ឯកឧត្តម មាស ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំជាមួយអភិបាលស្រុក មេឃុំ និងមន្ត្រីកសិកម្មឃុំ ព្រមទាំងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាជន និងផលិតកម្មកសិកម្ម នៅស្រុកភ្នំស្រុក ខេត្តបន្តាយមានជ័យ
ដើម្បីត្រៀមអនុវត្តគម្រោងថ្មីមួយរបស់រាជរដ្ឋាភិបាល សំដៅជួយសម្រាលការលំបាកក្នុងជីវភាពរបស់ប្រជាជនក្រីក្រ និងប្រជាជនដែលងាយរងហានិភ័យ នៅថ្ងៃទី១០ និង ១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រី និងទីប្រឹក្សារបស់ក្រសួង ជួបពិភាក្សាជាមួយលោកស្រីប្រធានស្តីទីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ លោកអភិបាលស្រុក មេឃុំទាំង ៦ និងមន្ត្រីកសិកម្មឃុំនៃស្រុកភ្នំស្រុក ។
បន្ទាប់ពីបានបកស្រាយជម្រាបអំពីព័ត៌មានសំខាន់ៗរបស់គម្រោង ឯកឧត្តមរដ្ឋលេខាធិការបានស្នើអ្នកចូលរួមឱ្យពិភាក្សា និងផ្តល់យោបល់អំពីកិច្ចសហការក្នុងការគ្រប់គ្រង និងអនុវត្ត ដោយផ្តោតជាជិសេសលើវិធីសាស្ត្រជ្រើសរើសភូមិ និងប្រជាជន ដែលគម្រោងគួរគាំទ្រ ដោយប្រកាន់យកគោលការណ៍តម្លាភាព សមធម៌ និងបរិយាប័ន្ន ។ គួរបញ្ចាក់ថាគម្រោង ដែលនឹងគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនេះ ត្រូវបានគ្រោងអនុវត្តក្នុងរយៈពេល ៦ ខែ នៅក្នុងខេត្តជាច្រើន ដោយផ្តល់ជូនប្រជាជនដែលកំពុងជួបការលំបាកខ្លាំង នូវមធ្យោបាយ សម្ភារ គ្រាប់ពូជដំណាំ កូនសត្វ និងកូនត្រី ព្រមទាំងការបណ្តុះបណ្តាលបច្ចេកទេស អំពីការដាំដុះដំណាំ និងចិញ្ចឹមសត្វទាំងនោះ សំដៅធ្វើឱ្យប្រជាជនមានអាហារកាន់តែល្អ និងកាន់តែគ្រប់គ្រាន់ ចំណាយកាន់តែទាបសម្រាប់ផលិតកម្មកសិកម្ម ទទួលបានឱកាសធ្វើការងារកាន់តែច្រើន និងមានប្រាក់ចំណូលកាន់តែខ្ពស់ ពោលគឺរួមចំណែកកាត់បន្ថយភាពក្រីក្រ និងស្តារសេដ្ឋកិច្ចនៅទីជនបទ ។
ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ អមដំណើរដោយមន្ត្រីកសិកម្មឃុំនៃស្រុកភ្នំស្រុក ក៏បានធ្វើដំណើរទៅពិនិត្យស្ថានភាពរស់នៅ និងការធ្វើកសិកម្មរបស់ប្រជាជននៅក្នុងស្រុកភ្នំស្រុក ដោយជួបសំណេះសំណាលជាមួយប្រជាជនជាច្រើន ។















