កម្មវិធី ASPIRE ខេត្តត្បូងឃ្មុំ៖
ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធាន គណៈកម្មការដឹកនាំកម្មវិធី ASPIRE និង លោក ស៊ន វិចិត្រ ប្រធានលេខាធិការដ្ឋានកម្មវិធីASPIRE បានដឹកនាំក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ចុះត្រួតពិនិត្យវឌ្ឍនភាព និងតម្រង់ទិស នៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) អនុវត្តដោយមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលរួមមានកម្មវិធីដូចខាងក្រោម៖
សកម្មភាពការងារ៖
• បានចុះពិនិត្យ ពង្រឹង និងសំណេះសំណាលជាបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ឃុំអំពិលតាពក ដើម្បីពិនិត្យមើលលទ្ធផលនៃការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងការទទួលភាពរីកចម្រើនលើកសិផល របស់បណ្តុំអាជីវកម្មបន្លែឃុំទួលសូភី ក្នុងស្រុកអូររាំងឪ។
• បន្តកិច្ចប្រជុំក្រុមការងារកម្មវិធីASPIRE នៅសាលប្រជុំរបស់មន្ទីរ ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងការតម្រង់ទិសសម្រាប់ការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ អោយទទួលបានផ្លែផ្កា។
ជាលទ្ធផល៖
ក្រោយពីបានស្តាប់នូវរបាយការណ៍រួចមក ឯកឧត្តម ហ៊ាន វណ្ណហន បានមានមតិកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ជម្រុញបន្តការអនុវត្កការងារតាមផែនការជាក់ស្តែង និងតម្រង់ទិសឱ្យស្របតាមគោលការណ៍នៃកម្មវិធី ASPIRE ។


















