កិច្ចប្រជុំជាមួយសហគមន៍កសិកម្មសុភមង្គលភូមិយើង នៅខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានជួបប្រជុំជាមួយសហគមន៍កសិកម្មសុភមង្គលភូមិយើង នៅភូមិព្រែកឫស្សី ឃុំព្រែកឫស្សី ស្រុកល្វាឯម ដែលមានអ្នកចូលរួមសរុប ៧ នាក់។
កិច្ចប្រជុំនេះ ដើម្បីចូលរួមរៀបចំការបិទបញ្ជីប្រចាំឆ្នាំ របស់សហគមន៍កសិកម្ម និងការត្រៀមរៀបចំផែនការអាជីវកម្ម របស់សហគមន៍កសិកម្ម សម្រាប់ឆ្នាំ ២០២៦ ។
លទ្ធផលសម្រេចបាន រួមមាន៖
– ក្រុមការងារបានណែនាំ និងបង្ហាញជូនថ្នាក់ដឹកនាំសហគមន៍កសិកម្ម បន្ថែមនូវទម្រង់របាយការណ៍ សម្រាប់រៀបចំរបាយការណ៍ប្រចាំឆ្នាំ និងឯកសារភ្ជាប់នានា ដើម្បីធ្វើឱ្យរបាយការណ៍មានភាពត្រឹមត្រូវ ពេញលេញ តាមគោលការណ៍ណែនាំ អំពី ការរៀបចំរបាយការណ៍ប្រចាំឆ្នាំ របស់សហគមន៍កសិកម្ម រួមមាន៖ សកម្មភាពនានា ដែលបានអនុវត្តនៅឆ្នាំកន្លងមក រចនាសម្ពន្ធ័គ្រប់គ្រង (តួនាទីថ្នាក់ដឹកនាំ-សមាជិកសហគមន៍កសិកម្ម) សកម្មភាពអប់រំ ពង្រឹងសមត្ថភាព ទ្រព្យសម្បត្តិ មុខរបរ/មុខជំនួញ (ឥណទាន ផ្គត់ផ្គង់ធាតុចូល ទីផ្សារ និងសេវាកម្ម) របាយការណ៍ហិរញ្ញវត្ថុ (ចំណេញ-ខាត) ការបែងចែកភាគលាភ សមតុល្យ និងរបាយការណ៍ត្រួតពិនិត្យវាយតម្លៃប្រចាំឆ្នាំ
– ក្រុមការងារបានជម្រាបជូនបន្ថែម អំពី តួនាទីថ្នាក់ដឹកនាំ រវាងក្រុមប្រឹក្សាភិបាល និងគណៈត្រួតពិនិត្យសហគមន៍កសិកម្ម ដើម្បីឱ្យកាន់តែយល់ច្បាស់ស្របតាមលក្ខខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សហគមន៍កសិកម្ម
– អង្គប្រជុំបានកំណត់កាលបរិច្ឆេទ នៅសប្ដាហ៍ទី ៣ ខែកុម្ភៈ ឆ្នាំ២០២៦ សម្រាប់រៀបចំធ្វើមហាសន្និបាតប្រចាំឆ្នាំ របស់សហគមន៍កសិកម្ម
– ក្រុមការងារបានណែនាំ អំពី ទម្រង់នៃការរៀបចំផែនការអាជីវកម្ម សម្រាប់សហគមន៍កសិកម្ម រួមទាំងទិន្នន័យចាំបាច់ ក្នុងការរៀបចំ (របាយកាណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ សមតុល្យសាច់ប្រាក់ ទីផ្សារចម្បង បរិមាណផលដែលអាចផលិតបាន…) និងឯកសារយោងនានា ដើម្បីប្រាកដថា សហគមន៍កសិកម្មអាចអនុវត្តផែនការប្រកបដោយជោគជ័យ
– ក្រុមការងារបានបង្ហាញតារាងកត់ត្រា និងតាមដានការប្រមូលកសិផល ក្នុងសហគមន៍កសិកម្ម អ្នកប្រមូលទិញ និងទិន្នផលដែលផលិតបាន ជាប្រចាំខែ ត្រីមាស និងឆ្នាំ ទុកសម្រាប់ការបំពេញទិន្នន័យក្នុងប្រព័ន្ធ MIS នៃកម្មវិធី ASPIRE-AT ។
ក្រោយចប់កិច្ចប្រជុំ ក្រុមការងារបានទៅពិនិត្យការផលិត និងប្រមូលផលបន្លែ របស់សមាជិកសហគមន៍កសិកម្ម និងប្រមូលទិន្នន័យគ្រួសារកសិករ ដែលមានឱកាសការងារជាមួយសហគមន៍កសិកម្ម និងសហគ្រាសកសិកម្ម ក្នុងមូលដ្ឋានឃុំព្រែកឫស្សី ផងដែរ។











