Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ កំពង់ចាម និងខេត្តត្បូងឃ្មុំ

សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ កំពង់ចាម និងខេត្តត្បូងឃ្មុំ

កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ កំពង់ចាម និងខេត្តត្បូងឃ្មុំ។

១).ខេត្តព្រះវិហារ៖ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលស្វាយចន្ទី ជូនដល់សមាជិកមកពីសហគមន៍កសិកម្ម រួមមាន៖ (១).គីរីរតនៈសាមគ្គី ដែលមានអ្នកចូលរួមសរុប ២៣ នាក់ ក្នុងនោះមានស្រ្តី ១៣ នាក់ នៅភូមិកេរ្តិ៍ ឃុំរតនៈ ស្រុករវៀង (២).រៀបរយសែនជ័យ ដែលមានអ្នកចូលរួមសរុប ២២ នាក់ ក្នុងនោះមានស្រ្តី ១៥ នាក់ នៅភូមិស្រែ ឃុំរៀបរយ ស្រុករវៀង និង (៣).ច្រាច់សាលវន្តសាមគ្គីសែនជ័យ ដែលមានអ្នកចូលរួមសរុប ២៥ នាក់ ក្នុងនោះមានស្រ្តី ២២ នាក់ នៅភូមិប្រមូលផ្ដុំ ឃុំច្រាច់ ស្រុកជ័យសែន។
វគ្គនេះ មានប្រធានបទ ដែលបានធ្វើបទបង្ហាញជូនសិក្ខាកាមដូចខាងក្រោម៖
– ការប្រមូលផលគ្រាប់ស្វាយចន្ទី និងលក់បានតម្លៃល្អ
– វិធីសាស្រ្តប្រឡេះគ្រាប់ស្វាយចន្ទី
– ការលាងសំអាតគ្រាប់ស្វាយចន្ទី និងជ្រើសរើសគ្រាប់ស្វាយចន្ទីល្អ
– ការហាលសម្ងួតគ្រាប់ស្វាយចន្ទី ដោយប្រើកំដៅព្រះអាទិត្យ
– ការកំណត់លក្ខណះ និងការត្រួតពិនិត្យគ្រាប់ចន្ទី
– ការស្តុកទុកគ្រាប់ចន្ទី(កន្លែងស្តុកទុកស្ងួតនិងមានសំណើម ចន្លោះពី ៧-១០%)
– ការគ្រប់គ្រង និងកែច្នៃសាច់(ផ្លែ)ស្វាយចន្ទី បន្ទាប់ពីប្រឡេះគ្រាប់រួច
– របៀបធ្វើជីកំប៉ុស និងជីទឹក។

 

 

២).ខេត្តកំពង់ចាម៖ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់សហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើង នៅឃុំតាំងក្រសាំង ស្រុកបាធាយ ដែលមានអ្នកចូលរួមសរុប ៣១ នាក់ ក្នុងនោះមានស្រី្ត ១៥ នាក់។
គោលបំណងគឺ ដើម្បីការកែប្រែទម្លាប់ពីការចិញ្ចឹមតាមបែបយកថាផល ឱ្យក្លាយទៅជាការចិញ្ចឹមតាមបែបបច្ចេកទេស មានលក្ខណៈអាជីវកម្ម និងស្របតាមតម្រូវការទីផ្សារ។
វគ្គបណ្ដុះបណ្ដាលមានរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖
– ការជ្រើសរើសទីតំាង
– ការជ្រើសរើសពូជ
– ការថែទាំ
– ការប្រើប្រាស់ចំណី
– ការចាក់វ៉ាក់សាំង និងថ្នាំព្យាបាល
– បច្ចេកទេសប្រមូលផល និងការទុកដាក់
– ការដឹកជញ្ជូនផលិតផលទៅលក់នៅទីផ្សារ
– ការកត់ត្រាចំណូលចំណាយការចិញ្ចឹមមាន់សាច់។

 

 

៣).ខេត្តត្បូងឃ្មុំ៖ បានរៀបចំ កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំដុះស្វាយចន្ទីពីកសិករនាំមុខ ខាន់ ពេជ្រ ទៅសមាជិកសហគមន៍កសិកម្មកសិករឃុំរការពប្រាំ ដែលមានអ្នកចូលរួមសរុប ៤២ នាក់ ក្នុងនោះមានស្រ្តី ១១ នាក់ នៅភូមិឈូកសណ្តល់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ។
កម្មវិធីនេះ មានគោលបំណងដូចជា៖ (១).ចែករំលែកចំណេះដឹង បច្ចេកទេស និងបទពិសោធជោគជ័យក្នុងខ្សែច្រវាក់តម្លៃស្វាយចន្ទី (២).បន្តផ្សព្វផ្សាយអំពីគោលការណ៍ និងនីតិវិធីឥណទានពីកម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB (៣).បន្តបង្ហាញអំពីសកម្មភាពសំខាន់ៗរបស់ក្រុមសេវាករ (SP1) ។
លោក ខាន់ ពេជ្រ ជាកសិករនាំមុខ បានចែករំលែកចំណេះដឹង បច្ចេកទេស បទពិសោធ និងដឹកនាំការអនុវត្តជាក់ស្តែង ដោយផ្តោតទៅលើ៖ (១).វិធីសាស្ត្រនៃការតាក់តែងមែកស្វាយចន្ទី (២).វិធីសាស្ត្រនៃការប្រើប្រាស់ជីធម្មជាតិ និងគីមី (៣).វិធីសាស្ត្រថែទាំត្រួយ ផ្កា និងក្តិប (៤).ការគ្រប់គ្រងសត្វល្អិត និង (៥).ការដឹកនាំអនុវត្តជាក់ស្តែង។
ជាលទ្ធផល៖ អ្នកចូលរួមទាំងអស់
+បានទទួលចំណេះដឹង និងបទពិសោធពីកសិករនាំមុខ ក្នុងផលិតកម្មស្វាយចន្ទី សម្រាប់យកទៅអនុវត្តបន្តនៅតាមចម្ការរបស់ខ្លួន រួមមាន៖ (១).អត្ថប្រយោជន៍ និងវិធីសាស្ត្រនៃការតាក់តែងមែកស្វាយចន្ទី (២).ការប្រើប្រាស់ជីធម្មជាតិនិងជីគីមី (ការជីករណ្តៅដាក់ជី ប្រភេទជី បរិមាណជី និងពេលវេលានៃការដាក់ជី) (៣).ការថែទាំត្រួយ ផ្កា និងក្តិប និង (៤).ការគ្រប់គ្រងសត្វល្អិត។
+បានយល់ច្បាស់អំពីគោលការណ៍ និងលក្ខខណ្ឌតម្រូវនៃការផ្តល់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ៖ (១).អតិថិជនគោលដៅ (២).លក្ខណវិនិច្ឆ័យសម្រាប់សហគមន៍កសិកម្ម និងសមាជិក (៣).ទំហំកម្ចី និងការសង (៤).ឯកសារតម្រូវសម្រាប់ដាក់ពាក្យស្នើសុំកម្ចីឥណទាន និង (៥).ដំណើរការ និងនីតិវិធី។
+បានយល់អំពីភាពខ្លាំង ស្ថានភាពហិរញ្ញវត្ថុ/ប្រាក់ចំណូល សមត្ថភាពផលិត បរិយាបន្ន និងនិរន្តរភាពរបស់សហគមន៍កសិកម្ម។

 

 

Leave a Reply

Your email address will not be published.