កម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្ម និងបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលដំណាំ
កម្មវិធី ASPIRE-AT ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្ម និងបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលដំណាំ។
១).ខេត្តបាត់ដំបង៖បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា នៅឃុំពេជ្រចិន្តា និងបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលដំណាំ ជូនដល់សហគមន៍កសិកម្មអូររំដូលអភិវឌ្ឍន៍ថ្មី នៅឃុំអូររំដូល ស្រុកភ្នំព្រឹក ដែលមានអ្នកចូលរួមសរុប ៤៧ នាក់ ក្នុងនោះមានស្រ្តី ១៤ នាក់ រួមទាំងមន្រ្តីកសិកម្មឃុំអូររំដូល និងឃុំពេជ្រចិន្តា។ ប្រធានបទផ្តោតសំខាន់លើ៖ (១) ការចែករំលែកបទពិសោធរបស់កសិករនាំមុខ ស្តីពីការអនុវត្តធ្វើនិងប្រើប្រាស់ជីកំប៉ុស្ដទឹកម្នាស់ ជីកំប៉ុស្តគោក និងថ្នាំពុលកសិកម្មតាមបែបធម្មជាតិ ដែលបានរៀនសូត្រនៅចុងឆ្នាំ ២០២៥ (២) បញ្ហាជួបប្រទះពាក់ព័ន្ធរបស់កសិករកន្លងមកលើដំណាំពោត-បន្លែ និង (៣) បង្ហាត់បង្ហាញ និងឆ្លើយតបទៅនឹងបញ្ហាដែលបានលើកទ្បើង (៤) អនុវត្តធ្វើជីទឹកម្នាស់បាន ១ ធុង ប្រហែល ២៥ លីត្រ និង (៥) សង្កេតឃើញថា សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា មានភាពសកម្មក្នុងការប្រមូលទិញបន្លែពីសមាជិករបស់ខ្លួន និងបានចូលរួមចែកវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ (GAP) ជូនដល់កសិករផងដែរ។














២).ខេត្តពោធិ៍សាត់៖ បានរៀបចំបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ នៅភូមិអន្លង់រាប ឃុំអន្លង់រាប ស្រុកវាលវែង និងបានពិនិត្យការដាំដុះ និងការប្រមូលផលស្ពៃក្ដោប និងត្រសក់ទ្រើង នៅសហគមន៍កសិកម្មអភិវឌ្ឃន៍អន្លង់រាប ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង។




៣).ខេត្តស្វាយរៀង៖ បានរៀបចំបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ នៅសហគមន៍កសិកម្មសាមគ្គីភូមិសូ នៅភូមិសូ ឃុំដូនស ស្រុកស្វាយជ្រំ ដែលមានអ្នកចូលរួមសរុប ២០ នាក់ ក្នុងនោះមានស្រ្តី ១០ នាក់។
ប្រធានបទសំខាន់ៗមានដូចខាងក្រោម៖ ១.បច្ចេកទេសផលិតកូនដំណាំ ២.បច្ចេកទេសដាំដុះ ៣.វិធីសាស្រ្តការការពារដំណាំពីសត្វល្អិតបំផ្លាញ និងជំងឺផ្សេងៗ ៣.វិធីសាស្រ្តក្នុងការប្រមូលផលដំណាំបន្លែស្លឹក និងបន្លែយកផ្លែ និង ៤.បច្ចេកវិទ្យាក្រោយការប្រមូលផលបន្លែ។
កិច្ចចាប់ផ្តើម លោក រ័ត្ន ចក់ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានបញ្ជាក់អំពីគោលបំណងនៃវគ្គ ដើម្បីឱ្យអ្នកចូលរួមយល់អំពីសារៈផលប្រយោជន៍ និងការគាំទ្ររបស់កម្មវិធី។ បន្ទាប់មក លោក ប្រាក់ សាន់ ជាគ្រូបង្គោលបានធ្វើបទបង្ហាញ ជាបន្តបន្ទាប់ និងបានពន្យល់បកស្រាយនូវរាល់ខ្លឹមសារមេរៀន ព្រមទាំងផ្តល់ឱកាសសួរ-ឆ្លើយចំពោះកសិករដែលមានចម្ងល់។ ជាមួយនេះដែរ លោកទីប្រឹក្សាសម្របសម្រួលកម្មវិធី បានចូលរួមពន្យល់បន្ថែមនូវចំណុចខ្វះខាតដើម្បីឱ្យសមាជិកយល់កាន់តែច្បាស់ យកទៅអនុវត្តទទួលបានផលល្អ។










៤).ខេត្តកំពង់ឆ្នាំង៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មពពេលសាមគ្គីមានពន្លឺ (ផលិតកម្មបន្លែ) ដែលមានអ្នកចូលរួមសរុប ២៧ នាក់ ក្នុងនោះមានស្រ្តី ២៦ នាក់ ដើម្បីចែករំលែកអំពី៖ ១.ការធ្វើផែនការដាំដុះ ២.ការប្រើប្រាស់ជី និងថ្នាំកសិកម្ម ៣.ការដាំដុះបែបកសិកម្មទំនើប ៤.យុទ្ធសាស្ត្រក្នុងការកាត់បន្ថយថ្លៃដើមផលិត ដើម្បីបង្កើនប្រាក់ចំនេញ ៥.របៀបផលិតជីកំប៉ុស្ត។






៥).ខេត្តតាកែវ៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មសំភ្លឺស្វាយរន្ធអមតៈ នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ដែលមានអ្នកចូលរួមសរុប ៥០ នាក់ ក្នុងនោះមានស្រ្តី ២៨ នាក់។ កម្មវិធីនេះមានគោលបំណងចែករំលែកចំណេះដឹងបច្ចេកទេស និងបទពិសោធជោគជ័យក្នុងការដាំដុះបន្លែរបស់កសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្ម ដើម្បីយកចំណេះដឹងនេះទៅពង្រីកអាជីវកម្មរៀងៗខ្លួន។



