កសិករនាំមុខ យឹម សម្ផស្ស និងជាសមាជិកសហគមន៍កសិកម្មគរអភិវឌ្ឍន៍ ផលិតកម្មមាន់ស្រែ នៅខេត្តស្វាយរៀង
កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖
——————-
កសិករនាំមុខ យឹម សម្ផស្ស និងជាសមាជិកសហគមន៍កសិកម្មគរអភិវឌ្ឍន៍ ផលិតកម្មមាន់ស្រែ នៅភូមិគរ ឃុំចន្រ្តី ស្រុករមាសហែក។
ក្នុងសហគមន៍កសិកម្មនេះ មានគ្រួសារកសិករចំនួន ៥ គ្រួសារ ដែលបានទទួលប្រាក់កម្ចីពីធនាគារ ARDB ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT ដើម្បីពង្រីកទំហំផលិតកម្មមាន់ស្រែ ក្នុងនោះក៏មាន លោក យឹម សម្ផស្ស ផងដែរ។ គ្រួសារកសិករទាំង ៥ គ្រួសារនេះ មាន ២ គ្រួសារ បានធ្វើទ្រង់មាន់ និងបានចាប់ផ្តើមចិញ្ចឹមមាន់ ១ គ្រួសារកំពុងសាងសង់ទ្រង់មាន់ និង ២ គ្រួសារទៀត មិនទាន់បានចាប់ផ្តើមសាងសង់ទ្រង់មាន់នៅឡើយ។
ដោយឡែក លោក យឹម សម្ផស្ស បានសង់ទ្រង់មាន់យ៉ាងល្អ តាមបច្ចេកទេស ដោយចាប់ផ្តើមចិញ្ចឹមមាន់សម្រាប់យកពងទៅភ្ញាស់លក់ជូនសមាជិក តាមរបៀបនៃការបង្កាត់ពូជសិប្បនិមិត ដែលមានមេពូជចំនួន ៣០ ក្បាល។ បច្ចុប្បន្ន លោកបាន និងកំពុងភ្ញាស់លក់ជូនសមាជិកជាបណ្តើៗ។ ជាមួយនេះដែរ ក្រុមការងារបានណែនាំឱ្យសមាជិកដែលទទួលបានប្រាក់កម្ចីពីធនាគារ ARDB ត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ឱ្យចំគោលដៅ មានប្រសិទ្ធភាព និងនិរន្តរភាព។ កសិករនីមួយៗ ត្រូវកត់ត្រាអំពីផលិតកម្មមាន់ប្រចាំខែ ដើម្បីផ្ទៀងផ្ទាត់ពីចំណេញ-ខាត នៃការចិញ្ចឹមមាន់ក្នុង ១ វគ្គៗ។








