ក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE បានចុះអង្កេត ពិនិត្យវឌ្ឍនភាព លើកសិករគំរូ និងវាយតម្លៃការងារគម្រោង RUSH-IT នៅខេត្តសៀបរាម
កម្មវិធី ASPIRE ខេត្តសៀមរាប៖
នៅថ្ងៃពុធ ១១ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានអមដំណើរក្រុមបេសកកម្មរបស់មន្ត្រីជំនាញ និងទីប្រឹក្សានៃលេខាធិការដ្ឋានកម្មវិធីASPIRE នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចុះអង្កេត និងរៀបចំមេរៀនជោគជ័យ ដើម្បីសរសេរ Lesson Learned and Success Story សម្រាប់កម្មវិធីASPIRE ព្រមទាំងការធ្វើតេស្តសាកល្បងនូវកម្រងបញ្ជីសំណួរសម្រាប់កសិកររបស់គម្រោង RUSH-IT/ ការវាយតម្លៃការងារគម្រោង RUSH-IT នៅខេត្តសៀមរាប ។
ជាលទ្ធផល៖
ក្រុមការងារទី១៖ ដឹកនាំដោយ ឯ.ឧ ប៉ែន វុធ ទីប្រឹក្សារជាន់ខ្ពស់ផ្នែកទីផ្សារកម្មវិធីASPIRE លោក ស៊ុន បូរេត ប្រធានក្រុមកម្មវិធីASPIRE និងក្រុមការងារ បានជួបពិភាក្សា សម្ភាស និងផ្តិតរូបភាពវីដេអូ ជាមួយកសិករគំរូ ឈ្មោះ ឈាវ ហុង នៅកសិដ្ឋានបន្លែសុវត្ថិភាព ភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម និង កសិករគំរូ ឈ្មោះ លន សាវុធ ព្រមទាំងថ្នាក់ដឹកនាំបណ្តុំអាជីវកម្មចំនួន ៤រូប នៅកសិដ្ឋានបន្លែសុវត្ថិភាព ភូមិពពិស សង្កាត់ក្របីរៀល ក្រុងសៀមរាប។
ក្រុមការងារទី២៖ ដឹកនាំដោយ លោក វង់ ទ្រី ជំនួយការនាយកកម្មវិធីASPIRE និង លោក ម៉ៅ ណារិទ្ធ ទីប្រឹក្សា M&E កម្មវិធីASPIRE និងក្រុមការងារបានចុះជួប វាយតម្លៃ និងពិភាក្សាជាមួយកសិករចំនួន ០៤នាក់ នៅភូមិដូនលី និង ភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ដែលទទួលបានធាតុចូលកសិកម្មគ្រប់តាមចំនួនដែលបានស្នើសុំ និងយកទៅប្រើប្រាស់ដើម្បីបង្កើនផលិតកម្ម និងបង្កើនចំណូលបន្ថែមរបស់កសិករក្នុងវិបត្តិជំងឺឆ្លងកូវីដ១៩ ព្រមទាំងបញ្ហាមួយចំនួនត្រូវបានដោះស្រាយ។























