Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាម ដែលជាមន្ត្រីជំនាញនៃកម្មវិធីASPIRE មកពីខេត្តចំនួន ៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីASPIRE

ពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាម ដែលជាមន្ត្រីជំនាញនៃកម្មវិធីASPIRE មកពីខេត្តចំនួន ៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីASPIRE

ASPIRE-AT Programme

កម្មវិធី ASPIRE ខេត្តកណ្តាល៖

ថ្ងៃព្រហស្បតិ៍១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ២០២២
នាមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយ បន្លែសុវត្ថិភាព នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល មានរៀបចំពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាម ដែលជាមន្ត្រីជំនាញនៃកម្មវិធីASPIRE មកពីខេត្តចំនួន ៨ រួមមាន៖ ខេត្តតាកែវ, កែប, កំពត, ព្រៃវែង, ស្វាយរៀង, កំពង់ធំ, កំពង់ស្ពឺ និងខេត្តកណ្ដាល ដែលមានសិក្ខាកាមសរុប ២៦ នាក់ ស្រី ៧នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យលើជំនាញ ស្ដីពី ការប្រើប្រាស់សម្ភារពិសោធន៍ និងការវិភាគគុណភាព បន្លែ ផ្លែឈើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីASPIRE ។

តាមរបាយការណ៍បូកសរុបលទ្ធផលវគ្គបណ្ដុះបណ្ដាល របស់លោក ផា ឋាម អនុប្រធានមន្ទីរកសិកម្ម និងជាប្រធានមជ្ឈមណ្ឌល ប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយ បន្លែសុវត្ថិភាព បានបង្ហាញថា៖ មជ្ឈមណ្ឌលបានធ្វើការបណ្ដុះបណ្ដាលជូនដល់សិក្ខាកាម ដែលជាមន្ត្រីជំនាញនៃកម្មវិធីASPIRE មកពី២៤ ខេត្ត បានចំនួន៣លើក ដោយប្រើប្រាស់វិធីសាស្ត្រធ្វើបទបង្ហាញជាទ្រឹស្ដី រួមនឹងការអនុវត្តជាក់ស្ដែង ក្នុងការរកសារធាតុគីមីពុលបន្សល់លើបន្លែ និងផ្លែឈើ ។

ជាលទ្ធផល សិក្ខាកាមបានអនុវត្តលើសំណាកបន្លែ និងផ្លែឈើសរុបចំនួន៣៤ប្រភេទ៖ ប្រភេទស្លឹក ១០ប្រភេទ, ប្រភេទមើម ៥ប្រភេទ, ប្រភេទផ្លែ ១២ប្រភេទ និងសំណាក ផ្លែឈើចំនួន៧ ប្រភេទ ដែលក្នុងនោះរកឃើញថាបន្លែ និងផ្លែឈើមានសុវត្ថិភាព ចំនួន២៦ សំណាក និង បន្លែគ្មានសុវត្ថិភាព ចំនួន៨សំណាក ។ ជាមួយគ្នាផងដែរ តាមរយៈការវាយតម្លៃរបស់គ្រូដឹកនាំវគ្គ បានបង្ហាញថាកម្រិតយល់ដឹងរបស់សិក្ខាកាមទាំង២៤ ខេត្ត ទទួលបាន ពី៧៥% ដល់ ៨០% ។ ក្រោយពីបានស្តាប់នូវរបាយការណ៍ រួចមក ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ នាយកកម្មវិធីASPIRE បានមានមតិកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តកណ្ដាល ដែលបានផ្តល់ទីកន្លែង គ្រូឧទ្ទេស សម្រាប់ការបណ្ដុះបណ្ដាលនាពេលនេះ រីឯគ្រូឧទ្ទេសសុទ្ធតែមានបទពិសោធន៍ៗល្អ ក្នុងការចែករំលែកចំណេះដឹង សិក្ខាកាមក៏បានយកចិត្តទុកដាក់ស្ដាប់ និងការពន្យល់លើទ្រឹស្ដី និងការអនុវត្តទើបទទួលបានលទ្ធផលល្អដូចពេលនេះ ឯកឧត្តមក៏បានមានមតិផ្ដាំផ្ញើដល់សិក្ខាកាម ពេលត្រឡប់ទៅខេត្តសាមីវិញ សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់លើវិធានការណ៍សុវត្ថិភាពបន្ទប់ពិសោធន៍ និងការសង្គ្រោះបឋម ចៀសវាងនូវបញ្ហាកើតឡើងជា យថាហេតុ និងត្រូវអនុវត្តឲ្យបានញឹកញាប់ដើម្បីទទួលបានបទពិសោធន៍បន្ថែម និងត្រូវធ្វើទំនាក់ទំនងល្អជាមួយគ្រូឧទ្ទេសសម្រាប់សាកសួរព័ត៌មានបន្ថែមពេលដែលអនុវត្ត ទៅជួបបញ្ហា ម៉្យាងវិញទៀត សិក្ខាកាមដែលបានមក រៀននាពេលនេះត្រូវធ្វើការចែករំលែកចំណេះដឹង ដល់មន្ត្រីតាមខេត្តសាមី ដែលមិនបានចូលរួមដើម្បីពួកគេអាចមានសមត្ថភាពសម្រាប់បន្តនិរន្តភាពការងារទៅមុខទៀត បានជោគជ័យ ។ ពិធីទាំងមូលបានបញ្ចប់ទៅដោយជោគជ័យ ក្រោមការប្រគល់វិញ្ញាបនបត្រពីឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ នាយកកម្មវិធីASPIRE ជូនដល់សិក្ខាកាម និងសម្ភារសម្រាប់ពិសោធន៍តាមបណ្ដាខេត្ត រួមនឹងការថតរូបទុកជាអនុស្សាវរីយ៍ផងដែរ ៕

Leave a Reply

Your email address will not be published.