កម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្ម និងបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលដំណាំ
កម្មវិធី ASPIRE-AT ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្ម និងបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលដំណាំ។
១).ខេត្តកំពង់ចាម៖ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលពោតក្រហម សម្របសម្រួលដោយលោក អ៊ុក គោរព អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ជូនដល់សមាជិកសហគមន៍កសិកម្មរកាគយពន្លឺថ្មី នៅភូមិដំណាក់ល្អិត ឃុំរកាគយ ស្រុកកងមាស ដែលមានអ្នកចូលរួមសរុប ២៧ នាក់ ក្នុងនោះមានស្រ្តី ១៨ នាក់។ គោលបំណង ដើម្បីបង្កើនចំណេះដឹងជូនដល់សមាជិកសហគមន៍កសិកម្ម ឱ្យបង្កើនផលិតភាពពោត ប្រកបដោយសុវត្ថិភាព និងបង្កើនប្រាក់ចំណេញ។ ដោយមានរបៀបវារៈដូចជា៖ ១.ចំនុចសំខាន់ៗដំណើរការផលិតកម្ម ២.បច្ចេកទេសក្រោយការប្រមូលផល ៣.ការវិភាគសេដ្ឋកិច្ច។



២).ខេត្តស្វាយរៀង៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្ម អំពីបច្ចេកទេសចិញ្ចឹមមាន់ស្រែ ដោយកសិករនាំមុខ ហួន ធូ នៅសហគមន៍កសិកម្មសម្បត្តិមានជ័យ ភូមិល្បើក ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ដែលមានអ្នកចូលរួមសរុប ៣៩ នាក់ ក្នុងនោះមានស្រ្តី ១៨ នាក់។ គោលបំណង ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធ ជូនដល់សមាជិកសហគមន៍កសិកម្ម អំពីបច្ចេកទេសចិញ្ចឹមមាន់ស្រែ ដែលទទួលបានពីការអនុវត្តកន្លងមក និងពីទស្សនកិច្ចសិក្សារបស់កម្មវិធី ASPIRE-AT ដោយផ្តោតទៅលើប្រធានបទសំខាន់ៗ ដូចជា៖ ១.ការរៀបចំផែនការ និងការជ្រើសរើសទីតាំងចិញ្ចឹម ២.ការធ្វើអនាម័យ និងជីវសុវត្ថិភាពក្នុងកសិកដ្ឋាន ៣.ការជ្រើសរើសពូជ (កូនមាន់) ៤.ការថែទាំ និងកំដៅកូនមាន ៥.ការចាក់វ៉ាក់សាំងការពារ និងទំលាក់បរ៉ាសិត ៦.របៀបផ្សំចំណី និងការផ្តល់ចំណី ៧.ការថែទាំមាន់ប្រចាំថ្ងៃ ៨.ជម្ងឺ និងការប្រើប្រាស់ថ្នាំព្យាលបាល និង ៩.ការលក់ និងទីផ្សារ។ ក្រោយពីពន្យល់តាមទ្រឹស្តី និងឆ្លើយសំណួរផ្សេងៗដែលអ្នកចូលរួមសួរ ហើយមានការធ្វើបង្ហាញជាក់ស្តែង អំពីការធ្វើវ៉ាក់សាំងញូកាស និងការផ្សំចំណីមាន់ ហើយបានឱ្យអ្នកចូលរួមឡើងអនុវត្តផ្ទាល់។









៣).ខេត្តបន្ទាយមានជ័យ៖ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់សមាជិកសហគមន៍កសិកម្មទ្រាសគោកកឋិន នៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក សម្របសម្រួលដោយលោក ម៉ៅ វុត្ថារី មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក សេង ជឺឃីម មន្ត្រីការិយាល័យនីតិសាស្ត្រ និងលោក ឈុន សុមេធោឡា ទីប្រឹក្សាសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត និងបណ្តុះបណ្តាលដោយលោកគ្រូ ផុន ភីរុន មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ដែលមានអ្នកចូលរួមសរុប ៣៤ នាក់ ក្នុងនោះមានស្រ្តី ២៨ នាក់។ ខ្លឹមសារមេរៀន៖ បច្ចេកទេសចិញ្ចឹមមាន់តាមបែបវៃឆ្លាត ការជ្រើសរើសទីតាំងនិងធ្វើទ្រុងកូនមាន់ មាន់ជំទង់ និងមាន់ធំ ការជ្រើសរើសមេបាពូជ ការផ្តល់ទឹកនិងផ្សំចំណីកូនមាន់ មាន់ជំទង់ មាន់ធំ និងមេបា វិធានការការពារ ការប្រើថ្នាំនិងការព្យាបាលជំងឺ ការដឹកជញ្ជូននិងផលប៉ះពាល់បរិស្ថាន និងទីផ្សារ (ការលក់មាន់រស់ និងការវេចខ្ចប់មាន់បោចហើយ)។




៤).ខេត្តតាកែវ៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មសំភ្លឺអង្គររង្សី នៅភូមិគ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ដែលមានអ្នកចូលរួមសរុប ៥០ នាក់ ក្នុងនោះមានស្រ្តី ៣០ នាក់ និងបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ នៅសហគមន៍កសិកម្មពន្លឺនឹងក្រពុំឈូក នៅភូមិបេង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ដែលមានអ្នកចូលរួមសរុប ៣១ នាក់ ក្នុងនោះមានស្រ្តី ១៦ នាក់។





