February 13, 2026
លេខាធិការដ្ឋានកម្មវិធី បានសម្របសម្រួល និងអមដំណើរក្រុមបេសកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)
នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៦ លេខាធិការដ្ឋានកម្មវិធី ASPIRE-AT ដឹកនាំដោយលោក ស៊ន វិចិត្រ ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម និងជាប្រធានក្រុមគាំទ្រលេខាធិការដ្ឋានកម្មវិធី បានសម្របសម្រួល និងអមដំណើរក្រុមបេសកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) តំណាងសហភាពអឺរ៉ុប (EU) តំណាងអគ្គនាយកដ្ឋានកសិកម្ម (GDA) និងថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងការស្វែងយល់អំពីកិច្ចគាំទ្រនានា និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
ក្រុមបេសកកម្មបានពិភាក្សាជាមួយ៖
១) សហគមន៍កសិកម្មទំនើប ស្រូវអង្ករគុណភាពមោងឫស្សី (SAKMR-MAC) ស្ថិតនៅភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ សហគមន៍កសិកម្ម ផ្តោតលើការផលិតស្រូវ (សែនក្រអូប ផ្ការំដួល ស្រងែស្រាល) ដែលជំហ៊ានដំបូងបាននិងកំពុងធ្វើផលិតកម្មលើផ្ទៃដី ១ ៧៧៧ហិកតា ដោយរំពឹងថានឹងទទួលបានបរិមាណផលសរុបប្រមាណ ៨ ៨៨៥ តោន។ សហគមន៍កសិកម្មទំនើបនេះ បានចុះកិច្ចសន្យាផលិតកម្មជាមួយ ក្រុមហ៊ុន វីរៈ ប៊ុនថាំ (VET)។
២) សហគមន៍កសិកម្ម ពន្លឺថ្មីពេជ្រចិន្តា នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានសមាជិកសរុប ៣៧៥គ្រួសារ ក្នុងនោះសមាជិកផលិតបន្លែមានចំនួន ១៧៤គ្រួសារ ដែលធ្វើផលិតកម្មដំណាំបន្លែចម្រុះក្នុងផ្ទះសំណាញ់សរុបចំនួន ៥១២ខ្នង។ ក្រៅពីផលិតកម្មដំណាំបន្លែ (ស្ពៃក្តោប ផ្កាខាត់ណា ស្ពៃក្រញ៉ាញ់ ខាត់ណាខៀវ ម្ទេសហាវ៉ៃ…) សហគមន៍កសិកម្មនេះមានធ្វើផលិតកម្មដំណាំពោត ដំឡូងមី មៀនប៉ៃលិន និងស្វាយ។ សហគមន៍កសិកម្មទទួលបានការរគាំទ្រពីកម្មវិធី ASPIRE-AT លើផ្នែកបច្ចេកទេស ទីផ្សារ និងបានទទួលឥណទានពីធនាគារ ARDB ដើម្បីពង្រីកផ្ទះសំណាញ់បន្ថែម និងផលិតកម្មជីកំប៉ុស ។


















