការវិភាគគុណភាពបន្លែ ផ្លែឈើ ដែលមានការប្រមូលសំណាកមកពីបណ្តុំអាជីវកម្មដែលគាំទ្រដោយកម្មវិធីASPIRE ខេត្តពោធិ៍សាត់ ដើម្បីយកមកពិនិត្យ និងវិភាគរកសារធាតុពុលគីមីនៅក្នុងបន្លែ ដែលបានដាំដុះតាមបណ្តុំអាជីវកម្ម។ ក្រុមការងារពិសោធន៍ និងការវិភាគគុណភាពបន្លែ ដឹកនាំដោយលោកហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកមាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត និងសហការីមួយចំនួន បានចូលរួមសកម្មភាពពិនិត្យ លើការវិភាគគុណភាពបន្លែ។
ជាលទ្ធផលវិភាគឃើញថា ដំណាំបន្លែត្រសក់ សណ្តែកគួរ ខ្ទឹមស្លឹក និង ស្ពៃស បានមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ ដែលអាចទទួលយកបានលើទីផ្សារ។ មន្ទីរកសិកម្មក៏សូមសំណូមពរដល់ក្រុមហ៊ុន សហគមន៍កសិកម្ម និងក្រុមសមាជិកកសិករ ដែលផលិតដំណាំបន្លែ ផ្លែឈើ ត្រូវលើកកម្ពស់ផលិតផលកសិកម្មប្រកបដោយសុវត្ថិភាព និងអនុវត្តតាមស្តង់ដារបច្ចេកទេស ដើម្បីធានាសុវត្ថិភាព និងសុខភាពអ្នកប្រើប្រាស់ ហើយអាចយកសំណាកបន្លែ-ផ្លែឈើ មកវិភាគពិនិត្យ និងវិភាគគុណភាពបានគ្រប់ពេល។