Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំសិក្ខាសាលាផ្ទៀងផ្ទាត់ផែនការសកម្មភាពសម្រាប់កែលម្អការដាំដុះ ការប្រមូល ការគ្រប់គ្រង ការកែច្នៃ និងការលក់ ទិញផលិតផលកសិកម្ម នៅខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ

ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំសិក្ខាសាលាផ្ទៀងផ្ទាត់ផែនការសកម្មភាពសម្រាប់កែលម្អការដាំដុះ ការប្រមូល ការគ្រប់គ្រង ការកែច្នៃ និងការលក់ ទិញផលិតផលកសិកម្ម នៅខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ

ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ ក្នុងឋានៈជានាយកគម្រោងគជ់ ឬ គម្រោង PEARL បានសហការជាមួយមន្ត្រីក្រសួងបរិស្ថាន អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងអភិបាលរងខេត្ត ដឹកនាំមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល អ្នកដឹកនាំសហគមន៍កសិកម្ម សហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ អ្នក ឬ តំណាងក្រុមហ៊ុនប្រមូលទិញ កែច្នៃ និងលក់ ឬ នាំចេញគ្រាប់ស្វាយចន្ទី បន្លែ ស្វាយ និងស្រូវសរីរាង្គ ពិភាក្សាអំពីបញ្ហា ហើយកំណត់ដំណោះស្រាយសមស្រប ។

ចំណុចផ្តោតសំខាន់ គឺរកវិធីគាំទ្រសហគមន៍កសិកម្ម និងក្រុមហ៊ុនខាងលើ ឱ្យកាន់តែបន្ស៊ាំបានកាន់តែល្អ ជាមួយនឹងបញ្ហាផ្សេងៗ ដែលបង្កដោយការប្រែប្រួលអាកាសធាតុ ឱ្យផលិត និងកែច្នៃកសិផលឱ្យបានកាន់តែច្រើន ឱ្យកាន់តែមានគុណភាពល្អ និងឱ្យកាន់តែត្រូវចិត្តអ្នកទិញ និងអ្នកបរិភោគ ពោលគឺឱ្យអាចលក់ផលិតផលកសិកម្មបានកាន់តែច្រើន ហើយទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ ។

ជាមួយគ្នាដែរ សិក្ខាសាលាក៏បានប្រឹងប្រែងរកវិធីគាំទ្រសហគមន៍ព្រៃឈើ និងសហគមន៍ការពារធម្មជាតិ ឱ្យអាចថែរក្សាបានល្អ និងគង់វង្សនូវព្រៃឈើ និងសត្វព្រៃ ដែលនៅប៉ែកខាងលើនៃប្រទេសយើង ។

នៅក្នុងពិធីនោះ គម្រោងបានចែកជូនសហគមន៍ខាងលើ នូវកុំព្យូទ័រយួរដៃ (Laptop) និងម៉ាស៊ីនបោះពុម្ព (Printer) ដែលក៏អាច Scan និង Photocopy បាន សរុបចំនួន ១២៤ សម្រាប់ ។

សូមបញ្ជាក់ថាគម្រោងគជ់កំពុងត្រូវបានសហការគ្រប់គ្រង និងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម និងអង្គការ FAO នៅក្នុងខេត្តចំនួន ៤ ដូចបានរៀបរាប់ខាងលើ ដោយប្រើប្រាស់ប្រាក់ជំនួយរបស់មូលនិធិអាកាសធាតុបៃតង (GCF) និងប្រាក់បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។

 

 

Leave a Reply

Your email address will not be published.