កម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្ម និងបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលដំណាំ
កម្មវិធី ASPIRE-AT ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្ម និងបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលដំណាំ។
១).ខេត្តបន្ទាយមានជ័យ៖ បានរៀបចំវគ្គបណ្ដុះបណ្ដាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ និងពោត ជូនដល់សមាជិកសហគមន៍កសិកម្មចំនួន ២ ។ ១.សហគមន៍កសិកម្មសាមគ្គីម៉ាឡៃ (ពោត) នៅភូមិថ្មីកណ្តាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ សម្របសម្រួលដោយលោក ផែ សុភ័ក្ត មន្ត្រីទទួលបន្ទុកផែនការ ត្រួតពិនិត្យ និងវាយតម្លៃកម្មវិធី និងលោក ម៉ៅ វុត្ថារី មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក ឈុន សុមេធោឡា ទីប្រឹក្សាសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត និងបណ្តុះបណ្តាលដោយលោកគ្រូ ងឿន រតនៈ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ដែលមានអ្នកចូលរួមសរុប ៣៤ នាក់ ក្នុងនោះមានស្រ្តី ២០ នាក់។ ២.សហគមន៍កសិកម្ម អមតៈមានជ័យ (បន្លែ) នៅភូមិរស្មីមានជ័យ ឃុំទួលពង្រ ស្រុកម៉ាឡៃ សម្របសម្រួលដោយលោកស្រី ស៊ុន សុខេង អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងបណ្តុះបណ្តាលដោយលោកគ្រូ អៀង ថងអ៊ុន មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ដែលមានអ្នកចូលរួមសរុប ១៨ នាក់ ក្នុងនោះមានស្រ្តី ៦ នាក់។









២).ខេត្តកំពង់ឆ្នាំង៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មត្រពាំងចាន់រីកចម្រើន នៅកសិដ្ឋានរបស់លោកស្រី សូយ សៅរ័ត្ន ជាកសិករនាំមុខ ភូមិសាឡន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ដែលមានអ្នកចូលរួមសរុប ៤៥ នាក់ ក្នុងនោះមានស្រ្តី ៣៧ នាក់។ កម្មវិធីនេះបានផ្តោតទៅលើចំណុចសំខាន់ៗ មួយចំនួនដូចជា៖ ១.ការធ្វើផែនការចិញ្ចឹម ២.ជ្រើសរើសទីតាំង និងការធ្វើទ្រុង ៣.ការជ្រើសរើសពូជមាន់ ៤.ការធ្វើអនាម័យថែទាំ ៥.ការធ្វើវ៉ាក់សាំងការពារ និង ៦.ការផលិតចំណី ៧.ការវិភាគទីផ្សារ និងទុនកម្ចីវិនិយោគ។ ក្រោយពីការពន្យល់តាមទ្រឹស្តី កសិករនាំមុខ និងមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានដឹកនាំអនុវត្តជាក់ស្តែង ទៅលើការលាយចំណី និងការធ្វើវ៉ាក់សាំង ដែលធ្វើបង្ហាញដោយកសិករនាំមុខ និងអនុវត្តដោយសមាជិកផ្ទាល់។







៣).ខេត្តបាត់ដំបង៖ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ ជូនដល់សមាជិកសហគមន៍កសិកម្មសង្ហាផល នៅឃុំខ្នាចរមាស ស្រុកបវេល និងសហគមន៍កសិកម្មសំរោងសិរីមង្គល នៅឃុំតាម៉ឺន ស្រុកថ្មគោល ដែលមានអ្នកចូលរួមសរុប ៥៤ នាក់ ក្នុងនោះមានស្រ្តី ៣៧ នាក់ ដោយផ្តោតសំខាន់អំពី៖ ១.វិភាគបញ្ហាប្រឈមលើបច្ចេកទេសដាំដុះបន្លែ និងក្រោយពេលប្រមូលផល ២.បង្ហាត់ បង្ហាញដំណោះស្រាយបច្ចេកទេសដាំដុះ និង ក្រោយពេលប្រមូលផល ៣.ចុះពិនិត្យទិតាំងដាំដុះបន្លែដាក់ស្តែង (ជំងឺស្លឹក និងសត្វល្អិតចង្រៃផ្សេងៗ) និង ៤.ឆ្លុះបញ្ចាំង/ពិភាក្សារកវិធានការដោះស្រាយ និងទប់ស្កាត់។













៤).ខេត្តឧត្តរមានជ័យ៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មចំនួន ២ លើក។ លើកទី ១ បានរៀបចំនៅផ្ទះកសិករ ប៉ាល់ លីវ៉ាន់ ជាកសិករនាំមុខក្នុងសហគមន៍កសិកម្មមាន់ស្រែឃុំត្រពាំងតាវ នៅភូមិទំនប់ និងលើកទី ២ បានរៀបចំនៅផ្ទះកសិករ សៀត ចាន់គីរ ភូមិទ្រាស់ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដែលមានអ្នកចូលរួមសរុបទាំង ២ លើក ៤៥ នាក់ ក្នុងនោះមានស្រ្តី ២០ នាក់។ កម្មវិធីនេះបានផ្តោតទៅលើចំណុចសំខាន់ៗ មួយចំនួនដូចជា៖ ១.ការរៀបចំផែនការចិញ្ចឹម ២.ជ្រើសរើសទីតាំង និងការធ្វើទ្រុង ៣.ការជ្រើសរើសពូជមាន់ ៤.ការធ្វើអនាម័យថែទាំ ៥.ការភ្ញាស់ និងថែទាំកូនមាន់ ៦.ការធ្វើវ៉ាក់សាំងការពារ និងថ្នាំអាសន្នរោគ ៧.ការផលិតចំណី (ផ្សំចំណី) ៨.របៀបប្រើថ្នាំព្យាបាលប្រចាំថ្ងៃចំនួន ៥ មុខរួមមាន៖ ថ្នាំបំបាត់ផ្តាស់សាយ ថ្នាំបំបាត់រាគ ថ្នាំបំពេញជាតិទឹក ថ្នាំវិតាមីន ថ្នាំម្សៅប៉ារាសេតាម៉ុល។
+វិធីសាស្រ្តនៃការចែករំលែកនេះ៖
១-បទបង្ហាញទ្រឹស្តី
២-អនុវត្តជាក់ស្តែង។
ក្រោយបញ្ចប់ការពន្យល់តាមទ្រឹស្តី កសិករនាំមុខ និងមន្ត្រី បានដឹកនាំអនុវត្តជាក់ស្តែងការធ្វើវ៉ាក់សាំង និងការលាយចំណី ធ្វើបង្ហាញដោយកសិករនាំមុខ និងអនុវត្តដោយសមាជិកចូលរួម។ ជាចុងក្រោយលោកអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចូលរួមមតិចំណាប់អារម្មណ៍ និងសង្ខេបលទ្ធផល។










