ការជួបជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មបឹងមាលាជោគជ័យ នៅខេត្តសៀមរាប
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានជួបជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មបឹងមាលាជោគជ័យ នៅភូមិសក្តា ឃុំបឹងមាលា ស្រុកស្វាយ។
លោកប្រធានសហគមន៍កសិកម្ម បានរាយការណ៍ថា ឆ្នាំនេះ សហគមន៍កសិកម្មបានចូលរួមដេញថ្លៃការផ្គត់ផ្គង់អាហារតាមសាលា និងបានដេញឈ្នះចំនួន ៩ សាលា ក្នុងនោះមានឃុំស្វាយលើចំនួន ៤ សាលា និងឃុំបឹងមាលាចំនួន ៥ សាលា។ ថវិកាសម្រាប់ការចូលរួមដេញថ្លៃនេះ បានមកពីប្រាក់ភាគហ៊ុនរបស់សមាជិកដែលមាន ១លាន ៨៤ម៉ឺន រៀល (១៨៤ ហ៊ុន) និងប្រាក់សន្សំរបស់ធនាគារស្រូវចំនួន ២០លាន រៀល។ ចំពោះសមាជិកសហគមន៍កសិកម្មបច្វុប្បន្នមានចំនួន ១៧៥នាក់ ក្នុងនោះមានស្រ្តី ៩៩នាក់។ បន្លែសម្រាប់ផ្គត់ផ្គង់តាមសាលា ភាគច្រើនជារបស់សមាជិកសហគមន៍កសិកម្ម ដោយឡែកចំពោះបន្លែស្លឹកយកពីសហគមន៍កសិកម្មនៅឃុំកន្រ្ទាំង ដែលដាំក្នុងផ្ទះសំណាញ់។ បញ្ហា ដែលសហគមន៍កសិកម្មកំពុងជួបប្រទះ គឺមិនទាន់បានចងក្រងក្រុមផលិតឱ្យបានច្បាស់លាស់ ហើយកសិករភាគច្រើនដាំដំណាំនៅទីវាល ដែលមិនសូវមានសុវត្ថិភាព។ លោកប្រធានសហគមន៍កសិកម្មស្នើសុំបណ្តុះបណ្តាលអំពីការងាររៀបចំឯកសារ បញ្ជីស្នាម និងទីផ្សារ ជូនដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម។ ចំពោះក្រុមផលិត លោកបញ្ជាក់ថា នៅពេលទទួលបានផ្ទះសំណាញ់ពីគម្រោងគជ់ (PEARL Project) ចំនួន ៥ខ្នង លោកនឹងរៀបចំក្រុមផលិតឱ្យបានច្បាស់លាស់។ ក្រៅពីនេះ អង្គការក្រេត (Gret) បានជួយម៉ូតូ ១ គ្រឿង ជូនដល់សហគមន៍កសិកម្ម ដើម្បីជាមធ្យោបាយដឹកបន្លែផ្គត់ផ្គង់តាមសាលា ដោយឡែកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ក៍បានផ្តល់ទីតាំងប្រមូលបន្លែ ដែលមានទំហំ ៦ ម៉ែត្រ X ១២ ម៉ែត្រ សម្រាប់ធ្វើជាទីតាំងសហគមន៍កសិកម្ម ផងដែរ។ ជាទូទៅ កសិករនៅភូមិសក្តា បានដាំបន្លែផ្លែ មានដូចជា៖ ត្រប់ សណ្តែកកួរ ត្រសក់ ម្រះ ត្រឡាច ឃ្លោក និងល្ពៅ។














